ក្រុមហ៊ុន Apple ទើបតែឈានដល់កិច្ចព្រមព្រៀងមួយក្នុងការទិញយកក្រុមហ៊ុន Pixelmator ដែលជាក្រុមហ៊ុនផលិតកម្មវិធីកែប្រែរូបភាពដ៏ពេញនិយមជាច្រើនដូចជា Pixelmator Pro, Pixelmator សម្រាប់ iOS និង Photomator ។ ការទិញយកនេះ គឺស្ថិតនៅក្រោមការយល់ព្រមនៃបទបញ្ញត្តិនេះបើតាមការប្រកាសចេញពីក្រុមការងាររបស់ក្រុមហ៊ុន Pixelmator កាលពីថ្ងៃសុក្រនេះ។
សូមជំរាបថា ក្រុមហ៊ុន Pixelmator មានមូលដ្ឋាននៅក្នុងទីក្រុង Vilnius, Lithuania នឹងបានអភិវឌ្ឍទៅលើកម្មវិធី Tools ដ៏ពេញនិយមជាច្រើន ដើម្បីប្រកួតប្រជែងចាមួយនឹងកម្មវិធីរបស់ក្រុមហ៊ុន Adobe ជាមួយនឹងការផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងសមត្ថភាពខ្លាំងក្លាបំផុត។ កម្មវិធី Apps របស់ក្រុមហ៊ុននេះគឺផ្តាច់មុខសម្រាប់ប្រើប្រាស់នៅលើ Apple platforms ដូចជា Mac, iPad និង iPhone ។
នៅក្នុងការប្រកាសនេះ ក្រុមការងាររបស់ Pixelmator បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមក្នុងការចូលរួមជាមួយនឹងក្រុមហ៊ុន Apple ដែលក្រុមហ៊ុននេះមានការជម្រុញចេញពីក្រុមហ៊ុន Apple ចាប់តាំងពីថ្ងៃទី 1 មកម្ល៉េះ ហើយក្រុមហ៊ុនក៏មានគោលដៅក្នុងការបញ្ចេញនូវផលិតផលជាច្រើនដែលផ្តល់នូវការឌីស្សាញស្រស់ស្អាត និងបទពិសោធន៍ដ៏ងាយស្រួលក្នុងការប្រើប្រាស់។ ក្រុមការងារនេះជឿជាក់ថា ការទិញនេះនឹងជួយអោយក្រុមហ៊ុននេះទទួលបាននូវអ្នកប្រើប្រាស់ជំនាញៗជាច្រើននៅជុំវិញពិភពលោកថែមទៀត។
សម្រាប់អ្នកប្រើប្រាស់ Pixelmator ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះ បានអះអាងថា វានឹងមិនមានការផ្លាស់ប្តូរនោះទេទៅលើ Apps ដែលមានស្រាប់នៅក្នុងពេលនេះ ទោះបីជាពួកគេទម្លាយថា វាអាចនឹងមានការអាប់ដេតកាន់តែអស្ចារ្យបន្ថែមទៀត។ សម្រាប់ទឹកប្រាក់ដែលទិញក្រុមហ៊ុននេះមិនទាន់ទម្លាយអោយដឹងនៅឡើយទេ។ កិច្ចព្រមព្រៀងនេះ គឺជាការវិនិយោគចុងក្រោយរបស់ក្រុមហ៊ុន Apple នៅក្នុងការបង្កើតនូវ Tools ប្រកបដោយភាពច្នៃប្រឌិតបំផុតបន្ទាប់ពីកម្មវិធីល្បីៗដូចជា Logic Pro និង Final Cut Pro ៕