ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mazda កំពុងធ្វើការពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយពឹងផ្អែកលើក្រុមហ៊ុនដៃគូក្នុងប្រទេសចិនរបស់ខ្លួន។ ក្រោយពីបានដាក់លក់រថយន្តអគ្គិសនី EZ-6 ដែលជារថយន្ត Sedan ប្រណិតទំនើបកាលពីឆ្នាំមុន នៅពេលក្រុមហ៊ុនក៏បានធ្វើការបង្ហាញនូវម៉ូដែល SUV ស្ថិតក្នុងត្រកូល EZ របស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិន។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេស្គាល់ថាជា ម៉ូដែល EZ-60 ដែលជាម៉ូដែលថ្មីស្ថិតក្រោមសហការផលិតជាមួយ Changan ដែលជាក្រុមហ៊ុនផលិតរថយន្តធំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ការបណ្តាក់ទុនរួមគ្នា 50:50 រវាង Mazda និង Changan ត្រូវបានបង្កើតឡើងជាងមួយទសវត្សរ៍មកហើយ ដោយកិច្ចសហការគ្នានេះ បានជួយក្រុមហ៊ុន Mazda ប្រកាសចេញរថយន្តអគ្គិសនីម៉ូដែល CX-6e នៅអឺរ៉ុប។ ដូចគ្នានេះដែរ ចំពោះម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានលក់នៅទីផ្សារក្រៅប្រទេសចិនដូចជា CX-6e ផងដែរ។ Mazda EZ-60 នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយនឹងរថយន្តអគ្គិសនី Tesla Model Y ក៏ដូចជា Deepal S07 ជាដើម។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិលម្អិតរបស់ EZ-60 មិនទាន់ត្រូវបានក្រុមហ៊ុនទម្លាយចេញនៅឡើយទេ។
Mazda EZ-60 SUV ត្រូវបានគេរំពឹងថា នឹងមានជម្រើសប្រើប្រព័ន្ធ Plug-in-hybrid (PHEV) និងប្រើថាមពលអគ្គិសនីសុទ្ធ (BEV)។ ចំពោះម៉ូដែល PHEV នឹងដំណើរការដោយម៉ាស៊ីនសាំងចំនុះ 1.5-liter។ ផ្នែកខាងក្នុងរបស់ EZ-60 អាចនឹងមានការរៀបចំរចនាមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងម៉ូដែល EZ-6 Sedan ដែរ ដូចជាមានការដំឡើងនៅប្រព័ន្ធអេក្រង់កម្សាន្តទំហំធំនៅកណ្តាល ព្រមជាមួយនឹងប៊ូតុង Physical សម្រាប់បញ្ជាមុខងារសំខាន់ៗមួយចំនួនជាដើម។ Mazda EZ-60 ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show ដែលនឹងរៀបចំធ្វើឡើងនៅចុងខែមេសានេះ។
យោងទៅលើរបាយការណ៍ Mazda បានគម្រោងក្នុងការប្រកាសចេញរថយន្តអគ្គិសនស៊េរីថ្មី 3 ទៅ 4 ម៉ូដែលបន្ថែមទៀតពីកិច្ចសហការរួមគ្នា (JV) ជាមួយ Changan នៅចន្លោះរវាងឆ្នាំ 2028 ដល់ 2030។ ស្ថិតក្នុងគម្រោងការ Zoom-Zoom ក្រុមហ៊ុនជប៉ុននេះ ត្រូវបានគេដឹងថា កំពុងធ្វើការអភិវឌ្ឍន៍នៅប្រព័ន្ធ Platform ថ្មីផ្ទាល់ខ្លួនដើម្បីប្រើក្នុងសង្វាក់ផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ហើយម៉ូដែលដំបូងដែលស្ថិតក្នុងគម្រោងនេះ អាចនឹងបង្ហាញខ្លួនផ្លូវការណ៍នៅក្នុងឆ្នាំ 2027៕