ថ្មីៗនេះ មានលេចលឺព័ត៌មានថារោងចក្រផលិតរថយន្ត Shanghai Gigafactory របស់ក្រុមហ៊ុន Tesla ហៀបនឹងឈានចូលដំណាក់កាលផលិតរថយន្តម៉ូដែលថ្មី ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយនៅថ្ងៃទី 19 ខែតុលា អ្នកសរសេរប្លុកជនជាតិចិនម្នាក់បានចែករំលែកព័ត៌មាននៅលើប្លុករបស់ខ្លួនថា រថយន្ត Tesla Model Y ស៊េរីថ្មីនឹងចាប់ផ្តើមផលិតកម្មនៅក្នុងរោងចករ Shanghai Gigafactory នាថ្ងៃទី 22 ខែតុលា ជាមួយនឹងបរិមាណផលិតប្រមាណ 12 គ្រឿងក្នុងមួយថ្ងៃ ហើយ Tesla បានដាក់បម្រាមដល់បុគ្គលិកមិនឲ្យប្រើប្រាស់ទូរស័ព្ទអំឡុងពេលបម្រើការនៅក្នុងសង្វាក់ផលិតកម្មថែមទៀតផង។
ជាមួយគ្នានេះកាលពីខែកុម្ភៈឆ្នាំ 2024 ក្រុមហ៊ុន Tesla USA បានបង្ហាញនៅក្នុងសារអ៊ីមែលបុគ្គលិកថា Tesla Model Y ជំនាន់ថ្មីនឹងមិនមានវត្តមាននៅទីផ្សារអាមេរិកខាងជើងក្នុងឆ្នាំ 2024 នោះទេ។ ក្រោយមកមេ Tesla គឺមហាសេដ្ឋីប្រាក់ពាន់លានដុល្លារលោក Elon Musk បានបដិសេធម្តងហើយម្តងទៀតនូវពាក្យចចាមអារ៉ាមអំពីការចេញលក់ Tesla Model Y ជំនាន់ថ្មីនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយ X របស់លោក។
យោងតាមរបាយការណ៍ Tesla Model Y ម៉ូដែលថ្មីបាននឹងកំពុងរៀបចំសម្រាប់សង្វាក់ផលិតកម្មជាផ្លូវការណ៍ហើយ។ រថយន្តអគ្គិសនីម៉ូដែលថ្មីរបស់់ Tesla មួយនេះត្រូវបានគេដឹងថានឹងត្រូវបានបំពាក់ដោយកញ្ចប់ថាមពលថ្មទំហំ 95kWh ហើយអាចមានការរចនាផ្នែកខាងមុខស្រដៀងទៅនឹងម៉ូដែល Tesla Model 3 Highland និងការរចនាភ្លើងខាងក្រោយស្រដៀងនឹងម៉ូដែល Tesla Cybertruck។ Tesla Model Y ជំនាន់ថ្មី ក៏អាចនឹងមានការតុបតែងជាមួយជម្រើសពណ៌ក្រហមថ្មីផងដែរ។
Tesla Model Y ជំនាន់ថ្មីទំនងជានឹងមិនមានវត្តមានលក់លើទីផ្សារក្នុងឆ្នាំ 2024 នេះ ប៉ុន្តែរថយន្តអគ្គិសនីម៉ូដែលថ្មីនេះអាចនឹងមានលក់នៅឆ្នាំ 2025។ លើសពីនេះ អ្នកសរសេរប្លុកដែលមានឈ្មោះថា S.E. Robinson, Jr. បានចែករំលែកនៅលើវេទិកា X កាលពីដើមខែកញ្ញាថា លោកបានប្រទះឃើញរថយន្តគំរូរបស់ Tesla Model Y ជំនាន់ថ្មីកំពុងបើកបរសាកល្បងលើដងវិថីក្នុងទីក្រុង Palo Alto រដ្ឋ California សហរដ្ឋអាមេរិក។ Tesla Model Y ជំនាន់ថ្មីត្រូវបានគេដឹងថាបានខិតជិតចូលដល់ការចាប់ផ្តើមផលិតកម្មនៅក្នុងរោងចក្រ Shanghai Gigafactory ក្នុងប្រទេសចិន ទោះបីជាមិនទាន់មានការបញ្ជាក់ផ្លូវការណ៍ពី Tesla ក៏ដោយ។
Shanghai Gigafactory គឺជារោងចក្រនៅក្រៅប្រទេសដំបូងគេរបស់ Tesla ហើយរថយន្តទី 3 លានរបស់ Tesla ក៏បានត្រូវបានផលិតនៅក្នុងខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រនេះកាលពីដើមខែតុលានេះផងដែរ រោងចក្រនេះជាមធ្យមអានសមត្ថភាពផលិតរថយន្តបានមួយគ្រឿងរៀងរាល់ 30 វិនាទី។
រហូតមកដល់ពេលនេះ ទំហំនៃការនាំចេញពីរោងចក្រ Shanghai Gigafactory ក៏ឈានដល់មួយលានគ្រឿងផងដែរ។ បើនិយាយពីល្បឿនផលិតកម្មវិញ រថយន្តចំនួនមួយលានគ្រឿងដំបូងត្រូវប្រើពេល 32 ខែ បន្ទាប់មកការបង្កើនល្បឿនសង្វាក់ផលិតកម្មរថយន្តចំនួន 2 លានទៅ 3 លានគ្រឿងត្រូវចំណាយពេល 13 ខែនេះបើតាមការបញ្ជាក់ពី Tesla។
នៅក្នុងខែកញ្ញា កន្លងទៅ ការលក់រថយន្ត Tesla Model Y គឺបានចំនួន 48,202 គ្រឿងនៅក្នុងប្រទេសចិន កើនឡើង 16.35% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង 6.34% ពីមួយខែទៅមួយខែ។ បើប្រៀបធៀបនឹងខែសីហា ដែលលក់បានត្រឹម 2,872 គ្រឿង ហើយ Model Y បានជាប់ក្នុងចំណាត់ថ្នាក់ទី 1 ក្នុងចំណោមរថយន្តអគ្គិសនីប្រភេទ SUV ដែលលក់ដាច់បំផុតក្នុងទីផ្សារប្រទេសចិន៕