ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Pickup Truck Plug-in-Hybrid ស៊េរីថ្មីឆ្នាំ 2025 របស់ខ្លួន ម៉ូដែល Ford Ranger PHEV នៅក្នុងព្រឹត្តិការណ៌ IAA Transportation Show 2024 នៅក្នុងប្រទេសអាល្លឺម៉ង់។ រថយន្ត PHEV ឬ Plug-in-Hybrid electric Vehicle ស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញលក់ជាមួយជម្រើសចំនួនបីស៊េរី គឺ Ford Ranger, Ford Wildtrak និង XLT។
រថយន្ត Ford PHEV ឆ្នាំ 2025 ទាំងបីស៊េរីខាងលើនេះ គឺមានភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូតប្រភេទ Turbocharged ទំហំធំ 2.3-liter ហើយនិងមានដំណើរការដោយប្រព័ន្ធ EcoBoost រួមនិងប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ។ Ford Ranger PHEV 2025 មានបំពាក់បន្ថែមនៅប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 75kW និងកញ្ចប់អាគុយអគ្គិសនីប្រភេទ Lithium-ion battery pack ទំហំ 11.8kWh។ ប្រព័ន្ធម៉ាស៊ីន Plug-in-hybrid របស់ Ford Ranger PHEV 2025 អាចផលិតកំលាំងបាន 275 សេះ និងកំលាំងរមូល 509 pound-feet។
កំលាំងរមូលនៃប្រព័ន្ធម៉ាស៊ីន Plug-in-hybrid របស់ Ranger PHEV 2025 គឺខ្លាំងជាងម៉ាស៊ីន Ford Ranger ផ្សេងៗ ព្រមទាំងខ្លាំងជាងម៉ូដែល Ford Raptor ផងដែរ ដោយអាចផលិតកំលាំងបង្វិលជុំបាន 362 lb-ft សម្រាប់ម៉ូដែលលក់នៅទីផ្សារអឺរ៉ុប និង 430 lb-ft សម្រាប់ម៉ូដែលនៅទីផ្សារអាមេរិកថែមទៀតផង។
បើតាមរបាយការណ៍បញ្ជាក់ពីស្ថាប័ន WLTP បានឲ្យដឹងថាកញ្ចប់អាគុយ Lithium-ion ទំហំ 11.8kWh របស់ Ford Ranger PHEV 2025 សាកភ្លើងពេញម្តង គឺអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានប្រមាណជាង 45 គីឡូម៉ែត្រ។ ហើយការសាកភ្លើងចូលវិញ គឺអាចធ្វើទៅបានតាមរយះប្រព័ន្ធសាកភ្លើង 2.3-kW Pro Power Onboard ហើយក្រុមហ៊ុន Ford ក៏ផ្តល់នូវជម្រើសកំលាំងសាកដល់ 6.9-kW ជាមួយប្រព័ន្ធចែកភ្លើងសាក dual 3.45-kW ផងដែរ។
Ford Ranger PHEV ស៊េរីឆ្នាំ 2025 អាចផ្ទុកទំងន់បាន 2,204 ផោន ឬប្រហែល 1,000 គីឡូក្រាម នៅផ្នែកខាងក្រោយ និងអាចអូសសណ្តោងទំងន់បាន 7,716 ផោន ឬប្រហែល 3,500 គីឡូក្រាម។ សម្រាប់ម៉ូដែល Stormtrak គឺមានបំពាក់នូវចង្កៀងគុជពីរគ្រាប់បំពាក់នូអំពូលភ្លើង matrix LED headlights សងខាង ជាមួយអំពូល Daytime running light រចនារចនាអក្សរ C កាច់ចូលក្នុង។
រថយន្ត Pickup truck ស៊េរីថ្មីមួយនេះ មានបំពាក់នូវប្រព័ន្ធកាមេរ៉ា 360-degree និងប្រព័ន្ធបំពងសំឡេងប្រភេទ B&O sound system ចំនួន 10 គ្រាប់។ បន្ថែមពីនេះ រថយន្តស៊េរីថ្មីនេះ ក៏មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរ Pro Trailer Backup Assist system, ជាមួយយ៉ាន់កង់ទំហំ 18-inch រួមនឹងប្រព័ន្ធ fender vents និង rack system ផងដែរ។
សម្រាប់តម្លៃ និងការចេញលក់នៅទីផ្សារសហរដ្ឋអាមេរិក សម្រាប់រថយន្ត Ford Ranger PHEV 2025 ក្រុមហ៊ុន នៅមិនទាន់បានបញ្ជាក់នៅឡើយទេ។ ដោយឡែកសម្រាប់ការដឹកជញ្ជូនលើកដំបូងទៅកាន់អតិថិជននៅទីផ្សារអឺរ៉ុប ត្រូវបានកំណត់ពេលសម្រាប់និទាឃរដូវឆ្នាំ 2025 បន្ទាប់ពីការផលិតចាប់ផ្តើមនៅអាហ្វ្រិកខាងត្បូង៕