សម្រាប់វត្តមានម៉ូដែល S-Series នៅឆ្នាំក្រោយនេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series គឺនឹងក្លាយជាម៉ូដែលប្រណិជំនាន់ចុងក្រោយបំផុតរបស់ Samsung។ យោងតាមរបាយការណ៌ខាងលើនេះបានបន្តថា សម្រាប់ការប្រកាសចេញនូវម៉ូដែលថ្មីនេះ អាចនឹងក្លាយជាការបិទបញ្ចប់នូវរឿងមួយ។ ឆ្នាំក្រោយនេះ ការបង្ហាញវត្តមានម៉ូដែល Galaxy S25 series អាចនឹងក្លាយជាឆ្នាំចុងក្រោយនៃស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S25 ហើយ ដោយស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series អាចនឹងគ្មានវត្តមានម៉ូដែលស្តង់ដារនោះទេ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung តែងតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី S-Series ចំនួន 3 ម៉ូដែល ជារៀងរាល់ឆ្នាំ ដោយមានម៉ួដែលស្តង់ដារ ម៉ូដែល Plus និងម៉ូដែល Ultra។ ស្មាតហ្វូនទាំង 3 នេះ គឺមានទំហំអេក្រង់ខុសគ្នាៗ។ សម្រាប់ការបង្ហាញវត្តមាន Galaxy S24 Series កន្លងមក ម៉ូដែលស្តង់ដារ ត្រូវបានគេមើលឃើញថា មិនមានភាពពេញនិយមដូចម៉ូដែល Galaxy S24+ និង Galaxy S24 Ultra នោះទេ។ ដោយស្មាតហ្វូននេះ គ្រាន់តែជាម៉ូដែលប្រណិតមួយក្នុងចំណោមស្មាតហ្វូនប្រណិតជាច្រើនរបស់ Android ប៉ុណ្ណោះ។ ម៉ូដែលនេះ គឺជាគូរប្រជែងជាមួយស្មាតហ្វូន Apple ម៉ូដែលស្តង់ដារ iPhone 15 ឬ iPhone 16។
បើតាមការទម្លាយចេញពីលោក Ice Universe បានបញ្ជាក់ថា មកដល់ពេលនេះ មានតែក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ប៉ុណ្ណោះដែលមានការប្រកាសចេញនូវស្មាតហ្វូនដែលមានអេក្រង់ទំហំតូច។ ហើយឆ្នាំក្រោយនេះ សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S25 អាចនឹងក្លាយជាម៉ូដែលចុងក្រោយគេរបស់ S-Series ដែលមានវត្តមាននៅលើទីផ្សារ។ ក្រុមហ៊ុន Samsung អាចនឹងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនៅលើ Galaxy S26 series ដោយនឹងមិនបង្ហាញចេញនូវស្មាតហ្វូនម៉ូដែលស្តងដារ Galaxy S26 នោះទេ។