ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series របស់ខ្លួន ដែលគ្រោងនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2025 ហើយ គឺនៅចន្លោះខែមករានេះ។ ខណៈពេលដែលស្មាតហ្វូន Galaxy S25 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ពេលនេះមានការទម្លាយថា ស្មាតហ្វូន Galaxy S25 និង Galaxy S25+ អាចនឹងប្រើប្រាស់នូវបន្ទះឈីបផ្សេងហើយ។ បើតាមយុទ្ធសាស្ត្រចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung សម្រាប់ស្មាតហ្វូនដែលមិនមែនជាប្រភេទ Ultra អាចនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400 ឬ Exynos 2500 របស់ក្រុមហ៊ុន Samsung ។
យោងតាមការបញ្ជាក់នៅក្នុងការអាប់ដេតចុងក្រោយបំផុតចេញពី Benchmarking platform Geekbench នេះ ស្មាតហ្វូន Samsung Galaxy S25+ អាចនឹងបំពាក់នូវបន្ទះឈីប Exynos 2500។ នៅក្នុងការចុះបញ្ជីជាមួយនឹងលេខម៉ូឌែល SM-S936B សម្រាប់ទីផ្សារនៅក្នុងអ៊ឹរ៉ុបនោះ ស្មាតហ្វូន Galaxy S25+ នេះមានពិន្ទុ 2,359 នៅក្នុងការតេស្ត single-core និងពិន្ទុ 8,141 នៅក្នុងការតេស្ត multi-core នៅលើ Geekbench 6 ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 12GB និងប្រព័ន្ធប្រតិបត្តិការ Android 15 ផងដែរ។
សម្រាប់បន្ទះឈីប Exynos 2500 នៅលើស្មាតហ្វូននេះ គឺមានស្ថាបត្យកម្ម 10-core CPU Architecture ជាមួយនឹងល្បឿន 3.3GHz ។បន្ទះឈីបននេះគឺបំពាក់នូវ Samsung’s Xclipse 950 GPU ផ្អែកទៅលើស្ថាបត្យកម្ម AMD’s RDNA architecture ដែលមានការពង្រឹងទៅលើក្រាហ្វិកកាន់តែប្រសើរថែមទៀត។ នៅក្នុងការតេស្តមុននេះនៅលើស្មាតហ្វូន Galaxy S25 Ultra វាមានពិន្ទុ 3,096 នៅក្នុងការតេស្ត single-core និងពិន្ទុ 9,080 នៅក្នុងការតេស្ត multi-core។ គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការតេស្តប៉ុណ្ណោះ ព្រោះថា ការតេស្តតែប៉ុន្មាននាទីប៉ុណ្ណោះនៅមិនទាន់អាចធ្វើអោយស្មាតហ្វូននេះកើនឡើងកំដៅនោះទេ៕