កាលពីថ្ងៃទី 29 ម្សិលមិញនេះ នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូន Xiaomi 15 និង 15 Pro ក្រុមហ៊ុន Xiaomi ក៏បានប្រកាសបើកទទួលការបញ្ជាទិញមុនសម្រាប់កំពូលរថយន្តអគ្គិសនីម៉ូដែល SU7 Ultra របស់ខ្លួនជាផ្លូវការណ៍ផងដែរ ដែលមានតម្លៃខ្ទង់ប្រហែល $114,200 នៅទីផ្សារប្រទេសចិន រីឯការចេញលក់ផ្លូវការណ៍នឹងត្រូវធ្វើឡើងនាខែមិថុនា ឆ្នាំ 2025។
សម្រាប់តម្លៃជាង $114K គឺជាតម្លៃប្រគូតប្រជែងខ្ពស់សម្រាប់រថយន្តប្រភេទ Sportcar ដូចជា Porsche Taycan Turbo GT ដែលមានតម្លៃដល់ទៅ $240K នៅទីផ្សារប្រទេសចិន ប៉ុន្តែ មានអនុភាពកំលាំងទាបជាង Xiaomi SU7 Ultra។ ធនាគារវិនិយោគ Goldman Sachs បានព្យាករណ៍ថា ការលក់ Xiaomi SU7 Ultra នឹងមានចំនួន 4,000 គ្រឿងក្នុងឆ្នាំ 2025។
បន្ថែមពីនេះសម្រាប់ការវាយតម្លៃបច្ចុប្បន្ននេះបញ្ជាក់ថា SU7 Ultra ទទួលបានការបញ្ជាទិញចំនួន 3,680 គ្រឿងក្នុងរយៈពេល 10 នាទីបន្ទាប់ពីការបង្ហាញផ្លូវការណ៍ត្រូវបានបញ្ចប់។
Xiaomi SU7 Ultra គឺជាកំពូលរថយន្តអគ្គិសនី ឬ Super Electric Sedan ដ៏មានអនុភាពមួយរបស់ក្រុមហ៊ុន Xiaomi។ រថយន្តនេះបំពាក់នូប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ដែលអាចផលិតកំលាំងបានដល់ជាង 1,500 សេះ (ប្រហែល 1,548 សេះ) ដែលអាចជាន់សន្ទុះល្បឿនពី 0 ឡើងទៅ 100km/h ប្រើពេលខ្ទង់ 1.97 វិនាទី និងពី 0 ទៅ 200km/h ប្រើពេលខ្ទង់ 5.96 វិនាទី ហើយអាចជាន់ល្បឿនបានលឿនកប់ (Top speed) ដល់ 350km/h។
Xiaomi SU7 Ultra មានប្រវែងបណ្តោយខ្លួន 5,115mm/ ទទឹង 1,970mm/ កំពស់ 1,465mm និងគម្លាតចន្លោះកង់មុខក្រោយ 3,000mm។ សម្រាប់កន្លុយត្រី ឬ Spoiler ដែលបំពាក់នៅលើ Xiaomi SU7 Ultra គឺមានប្រវែង 1,560mm ដែលជារក្សាលំនឹងរថយន្តបានយ៉ាងល្អនៅពេលបើកបរក្នុងល្បឿនលឿនបំផុត។ ជាមួយផ្ទាំងកន្ទុយ Spoiler នេះ គឺជួយសម្រាលទំងន់របស់ SU7 ឲ្យមានទំងន់ស្រាលត្រឹម 285kg តែប៉ុណ្ណោះ។
Xiaomi SU7 Ultra ប្រើប្រាស់សម្បកកង់ទំហំ R27 ម៉ាក Pirelli P Zero 5។ ផ្នែកខាងក្នុងរបស់ SU7 Ultra មានបំពាក់នូវកៅអីបែបរថយន្តប្រណាំងមានពណ៌ខ្មៅហាយលាយពណ៌លឿង សូម្បីខ្សែក្រវ៉ាត់ក៏មានពណ៌លឿងដែរ រីដៃចង្កូតស្រោបដោយស្បែកប្រភេទ Alcantara។ សម្រាប់កៅអី ទ្វារ និងផ្នែកផ្សេងៗទៀតនៅក្នុង SU7 Ultra ក៏ត្រូវបានស្រោបដោយស្បែកប្រភេទ Alcantara ផងដែរ។
ជាងនេះទៅទៀត នៅផ្នែកខាងក្នុងដូចជានៅលើទ្វារ ផ្នែកកណ្តាល និងកញ្ចក់មើលក្រោយត្រូវបានស្រោបដោយសារធាតុកាបោនទាំងអស់។ Xiaomi SU7 Ultra បានបំពាក់បច្ចេកវិទ្យាថ្ម Cell-to-Body ជាមួយបច្ចេកវិទ្យាថ្មQilin 2.0 battery របស់ក្រុមហ៊ុន CATL ទំហំ 93.7kW ដែលអាចផលិតថាមពលបានជាអតិបរិមាដល់ 1,330kW និងជាង 800kW សម្រាប់ថាមពលថ្ម 20%។
កំពូលរថយន្តអគ្គិសនី Supercar EV មួយនេះ គាំទ្រប្រព័ន្ធបច្ចេកវិទ្យា dual-surface cooling system និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 5.2C DC Charging កំលាំង 490kW ដែលសាកបំពេញថាមពលថ្មពី 10% ទៅ 80% ប្រើពេលប្រហែល 11 នាទីប៉ុណ្ណោះ។
សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់ SU7 Ultra វិញជាប្រភេទហ្វ្រាំងឌីសគៀបធំដែលផលិតពីសារធាតុ Carbon ceramic ដោយហ្វ្រាំងខាងមុខមានទំហំ 430 mm x 40 mm និងខាងក្រោយមានទំហំ 410 mm x 32 mm។ ហើយប្រព័ន្ធហ្វ្រាំងឌី Carbon Ceramic brake disc នេះ គឺគាំទ្រកម្តៅអតិបរិមាដល់ជាង 1300°C ដែលផ្តល់នូវសុវត្ថិភាពខ្ពស់ក្នុងការបើកបរក្នុងល្បឿនលឿន ក៏ដូចជាបញ្ឈប់ល្បឿនរថយន្តដោយប្រថេរវេលាខ្លីបំផុតនៅពេលបើកបរក្នុងល្បឿនលឿនបំផុត ដោយមានសមត្ថភាពអាចបញ្ឈប់ល្បឿនរថយន្តក្នុងល្បឿន 100km/h មកនៅត្រឹម 30.8 ម៉ែត្រតែប៉ុណ្ណោះ៕