ក្រុមហ៊ុន Nubia ទើបតែទម្លាយអំពីការត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Red Magic 10 Pro series របស់ខ្លួន ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូន Series នេះ មាន 2 ម៉ូដែលរួមមានដូចជា Red Magic 10 Pro និង 10 Pro+។ នៅថ្ងៃនេះ មុនការប្រកាសជាផ្លូវការណ៌នោះ ស្មាតហ្វូនជំនាន់ថ្មីមួយនៅក្នុងចំណោមស្មាតហ្វូនទាំងនេះក៏បង្ហាញខ្លួននៅលើប្រព័ន្ធទិន្នន័យ Geekbench database ផងដែរ។
ស្មាតហ្វូនថ្មីនេះ គឺមានលេខកូដ NX789J ដែលនេះ អាចជាស្មាតហ្វូន Red Magic 10 Pro ។ បើមើលទៅលើស្មាតហ្វូន Red Magic 9 Pro ជំនាន់មុននេះ គឺមានលេខកូដ NX769J ។ នៅលើ Geekbench បង្ហាញថា ស្មាតហ្វូនថ្មីនេះ មានពិន្ទុចំនួន 3,167 នៅក្នុងការតេស្ត single-core និងពិន្ទុ 10,081 នៅក្នុងការតេស្ត multi-core។ ស្មាតហ្វូននេះ ដំណើរការនូវបន្ទះឈីប Snapdragon 8 Elite ជាមួយនឹង 2x prime cores ដែលមានល្បឿន 4.32GHz និង 6 cores ដែលមានល្បឿន 3.53GHz ។
នៅក្នុងរបាយការណ៍ជាច្រើនអោយដឹងថា លក្ខណៈពិសេសរបស់ស្មាតហ្វូន Red Magic 10 Pro series នេះ នឹងប្រើប្រាស់នូវអេក្រង់ OLED panel ថ្មីដែលជាកិច្ចសហការជាមួយនឹងក្រុមហ៊ុន BOE ។ ក្រុមហ៊ុន Nubia បន្តអះអាងថា ស្មាតហ្វូន 10 Pro series នេះ នឹងមានបំពាក់នូវ Advanced COP packaging និងបច្ចេកវិទ្យា SIP ultra-narrow bezel technology ដែលធ្វើអោយគែមរបស់ស្មាតហ្វូននេះតូចបំផុត ហើយក៏នឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យជាមួយនឹងកាមេរ៉ាខាងក្រោមអេក្រង់ថែមទៀតផង។
ក្រុមហ៊ុននេះ បានបង្ហើបថា ស្មាតហ្វូននេះ នឹងមានកម្រិតភាពច្បាស់ខ្ពស់បំផុតនៅក្នុងប្រទេសសាស្រ្តនៃអេក្រង់ពេញ បើទោះបីជាក្រុមហ៊ុន Nubia មិនទាន់បានបញ្ជាក់លម្អិតអំពីរឿងនេះនៅឡើយទេ។ ក្រៅពីបន្ទះឈីប Snapdragon 8 Elite នេះ ស្មាតហ្វូននេះនឹងមានបច្ចេកវិទ្យាសាកថ្មលឿន ultra-fast 120W wired charging។ ស្មាតហ្វូន Ultra អាចនឹងមានអេក្រង់ទំហំ 7-inch+ និងថាមពលថ្មទំហំ 7,000mAh ផងដែរ។ បើមើលទៅលើការឌីស្សាញផ្នែកខាងមុខនោះ រូបភាពបែកធ្លាយនៅលើ Weibo បានទម្លាយថា ស្មាតហ្វូន Red Magic 10 Pro series អាចនឹងមានប្រើប្រាស់នូវកាមេរ៉ាដែលលើកខ្ពស់ជាងមុនដើម្បីបង្កើនសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យថែមទៀតផង៕