ក្រុមហ៊ុន Ford ប្រចាំទីផ្សារប្រទេសអូស្ត្រាលី បានត្រៀមខ្លួនក្នុងការដាក់បង្ហាញចេញរថយន្ត Pick up ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Ranger Super Duty។ ហើយថ្មីៗនេះរថយន្ត Pick Up របស់អាចមេរិកមួយនេះត្រូវបានបង្ហាញរូបរាងផ្លូវការណ៍ចេញពីរោងចក្រផលិត។ Ford Ranger Super Duty 2026 ត្រូវបានគេដឹងថាជាមួយម៉ូដែលកែប្រែថ្មីចេញពីម៉ូដែល Pick up ដែលលក់ដាច់បំផុតក្នុងប្រទេសអូស្ត្រាលី គឺ Ford F-150។
Ranger Super Duty 2026 ឃើញថាមានការកែប្រែថ្មីមួយចំនួនដូចជាការបំពាក់បំពង់អ៊ែរថ្មី ផ្ទាំងដែកការពារបាតរថយន្ត របាំងដែកខាងក្រោមការពារម៉ាស៊ីន ការរចនាផ្នែកប៉ាណាថ្មីកាន់តែកាចអំណាច និងទាក់ទាញជាមួយនឹងការជាន់ឈ្មោះនៃម៉ាក SUPER DUTY នៅលើដំបូលខាងមុខ ដែលផ្តល់នូវភាពងាយស្រួលក្នុងការចំណាំថាជាម៉ូដែល Ford Ranger Super Duty។ បន្ថែមពីនេះ Ranger Super Duty ក៏មានការបំពាក់នូវកញ្ចក់ចំហៀងមើលក្រោយមានទំហំធំផ្តល់នូវភាពងាយស្រួលក្នុងការពារមើលរាល់ឧបសគ្គបានយ៉ាងច្បាស់។ រថយន្ត Pick up ជំនាន់ថ្មីឆ្នាំ 2026 នេះ មានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 4,500kg អូសបានទំងន់ធ្ងន់ជាងម៉ូដែល Ranger ឬ Raptor ដែលអាចអូសបាន 3,500kg។
ជាងនេះទៅទៀត Ford Ranger Super Duty 2026 ក៏មានការកែប្រែនូវប្រព័ន្ធគ្រឿងក្រោមថ្មីកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាមួយប្រព័ន្ធ suspension, ប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធការពារ underbody protection ជាដើម។ Ranger Super Duty ថ្មីឆ្នាំ 2026 មានកំពស់ខ្ពស់ជាង Ford Raptor ប៉ុន្តែ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ។ Ford Ranger មានកំពស់ 1,926mm និងប្រវែង 5,380mm។ Ford Ragner Super Duty 2026 ប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch ជាមួយការបំពាក់នូវសម្បកកង់ប្រភេទ all-terrain tires ទំហំ 33-inch។ Ranger Super Duty មានធុងប្រេងធំដែលអាចផ្ទុកចំណុះបានដល់ 130 លីត្រ ហើយចាក់ប្រេងពេញម្តងអាចបើកបានចម្ងាយផ្លូវជាង 1,000km។
សម្រាប់លក្ខណៈលម្អិតនៃប្រព័ន្ធ Powertrain របស់ Ranger Super Duty 2026 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ គ្រាន់តែដឹងថារថយន្ត Pick Up មហាកំលាំងថ្មីរបស់ Ford គឺប្រើម៉ាស៊ីនម៉ាស៊ីត 3.0-litre turbo-diesel V6 ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ រួមជាមួយប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរដូចគ្នានឹងម៉ូដែល Ranger ដែរ ក្នុងនោះរួមមានប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិនៅពេលមានឧបសគ្គបន្ទាន់ autonomous emergency braking (AEB), ប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ adaptive cruise control, ប្រព័ន្ធមើលឧបសគ្គជុំវិញរថយន្ត surround-view monitor និងប្រព័ន្ធផ្តល់សញ្ញានៅពេលមានឧបសគ្គមកពីខាងក្រោយ blind-spot detection ជាដើម។
Ford Ranger Super Duty 2026 ផ្តល់ជូននៅជម្រើសតួរខ្លួនចំនួនបីជម្រើសផ្សេងគ្នា គឺ single-, extra- និង double-cab។ ហើយរថយន្ត Pick Up មហាស៊េរីថ្មីរបស់ Ford មួយនេះ នឹងចេញដាក់លក់នៅទីផ្សារប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2026 ខណៈតម្លៃផ្លូវការណ៍ Ford មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕