ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះរបស់ប្រទេសបារាំង Peugeot បានធ្វើការពង្រីកស្រឡាយផលិតផលរថយន្តអគ្គិសនីរបស់ខ្លួនជាមួយការប្រកាសចេញនូវរថយន្តអគ្គិសនីស៊េរីថ្មីចុងក្រោយចំនួនពីរម៉ូដែល គឺ Peugeot e-3008 និង e-5008 ដែលជាម៉ូដែល Long Range EV។ រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនេះបំពាក់កញ្ចប់អាគុយអគ្គិសនីធំដែលអាចកាន់ក្នុងការបើកបរបានចម្ងាយផ្លូវ 700km និង 668km ដែលធ្វើឲ្យរថយន្តអគ្គិសនីម៉ូដែលថ្មីទាំងពីរនេះ ក្លាយជារថយន្តអគ្គិសនីដែលបើកបរបានចម្ងាយឆ្ងាយជាងគេរបស់ក្រុមហ៊ុន។
Peugeot e-3008 និង e-5008 នឹងត្រូវបានក្រុមហ៊ុននាំយកទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព៍រណ៌រថយន្ត 2024 Paris Auto Show ដែលនឹងរៀបចំឡើងនាពេលឆាប់ៗនេះ ហើយក៏ជាកន្លែងដែលផ្តល់អោយអ្នកចូលរួមទស្សនាទទួលបាននៅបទពិសោធន៍ថ្មីរបស់ពួកគេជាលើកដំបូងជាមួយរថយន្តអគ្គិសនីស៊េរីថ្មីទាំងពីរនេះផងដែរ។
Peugeot e-3008 និង e-5008 Long Range Model ត្រូវបានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុនក្នុងប្រទេសបារាំង “Made in France”។ ហើយបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានបញ្ជាក់ថា កញ្ចប់អាគុយថ្មីដែលបំពាក់នៅលើ Peugeot e-3008 និង e-5008 គឺមិនត្រឹមតែផ្តល់នូវអនុភាពក្នុងការបើកបរប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយការបំពុលបរិយាកាសបានយ៉ាងល្អប្រសើរថែមទៀតផង។
រថយន្តអគ្គិសនីរបស់បារាំងមួយនេះ បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាម៉ូទ័រអគ្គិសនីថ្មីចុងក្រោយដែលមានកំលាំង 230 សេះ ឬ 170kW ធៀបនឹងម៉ូដែលបច្ចុប្បន្នដែលប្រើម៉ូទ័រអគ្គិសនីកំលាំង 210 សេះ ឬ 157kW ប៉ុណ្ណោះ។ បន្ថែមពីនេះ Peugeot បានបង្ហាញនូវប្រព័ន្ធបន្ថែមថាមពលថ្មថ្មី “battery pre-conditioning system” ដែលជួយសម្រួលពេលវេលាក្នុងការសាកថ្មក្នុងការធ្វើដំណើរឆ្ងាយថែមទៀតផង។
នៅលើម៉ូដែល Peugeot e-3008 Long Range មានបំពាក់នូវថាមពលថ្មទំហំ 96.9kWh និគាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿន DC រហូតដល់ 160kW ដែលផ្តល់នូវអនុភាពក្នុងការសាកបញ្ចូលថាមពលថ្មពី 20% ទៅ 80% ប្រើពេលប្រមាណ 27 នាទីប៉ុណ្ណោះ ឬក៏សាកត្រឹម 10 នាទី អាចកាន់ក្នុងការបើកបរបានចម្ងាយផ្លូវដល់ 150 គីឡូម៉ែត្រ។
ដោយឡែកសម្រាប់ម៉ូដែល Peugeot e-5008 Long Range វិញ ជារថយន្ត SUV ដែលអាចដាក់អ្នកដំណើរបាន 7 នាក់ ហើយអាចបើកបានចម្ងាយផ្លូវ 668km នៅពេលសាកថាមពលអាគុយពេញម្តង។ ម៉ូដែលនេះ គឺជាជម្រើសដ៏ល្អសម្រាប់គ្រួសារដែលមានសមាជិកច្រើន។ ចំពោះបច្ចេកវិទ្យាសាកភ្លើងចូលវិញ គឺដូចគ្នានឹងម៉ូដែល e-3008 ដែរ។ Peugeot e-3008 និង e-5008 Long Range មកជាមួយការធានារយៈពេលប្រើប្រាស់ដល់ទៅ 8 ឆ្នាំ ឬ160,000 គីឡូម៉ែត្រ ស្របតាមកម្មវិធី Peugeot Allure Care។
Peugeot Allure Care ផ្តល់ការធានាទៅលើគ្រឿងបន្លាស់រថយន្តទាំងមូលតែម្តងដែលក្នុងនោះរួមមានការធានាលើម៉ូទ័រអគ្គិសនី ឆ្នាំងសាក ការដឹកជញ្ចូន សមាសធាតុអគ្គិសនី និងគ្រឿងមេកានិកសំខាន់ៗផ្សេងទៀត។ សម្រាប់តម្លៃវិញ ម៉ូដែល Peugeot e-3008 កំលាំង 210 សេះ ដំណើរការដោយប្រព័ន្ធ FWD មានតម្លៃចាប់ពីខ្ទង់ជាង €48,000 (អឺរ៉ូ)ខណៈពេលដែល e-5008 មានតម្លៃចាប់ពីខ្ទង់ €50,160 (អឺរ៉ូ)ឡើងទៅ៕