Huawei Mate XT Ultimate Design ដែលជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ត្រូវបានគេរាយការណ៌ថា ក្រុមហ៊ុននេះ នឹងមានការឌីស្សាញខ្នងក្រោយពីស្បែកដែលមានគុណភាពខ្ពស់ និងមានប្រណិតជាទីបំផុត។ ជាមួយនិងរចនាបន្ថែមមកជាមួយនូវស្បែកនៅលើខ្នងខាងក្រោយនេះ គឺបានធ្វើអោយស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ កាន់តែមានរូបរាងល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់ ហើយថែមទាំងមានភាពងាយស្រួលនៅក្នុងការកាន់នៅក្នុងដៃប្រកបដោយអារម្មណ៍ផាសុកភាពទៀតផង។
តោងតាមការទម្លាយចេញពីគណនីមួយដែលមានឈ្មោះថា @UncleKanshan ដែលបានបង្ហោះនៅលើ Weibo នោះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT tri-fold នេះ នឹងមានស្បែកនៅខាងក្រោយ ហើយនិងមានការបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់ ដែលមានកាមេរ៉ាគោលនឹងមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 13MP ultrawide angle ហើយនិងទីបីជាកាមេរ៉ា periscope sensor ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីទំហំនៅឡើយទេ។
ប្រភពខាងលើនេះបន្តថា សម្រាប់ការប្រើប្រាស់នូវស្បែកប្រភេទ Genuine Leather នេះ គឺមានសំដៅទៅលើស្បែកបែបធម្មជាតិ មានភាពរឹងមាំនៅក្នុងការប្រើប្រាស់ ហើយនិងមានភាពធន់ប្រើប្រាស់បានយូរ។ បន្ថែមពីនេះទៀតនោះ ការប្រើប្រាស់ស្បែកនេះ ក៏បង្ហាញពីអារម្មណ៍ងាយស្រួលនៅក្នុងការកាន់ក្នុងដៃដោយមិនងាយរបូតចេញពីដៃនោះទេ។ ជាមួយនឹងការប្រើប្រាស់នូវស្បែកនៅខាងក្រោយនេះ ក៏អាចការពារស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ មិនអោយមានការបាក់បែកខាងក្រៅផងដែរ។
នៅក្នុងនាមជាស្មាតហ្វូនបត់បាន 3 បត់ នៅមុនគេនៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវស្បែកដ៏ប្រណិតនេះនៅលើស្មាតហ្វូន Mate XT។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏នឹងមានការផ្តោតទៅលើការប្រើប្រាស់នូវអ្វីដែលថ្មី និងរឹងមាំប្រសើរជាងមុនផងដែរ ដើម្បីធ្វើយ៉ាងណាផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលមានស្មាតហ្វូនបត់បាន 3 បត់នេះ។ ស្មាតហ្វូន Huawei Mate XT Ultimate Design tri-fold នឹងមានបន្ទះឈីប Kirin 5G, AI tools និងកម្មវិធី software version ដ៏ល្អបំផុត។ ក្រុមហ៊ុន Huawei មិនទាន់បានលម្អិតអំពីស្មាតហ្វូននេះទេ៕