រថយន្ត Plug-in-hybrid Sedan ម៉ូដែលថ្មី BYD Seal 06 DM-i Wagon ត្រូវបានគេប្រទះឃើញបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន MIIT របស់ប្រទេសចិន នៅមុនការបង្ហាញខ្លួនផ្លូវការណ៍មកដល់។ Seal 06 DM-i គឺជារថយន្ត Sedan គ្រួសារដ៏ប្រណិតសាកសមបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ រថយន្ត sedan នេះមានប្រវែងតួរខ្លួន 4.85m បំពាក់ម៉ូទ័រអគ្គិសនីកំលាំង 215 សេះ និងអាចជិះបានចម្ងាយផ្លូវ 83km ដោយប្រថាមពលអគ្គិសនីសុទ្ធ នេះបើតាមការបញ្ជាក់ស្តង់ដារពីស្ថាប័ន CLTC។
BYD Seal 06 DM-i ត្រូវបានក្រុមហ៊ុនចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅថ្ងៃទី 28 ខែឧសភា ឆ្នាំ 2024 ជាមួយតម្លៃខ្ទង់ $13,800។ Seal 06 DM-i គឺជារថយន្តម៉ូដែលទីពីរដំបូងគេរបស់ BYD ដែលគាំទ្រដំណើរការដោយប្រព័ន្ធ Plug-in-hybrid ជំនាន់ទី 5 ហៅថា DM-i 5។ រថយន្ត sedan នេះទទួលបានទីផ្សារជោគជ័យខ្លាំងក្នុងទីផ្សារប្រទេសចិន។ បើគិតចាប់ពីខែឧសភា ឆ្នាំ 2024 ដល់ខែកុម្ភៈឆ្នាំ 2025, BYD Seal 06 DM-i លក់បានចំនួន 220,736 គ្រឿង។ ហើយនៅពេលនេះ BYD បានដាក់ឯកសារស្នើរសុំទៅកាន់ស្ថាប័ន MIIT សម្រាប់ការចេញលក់ Seal 06 DM-i ម៉ូដែលថ្មីហៅថា Station wagon បន្ថែមទៀត។
ចំពោះការរចនារូបរាងខាងក្រៅរបស់ Seal 06 DM-i Wagon នៅរក្សារទម្រង់ដូចគ្នានឹងម៉ូដែលបច្ចុប្បន្នដែល គឺការរចនាបែប Front end ជាមួយនឹងការប្រើប្រាស់នូវប៉ាណាធំនៅខាងក្រោមដើម្បីសម្រួលដល់លំហូរខ្យល់ចូលទៅជួយស្អំម៉ាស៊ីន និងរន្ធលំហូរខ្យល់ជួយស្អំសម្បកកង់ រួមជាមួយការរចនាចង្កៀងបែប Sharp ប្រណិត។
ផ្នែកចំហៀង មានការរចនាដៃទ្វារបែប Flush door handle។ BYD Seal 06 DM-i wagon មានបណ្តោយ 4,850mm/ ទទឹង 1,890mm/ កំពស់ 1,505mm និងគម្លាចម្លោះកង់មុខទៅកង់ក្រោយ 2,790mm ជាមួយការប្រើប្រាស់យ៉ាន់កង់ខ្នាត R17 និង R18។ ផ្នែកខាងមុខមានកម្លាតពីដីមកបាតរថយន្ត 980mm និងខាងក្រោមមានគម្លាត 1,080mm។ Seal 06 DM-i station wagon មានទំងន់សរុប 1,700km ទៅ 1,800km។
ផ្នែកកំលាំងវិញ Seal 06 DM-i station wagon បានបំពាក់នូវម៉ាស៊ីន Hybrid ទំហំ 1.5-liter ជាប្រភេទម៉ាស៊ីន Naturally aspirated petrol មានកំលាំង 99 សេះ និងភ្ជាប់ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយកំលាំង 161 សេះ។ រថយន្ត sedan នេះមានកញ្ចប់អាគុយទំហំ 10.08kWhជាប្រភេទ Blade LFP ដែលផលិតដោយក្រុមហ៊ុន FinDreams ដែលសាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 53km។
ហើយ BYD Seal 06 DM-i wagon មួយម៉ូដែលទៀត ប្រើប្រាស់ម៉ាស៊ីនកំលាំង 215 សេះ និងកញ្ចប់អាគុយកំលាំង 15.874kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយដល់ 83km។ BYD នឹងចេញលក់ Seal 06 DM-i Wagon នៅទីផ្សារខាងប៉ែកអឺរ៉ុបក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិន។ យ៉ាងណាមិញសម្រាប់តម្លៃផ្លូវការណ៍ BYD មិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេនៅពេលនេះ៕