ការនាំចេញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសអូស្ត្រាលីបានធ្លាក់ចុះជាថ្មីម្តងទៀត ដោយម៉ាកយីហោរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកឥឡូវនេះបានកត់ត្រាពីការធ្លាក់ចុះនៃការលក់ប្រចាំខែសម្រាប់ខែទីប្រាំបីរបស់ខ្លួនក្នុងឆ្នាំនេះ និងជាខែទីប្រាំពីរជាប់ៗគ្នា។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាយានយន្តអគ្គិសនី (EVC) បានបង្ហាញថា ក្រុមហ៊ុន Tesla បានប្រគល់រថយន្តអគ្គិសនីចំនួន 1,464 គ្រឿងដល់អតិថិជននៅក្នុងប្រទេសអូស្ត្រាលីក្នុងខែតុលា ដែលជាការធ្លាក់ចុះ 26.4% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងខែតុលា គឺជាខែដែលការលក់ធ្លាក់ចុះខ្លាំងសម្រាប់ Tesla ក្នុងឆ្នាំ 2023 ផងដែរ ដោយបានធ្លាក់ចុះសម្រាប់ការចែកចាយដោយមានចំនួន 2,000 គ្រឿង ដែលនេះ គឺជាលទ្ធផលនៃការធ្លាក់ចុះកាលពីខែមុន ហើយក៏ជាខែទីប្រាំពីរជាប់ៗគ្នានៃការធ្លាក់ចុះការលក់សម្រាប់ Tesla ដោយពុំមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីខែមីនា។ សម្រាប់កិច្ចព្រមព្រៀងក្នុងការនាំចេញរថយន្តថ្មីរបស់ Tesla ចំនួន 100 គ្រឿង គឺអាចធ្វើបានតាមរយះបណ្តាញលក់ CarExpert នៅពេលនេះ។
សម្រាប់រថយន្ត Model Y របស់ Tesla នៅតែជាប់ជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន ដោយម៉ូដែលនេះត្រូវបានកត់ត្រាលក់បានចំនួន 1,042 គ្រឿង នៅក្នុងខែតុលា មានការកើនឡើង 28.6% ធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ Model 3 ត្រូវបានគេរាយការណ៍ថា ជាកត្តាជំរុញដ៏ធំនៃការធ្លាក់ចុះនៃការលក់ ដោយម៉ូដែលនេះលក់បានចំនួនប្រមាណតែ 422 គ្រឿងប៉ុណ្ណោះកាលពីខែតុលា គឺធ្លាក់ចុះប្រមាណ 64.2% ធៀបនឹងការលក់បានចំនួន 1,178 គ្រឿងកាលពីខែតុលា ឆ្នាំ 2023។ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ 2023 ការលក់ Tesla Model 3 មានការធ្លាក់ចុះប្រមាណ 7.9% មកនៅត្រឹម 14.475 គ្រឿង ខណៈ Model Y មានការធ្លាក់ចុះ 26.9% មកត្រឹម 17.739 គ្រឿង។
ផ្ទុយទៅវិញសម្រាប់រថយន្ត BYD ត្រូវបានគេនិយាយថា ជាម៉ាករថយន្តអគ្គិសនីដែលលក់ដាច់បំផុតក្នុងទីផ្សារប្រទេសអូស្ត្រាលី ដោយចាប់ពីខែមករាដល់ខែកញ្ញា រថយន្តម៉ូដែល BYD Seal បានឈរនៅលំដាប់ទីបីនៃការលក់ ដែលលក់បានចំនួន 5,308 គ្រឿង។ ចំនែកការលក់រថយន្តប្រភេទ Hybrid និង Plug-in-hybrid នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី បានកើនឡើងយ៉ាងខ្លាំង។
ការមកដល់នៃ Tesla Model 3 ម៉ូដែល 'Highland' ដែលត្រូវបានធ្វើការ ចែកចាយចាប់ផ្តើមនៅចុងឆ្នាំ 2023 ហាក់ដូចជាមិនទទួលបានទីផ្សារល្អដូចការរំពឹងទុករបស់ក្រុមហ៊ុននោះទេ ។ យ៉ាងណាមិញមិនទាន់មានភាពច្បាស់ទេថា តើការបញ្ចេញនូវ Tesla Model Y ថ្មី ហៅថា 'Juniper' ដែលរំពឹងថានឹងចេញលក់នៅឆ្នាំ 2025 ខាងមុខអាចនឹងជំរុញការលក់របស់ Tesla ឲ្យងើបឡើងវិញដែរ ឬទេ៕