កាលពីខែវិច្ឆិកាឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន realme បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro បំពាក់នូវ បន្ទះឈីប Snapdragon 8 Elite នៅក្នុងទីផ្សារនៃប្រទេសជាច្រើនរួចមកហើយ។ នៅថ្ងៃនេះ មានដំណឹងថា ក្រុមហ៊ុននេះ បានត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀត ដែលមានឈ្មោះហៅថា realme GT 8 Pro នៅក្នុងពេលវេលាដូចគ្នានៅឆ្នាំនេះផងដែរ។ នៅមុនការប្រកាសជាផ្លូវការមកដល់ អ្នកទម្លាយ Smart Pikachu បានចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន realme GT 8 Pro នេះហើយ។
បើមើលនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី realme GT 8 Pro នេះ អាចនឹងមានអេក្រង់រាបស្មើ OLED ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ 2K resolution។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញនោះ ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវសេនស័រស្កែនម្រាមដៃ Ultrasonic ផងដែរ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 និងមានថាមពលថ្មទំហំ 7,000mAh+។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងបំពាក់នូវសិនស័រកាមេរ៉ា Periscope Telephoto ផងដែរ។
គួររំលឹកផងដែរថា បើមើលទៅលើស្មាតហ្វូន realme GT 7 Pro ដែលចេញលក់កន្លងមក គឺមានអេក្រង់ 6.78-អ៊ីង Micro-Quad-Curved Samsung AMOLED មានសមត្ថភាពអាចបង្ហាញចេញនូវកម្រិតភាពច្បាស់ 1.5K resolution ល្បឿន 120Hz refresh rate ហើយនិងមានសិនស័រ Ultrasonic។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite រ៉េម 16GB LPDDR5x RAM និងម៉េមូរីទំហំ 1TB UFS 4.0 storage ហើយនិងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 120W fast charging ថែមទៀតផង។
សម្រាប់ម៉ូដែលលក់នៅក្នុងប្រទេសចិនគឹមានទំហំថ្ម 6,500mAh និងម៉ូដែលសម្រាប់ទីផ្សារសកលគឺមានទំហំថ្ម 5,800mAh។ ស្មាតហ្វូន realme GT 7 Pro នេះ មានកាមេរ៉ាទំហំ 16-Megapixel សម្រាប់ថតរូបភាព Selfies និងវីដេអូខល។ ចំពោះកាមេរ៉ាក្រោយ មានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រជាមួយនឹងមុខងារ OIS គ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens និងទីបីមានទំហំ 50-Megapixel Periscope Telephoto ជាមួយនឹង OIS និង 3x optical zoom ថែមទៀតផង។
ក្រៅពីស្មាតហ្វូន realme GT 8 Pro នេះ ក្រុមហ៊ុន realme ក៏ធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីមួយទៀតនោះគឺ realme GT 7 ដែលនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប Dimensity 9400 Plus ហើយការប្រកាសជាផ្លូវការនៅក្នុងប្រទេសចិន គឺនៅក្នុងខែមេសាខាងមុខនេះហើយ៕