ក្រុមហ៊ុន BYD បានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ minivan ម៉ូដែល BYD Xia។ រថយន្ត minivan ឬ MPV ស៊េរីថ្មីនេះមានប្រវែងបណ្តោយ 5.1 ម៉ែត្រ និងបំពាក់នូវប្រព័ន្ធដំណើរការជំនាន់ចុងក្រោយរបស់ BYD គឺ DM5.0 Plug-in-hybrid system។ BYD Xia នឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំនេះជាមួយតម្លៃចាប់ពីខ្ទង់ $42,300 ឡើងទៅនៅទីផ្សារប្រទេសចិន។
កាលពីពេលកន្លងមក BYD Xia ត្រូវបានព័ត៌មានចចាមអារាមហៅថា BYD Tang Max ឬ Zhou ប៉ុន្តែ នៅពេលនេះ BYD បានសម្រេចប្រើឈ្មោះសម្រាប់រថយន្ត MPV ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការណ៍ថា Xia វិញ។ BYD Xia MPV មានការឌីស្សាញចង្កៀងខាងមុខដូចភ្នែកសត្វនាគរាជ ឬ Dragon Face Design ដែលមើលទៅពិតជាមានអំនាចជាមួយនឹងផ្នែកប៉ាណាធំ។
រថយន្ត MPV ស៊េរីថ្មីនេះ មានបណ្តោយប្រវែង 5,145mm/ ទទឹង 1,970mm/ កម្ពស់ 1,805mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 3,045mm។ BYD Xia មានប្រវែងខ្លីជាង 105mm, ទទឹងខ្លីជាង 10mm និងកម្ពស់ទាបជាង 115mm ធៀបនឹងម៉ូដែល Denza D9។
BYD Xia MPV មានកៅអីចំនួន 7 រៀបជា 2+2+3 ដែលមានផ្នែកចន្លោះកណ្តាលកៅអីមានការរចនាដូចគ្នានឹងម៉ូដែល Qin L ដែលជារថយន្ត Sedan និង Song L DM-i ដែលជារថយន្ត Crossover ដែរ។ ហើយនៅកណ្តាល Dashboard មានបំពាក់នៅអេក្រង់កម្សាន្តទំហំធំ និងមានដៃចង្កូតរចនាជារៀងអក្សរ D ឬ D-Shaped Steering wheel។ BYD Xia MPV នឹងបំពាក់នូវប្រព័ន្ធ DiPilot ADAS និង DiLink 150 cockpit system រួមជាមួយប្រព័ន្ធ suspension ប្រើប្រាស់នូវ DiSus-C electromagnetic system ដូចគ្នានឹងម៉ូដែល BYD Tang និង Han ដែរ។
BYD Xia MPV បំពាក់នូវប្រព័ន្ធ 5-gen DM hybrid ដែលគាំទ្រដំណើរការដោយប្រព័ន្ធម៉ាស៊ីន1.5-liter turbocharged ស៊េរី BYD472ZQB ដែលអាចផលិតកំលាំងបាន 115kW ឬ 154 សេះ ហើយប្រព័ន្ធម៉ាស៊ីននេះ គាំទ្រដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 200kW ឬ 268 សេះ។
រថយន្ត MPV ស៊េរីថ្មីរបស់ BYD មួយនេះ នឹងមានជម្រើសម៉ូដែលដំណើរការដោយប្រព័ន្ធ 4WD ឬ Four-wheel-drive system។ សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ BYD Xia ប្រើប្រាស់កញ្ចប់អាគុយប្រភេទ LFP Blade battery on board ដែលសាកភ្លើងមួយពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 200km។ រថយន្ត minivan ឬ minivan plug-in-hybrid ស៊េរីថ្មីនេះ ក៏នឹងមានលក់នៅទីផ្សារឯនាយសមុទ្ទផងដែរ បន្ទាប់ពីការចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆ្នាំនេះ៕