យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung ទំនងជាអាចនឹងមានការប្រកាសចេញនូវស្មាតហ្វូន អេក្រង់បត់ 3 តង់របស់ខ្លួននៅឆ្នាំ 2025 ខាងមុខនេះហើយ នេះបើតាមប្រភពមួយដែលចេញពីប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះគឺបានត្រៀមខ្លួនរួចជាស្រេចហើយជាមួយនិងបច្ចេកវិទ្យាថ្មីនេះ ហើយថែមទាំងបានត្រៀមខ្លួនចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនម៉ូដែលថ្មីនេះហើយ។ មកដល់ពេលនេះ គឺនៅរង់ចាំតែការបញ្ជាក់ផ្នែក MX (Mobile eXperience) ដែលជាអ្នកទទួលខុសត្រូវទៅលើស្មាតហ្វូនអេក្រង់បត់បានប៉ុណ្ណោះ។
យោងតាមការរបាយការណ៌ដូចគ្នានេះ មានការបញ្ជាក់ថា ការបញ្ជាទិញទៅលើអេក្រង់ OLED សម្រាប់ស្មាតហ្វូនបត់បាននៅពេលនេះមានការថយចុះ 10% ផងដែរ នេះគឺដោយសារតែតម្រូវការរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 និង Galaxy Z Flip6 មិនស្របតាមតម្រូវការដែលបានគ្រោងទុក។ ការផ្គត់ផ្គង់របស់ Samsung Display ទៅលើបន្ទះអេក្រង់បត់បាន OLED panels នេះ គឺនឹងមានចំនួនត្រឹមតែ 12 លានប៉ុណ្ណោះសម្រាប់ឆ្នាំ 2024 នេះ ដែលចំនួននេះ គឺមានការធ្លាក់ចុះ 40% ប្រៀបធៀបជាមួយនិងឆ្នាំមុន ក្រុមហ៊ុននេះនាំចេញបាន 20 លានគ្រឿង។
សូមជំរាបថា ចំនួននៃការផ្គត់ផ្គង់អេក្រង់នេះ គឺមិនត្រឹមតែសម្រាប់ស្មាតហ្វូនអេក្រង់បត់បានរបស់ Galaxy នោះទេ ក្នុងនោះ ក៏មានក្រុមហ៊ុនផ្សេងៗទៀតដូចជា ស្មាតហ្វូនអេក្រង់បត់បាន Xiaomi, ស្មាតហ្វូនអេក្រង់បត់បាន vivo និងស្មាតហ្វូនអេក្រង់បត់បានក្រុមហ៊ុន OPPO ផងដែរ។ ប្រភពដដែលនេះបន្តថា ការនាំចេញស្មាតហ្វូន Galaxy Z Fold6 និងGalaxy Z Flip6 ត្រូវបានគេព្យាករណ៌ថា អាចនឹងមានចំនួនប្រហែលជា 8 លានគ្រឿងប៉ុណ្ណោះ ខណៈដែលការនាំចេញម៉ូដែលមុន គឺមានចំនួន 10 លានគ្រឿង។
ការនាំចេញអេក្រង់បត់បានប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការធ្លាក់ចុះជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ។ ជម្រើសថ្មីសម្រាប់ Samsung នៅក្នុងការប្រជែងនៅលើទីផ្សារអេក្រង់បត់បាននៅពេលខាងមុខនេះ គឺមានតែការបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Galaxy Flip ដែលមានតម្លៃទាបប៉ុណ្ណោះ ទើបអាចពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែទូលាយជាងនេះ។