ក្រុមហ៊ុន Oppo ត្រូវបានគេរាយការណ៍ថា នឹងមានការបង្ហាញវត្តមានផ្លូវការណ៍ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Find X8 Series នៅខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន។ គ្រួសារ Oppo Find X8 Series ត្រូវបានគេដឹងថា នឹងមានសមាជិកបីម៉ូដែលរួមមាន Find X8, Find X8 Pro និង Find X8 Ultra។ ដោយក្នុងនោះម៉ូដែល Find X8 និង Find X8 Pro នឹងបង្ហាញវត្តមាននៅខែតុលាឆ្នាំនេះ ខណៈម៉ូដែល Find X8 Ultra នឹងបង្ហាញវត្តមាននៅខែមករាឆ្នាំ 2025។
បើតាមការបង្ហាញនៅលើគណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិនឈ្មោះថា Digital Chat Station បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីទាំងបីម៉ូដែលរបស់ OPPO នេះ គឺគាំទ្របច្ចេកវិទ្យាតភ្ជាប់ប្រព័ន្ធបណ្តាញផ្កាយរណប Satellite Communication Edition ដើម្បីអាចធ្វើការប្រកូតប្រជែងជាមួយស្មាតហ្វូនក្រុមហ៊ុនរួមស្រុកបាន។
ប្រភពដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា Find X8, Find X8 Pro និង Find X8 Ultra គឺមានលេខកូដសំគាល់ម៉ូដែល PKB110, PKC110, និង PKC130។ សម្រាប់ម៉ូដែល Find X8 (PKB110) បានឆ្លងកាត់ការត្រួតពិនិត្យគុណភាពពីស្ថាប័នសំខាន់ៗចំនួនពីរក្នុងប្រទេសចិនរួចហើយ គឺ MIIT និង 3C ព្រមជាមួយការបញ្ជាក់ថា ស្មាតហ្វូននេះគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Fast Charging។
ប្រភពពី DCS ក៏បានបង្ហើបទៀងថា OPPO Find X8 គឺនឹងមានអេក្រង់រាបស្មើរ Flat-Screen ជាមួយការបំពាក់បន្ទះឈីប MediaTek Dimensity 9400, មានថ្មទំហំធំដល់ 5,600mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមខ្សែកំលាំង 80W។
ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាក្រោយទំហំ 50MP ចំនួន 3 គ្រាប់ ដោយរួមមានសែនស័រ Periscope telephoto កម្រិត 3x Optical-zoom និងប្រព័ន្ធការពារទឹក និងធូលីកម្រិត IP69 ថែមទៀតផង។ ចំពោះម៉ូដែល Find X8 Pro វិញបានទទួលវិញ្ញាណបនប័ត្របញ្ជាក់ពីស្ថាប័ន MIIT រួចហើយ ប៉ុន្តែ មិនទាន់ទទួលពីស្ថាប័ន 3C នោះទេ។
ភ្ជាប់ជាមួយព័ត៌មាននេះ ក៏មានរបាយការណ៍មួយដែលបាននិយាយពីស្មាតហ្វូនកម្រិតថវិកាស៊េរីមួយមួយទៀត គឺស្ថិតក្នុងត្រកូល Oppo K-Series អាចជា Oppo K13 Series ដែលមានលេខ PKS110 ប៉ុន្តែ មិនបានបញ្ជាក់កាលបរិច្ឆេទក្នុងការប្រកាសចេញនៅឡើយទេ។ ប្រភពពី DCS បានឲ្យដឹងថា Oppo PKS110 នឹងមានបំពាក់នូវថ្មទំហំ 6,220mAh ឬអាចដល់ 6,500mAh ហើយស្មាតហ្វូនស៊េរីថ្មីនេះអាចនឹងប្រកាសចេញនៅក្នុងទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះផងដែរ៕