ក្រុមហ៊ុន Redmi ត្រូវបានគេរាយការណ៍ថា បានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Redmi Note 14 Series សម្រាប់ទីផ្សារនៅក្នុងប្រទេសចិនថែមទៀតហើយស្មាតហ្វូនជំនាន់ថ្មី Note 14 ក៏ទទួលបាននូវវិញ្ញាបនបត្រ 3C ផងដែរ ដូចនេះ ស្មាតហ្វូន Note 14 series នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែកញ្ញានេះ។ សូមជំរាបថា ឆ្នាំមុននេះ ក្រុមហ៊ុន Redmi ទើបតែប្រកាសចេញនូវស្មាតហ្វូន Redmi Note 13 Series នៅក្នុងខែកញ្ញាដូចគ្នានេះផងដែរ ។
លោក Wang Teng Thomas ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Redmi ក៏កំពុងតែតេស្តទៅលើស្មាតហ្វូនត្រកូល Note-series ជំនាន់ថ្មីនេះផងដែរ។ បើតាមការបង្ហោះនៅលើ Weibo របស់លោក Thomas បានបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Redmi Note ថ្មីនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP68។ បើមើលទៅលើស្មាតហ្វូន Redmi Note 13 Pro+ ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ក៏មាន IP68 ប៉ុន្តែសម្រាប់ម៉ូដែល Note 13 Pro និង Note 13 គឺមានកម្រិត IP54 ប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មី Note 14 Pro+ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា IP68 ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថា Note 14 Pro នឹងមាន IP ដូចគ្នាឬយ៉ាងណា។
យោងតាមការទម្លាយនៅលើបណ្តាញ Weibo របស់លោក Thomas បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Note ថ្មីនេះ នឹងមានការពង្រឹងទៅលើភាពធន់ និងការប្រើប្រាស់ថាមពលថ្ម។ បើមើលទៅលើស្មាតហ្វូន Note 13 Pro នេះគឺមានថាមពលថ្មទំហំ 5,100mAh ជាមួយនឹងការទ្រទ្រង់នូវកម្លាំងសាក 67W charging ខណៈពេលដែលស្មាតហ្វូន Redmi 13 Pro+ មានថាមពលថ្មទំហំ 5,000mAh និងមានការគាំទ្រនូវបច្ចេកវិទ្យាសាកថ្មលឿន 120W charging។ ដូច្នេះផ្អែកលើការទម្លាយខាងលើនេះ មានការបញ្ជាក់ថា ទំហំថាមពលថ្មនៅលើស្មាតហ្វូ Note 14 Pro និង Note 14 Pro+ នេះអាចនឹងធំជាងមុន ។
នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Note 14 Pro និង Note 14 Pro+ នឹងមានអេក្រង់ OLED ឌីស្សាញជាមួយនឹងគែមកោង និងសមត្ថភាពអាចបង្ហាញបានកម្រិត 1.5K ល្បឿន 120Hz។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាខាងក្រោយ 50-Megapixel ចំនួន 3 គ្រាប់។ ខណៈពេលដែលម៉ូដែល Note 14 Pro គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 7s Gen 3 ខណៈពេលដែលម៉ូដែល Note 14 Pro+ ដំណើរនៅលើបន្ទះឈីប Dimensity 7350 SoC។ ស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនទាំងនេះ នឹងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំងសាក 90W rapid charging ផងដែរ៕