កាលពីអំឡុងខែមេសា ក្រុមហ៊ុន Tecno បានធ្វើការប្រកាសចេញស្មាតហ្វូន Pova 6 Neo ម៉ូដែល 4G ដែលមានបំពាក់នូវថ្មទំហំធំ ហើយនៅពេលនេះ Tecno ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀតដែលគាំទ្រប្រព័ន្ធសេវា 5G។ Tecno Pova 6 Neo 5G បំពាក់នូវបន្ទះឈីប 5G MediaTek Dimensity 6300 ភ្ជាប់ដោយរ៉េមទំហំ 6GB និង 8GB ជាមួយទំហំម៉េមូរី 128GB ដល់ 256GB ជាប្រភេទ UFS2.2។
ជាមួយគ្នានេះ Pova 6 Neo 5G ក៏មានមុខងារបង្កើនទំហំរ៉េម Virtual-RAM ឡើងដល់ 16GB ថែមទៀតផង។ បន្ថែមពីនេះនៅលើម៉ូដែល 5G ថ្មីនេះ ក៏មានកន្លែងបន្ថែម microSD ផងដែរ ដោយនៅលើម៉ូដែល 4G មិនមាននោះទេ។ សម្រាប់ប្រព័ន្ធកាមេរ៉ាថតរូបវិញ Tecno Pova 6 Neo 5G មានកាមេរ៉ាក្រោយទំហំ 108MP ប៉ុន្តែ ក្រុមហ៊ុនមិនបានបញ្ជាក់ថាជាសែនស័រស៊េរីអ្វីនោះទេ គ្រាន់តែបញ្ជាក់ថាមានសមត្ថភាពអាចធ្វើការពង្រីកប្លង់ថតបាន 3x។
ដោយឡែកសម្រាប់ទំហំអេក្រង់វិញម៉ូដែល 5G គឺមានទំហំតូចជាងអេក្រង់របស់ម៉ូដែល 4G ដោយវាមានទំហំ 6.67-inch ជាប្រភេទអេក្រង់ IPS LCD ល្បឿន 120Hz គាំទ្រកម្រិតបង្ហាញ HD+។ សម្រាប់ទំហំថ្មវិញ គឺកាត់បន្ថយពី 7,000mAh និងកំលាំងសាកភ្លើងល្បឿនលឿន 33W នៅលើម៉ូដែល 4G មកនៅត្រឹម 5,000mAh ជាមួយកំលាំងសាកភ្លើង 18W សម្រាប់ម៉ូដែល 5G ថ្មីនេះ។
Tecno Pova 6 Neo 5G គឺមានបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP54 ហើយស្មាតហ្វូនស៊េរីថ្មីនេះ ក៏មានប្រព័ន្ធ Speaker ចំនួនពីរគ្រាប់ផងដែរ។ ចំនុចដែលពិសេសបំផុតសម្រាប់ Pova 6 Neo 5G គឺការបំពាក់នូវបច្ចេកវិទ្យា AI BFF ដែលជាជំនួយការក្នុងការប្រើប្រាស់ផ្សេងៗដូចជាការ លុបរូបមនុស្ស និងវត្ថុចេញពីរូបភាពដែលបានថតជាដើម។
ស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីមួយនេះ នឹងមានចេញលក់នៅទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 14 ខែកញ្ញា ស្អែកនេះតាមរយះបណ្តាញលក់ទំនិញ Amazone និងបណ្តាលហាងចែកចាយបន្តជាច្រើនផ្សេងទៀតក្នុងប្រទេសឥណ្ឌា។ Tecno Pova 6 Neo 5G មានតម្លៃប្រហែល $145 សម្រាប់ម៉ូដែល 6GB+128GB និង $155 សម្រាប់ម៉ូដែល 8GB+256GB។ ស្មាតហ្វូននេះមានជម្រើសពណ៌ខ្មៅ Midnight black, ពណ៌ផ្ទៃមេឃ Azure sky និងពណ៌ស Aurora cloud៕