ក្រុមហ៊ុន OPPO កំពុងតែត្រៀមខ្លួនបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួននៅលើទីផ្សារនៃប្រទេសចិននៅខែនេះហើយ។ ប៉ុន្តែនៅមុនការប្រកាសជាផ្លូវការណ៌នោះ មានលេចចេញនូវនូវព័ត៌មានថ្មីៗជាច្រើន ដែលចែករំលែកអំពីលក្ខណៈសម្បត្តិនៃអេក្រង់របស់ថេប្លេត OPPO Pad 4 Pro នេះផងដែរ។ សម្រាប់ម៉ូដែលថ្មីនេះ គឺជាថេប្លេត Flagship ដែលមានសមត្ថភាពប្រើប្រាស់ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុននេះ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏ទើបតែចែករំលែកនូវរូបភាព Poster ថ្មីដែលមានការបង្ហាញនូវលក្ខណៈសម្បត្តិនៃអេក្រង់របស់ថេប្លេត OPPO Pad 4 Pro នេះផងដែរ។
ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 13.2-អ៊ីង មានកម្រិតភាពច្បាស់ 3.4K resolution ហើយនិងមានកម្រិតពន្លឺ 900nits។ ក្រុមហ៊ុន OPPO ក៏សន្យាថា នឹងកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលប៉ះពាល់ភ្នែកនៅក្នុងកម្រិតមួយដែលទាបបំផុត។ គួររំលឹកផងដែរថា ថេប្លេត OPPO Pad 4 Pro នេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនFind X8 Ultra, Find X8s, Find X8s+ និងស្មាតវ៉ច Watch X2 Mini នៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2025 ខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក៏មានការចែករំលែកទៅលើពណ៌ និងទំហំរបស់ថេប្លេតប្រណិតនេះទៀតផង។
ថេប្លេត Flagship របស់ក្រុមហ៊ុន OPPO នេះ គឺមានជម្រើស 3 ពណ៌ គឺពណ៌ Morning Light, Galaxy Silver និង Space Gray។ ថេប្លេតជំនាន់ថ្មី Pad 4 Pro នេះ នឹងមាន 4 ទំហំ រួមមានដូចជា 8GB+256GB, 12GB+256GB, 12GB+512GB និង 16GB+512GB។ បើមើលទៅលើគែមនៃអេក្រង់របស់ថេប្លេតនេះ គឺពិតជាស្តើងមែនទែន នេះបើយោងតាមរូបភាពដែលបង្ហោះនេះ។
សូមជំរាបថា កាលពីដើមខែនេះ ថេប្លេត OPPO Pad 4 Pro ក៏មានការបែកធ្លាយនៅលើ GeekBench Platform ផងដែរ។ ថេប្លេតនេះ ដំណើរការនូវ Android 15 OS ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ចុងក្រោយបំផុតរបស់ Qualcomm និងមានរ៉េមទំហំ 16GB។ ថេប្លេត OPPO Pad 4 Pro នឹងមានថាមពលថ្មទំហំ 12,000mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 80W wired fast charging៕