ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបង្ហាញចេញនូវរថយន្ត SUV ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Ford Territory នៅក្នុងទីផ្សារប្រទេសចិនជាមួយការ Update ផ្នែកសំខាន់ៗមួយចំនួនកាន់តែមានប្រណិតភាពជាងមុន។ ដោយផ្នែកខាងមុខរបស់ Territory 2026 មានការរចនាជាមួយអំពូល daytime running light រាងជាងអក្សរ J ផ្កាប់ចុះគ្រប់នៅលើចង្កៀងបំភ្លឺដែលមានការរចនាឡើងយ៉ាងប្រណិត។
បន្ថែមពីនេះវាក៏មានការរចនាជាមួយផ្ទាំងប៉ាណាមុខពណ៌ខ្មៅរលោង black grille panel រួមទាំងមានការបង្កើននៅទំហំផ្ទាំង bumper ធំជាងមុនបន្តិច រួមនឹងការប្រើប្រាស់យ៉ាងកង់ជាប្រភេទ Alloy កាំប្រាំរចនាមានភាពទាក់ទាញ។ នៅផ្នែកខាងក្នុងរបស់ Ford Territory 2026 មានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានរចនាភ្ជាប់គ្នាជាមួយអេក្រង់កម្សាន្តដែលមានទំហំ 12.5-inch ដូចគ្នា។
រថយន្ត Hybrid SUV របស់ Ford មួយនេះនៅមានភ្ជាប់មកជាមួយបច្ចេកវិទ្យាជំនួយការប្រើប្រាស់ឆ្លាតវៃដូចជាមុខងារកាត់បន្ថយសំឡេងរំខាន active voice reduction, ប្រព័ន្ធស្កែនផ្ទៃមុខ ឬចំណាំផ្ទៃមុខ face recognition system និងប្រព័ន្ធសាកភ្លើងទូរស័ព្ទឥតប្រើខ្សែ wireless smartphone charging ផងដែរ។
Ford Territory 2026 គឺជារថយន្តដំបូងក្នុងគ្រួសារ Territory ដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid។ សម្រាប់ប្រព័ន្ធ Hybrid system ដែលដំណើរការនៅលើ Ford Territory 2026 គឺភ្ជាប់ដំណើរការជាមួយម៉ាស៊ីនសាំងចំនុះ 1.5-liter ដែលមាន 4 ស៊ីឡាំងភ្ជាប់ដោយប្រព័ន្ធ Turbo ដែលមានសមត្ថភាពអាចផលិតកំលាំងបានដល់ 160kW។
យ៉ាងណាមិញសម្រាប់ទំហំកញ្ចប់ថាមពលអាគុយ និងរយះចម្ងាយក្នុងការបើកបរដោយប្រើថាមពលអាគុយសុទ្ធនៅមិនទាន់បានទម្លាយចេញនៅឡើយទេ។ ជាមួយគ្នានេះ Ford ក៏ត្រូវបានគេដឹងថា ក៏មានម៉ូដែលដំណើរការដោយម៉ាស៊ីនសុទ្ធសម្រាប់ Territory 2026 ផងដែរ ដែលនឹងមានកំលាំង 125kW និងកំលាំងរមូល 260Nm។
សម្រាប់ការបង្ហាញវត្តមានជាលើកដំបូងនៅក្នុងប្រទេសចិននៃរថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏ត្រូវបានគេរំពឹងថា រថយន្ត SUV ស៊េរីថ្មីមួយនេះ ក៏នឹងមានដាក់លក់ទៅកាន់ទីផ្សារផ្សេងទៀតដូចជា ទីផ្សារប្រទេសហ្វីលីពីន ប្រេស៊ីល និងមជ្ឈិមបូព៌ានៅរយះពេលប៉ុន្មានខែខាងមុខនេះផងដែរ ប៉ុន្តែ Ford ទំនងជាមិនត្រូវបានលក់នៅក្នុងប្រទេសអូស្ត្រាលីនាពេលខាងមុខនោះទេ។ ហើយសម្រាប់តម្លៃរបស់ Ford Territory 2026 មិនទាន់ត្រូវបានបង្ហាញចេញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕