កាលពីថ្ងៃទី 30 ម្សិលមិញប្លុក Weibo ទម្លាយព័ត៌មានមួយរបស់ប្រទេសចិនបានធ្វើការអះអាងថា YangWang U7 ដែលជារថយន្តអគ្គិសនី Sedan ស៊េរីថ្មីនឹងបង្ហាញវត្តមានជាមួយការបំពាក់កញ្ចប់ថ្ម Blade Battery ជំនាន់ទីពីររបស់ BYD ឬហៅថា Blade 2 Battery។
កញ្ចប់ថ្មរថយន្តអគ្គិសនីជំនាន់ថ្មីជំនាន់ទីពីររបស់ BYD នេះ ត្រូវបានគេដឹងដំណឹងតាំងពីដើមឆ្នាំ 2024 មកម្ល៉េះ គ្រាន់តែព័ត៌មានលម្អិតអំពីអនុភាពរបស់វាមិនទាន់ត្រូវបានគេទម្លាយចេញនៅឡើយ ដោយដឹងត្រឹមថា Blade 2 នឹងមានការរចនាជាមួយកម្រាស់ស្តើងស្លីមជាមុន និងមានអនុភាព ក៏ដូចជាបង្កើនសុវត្ថិភាព និងអាយុកាលប្រើប្រាស់បានយូរជាងជំនាន់មុន។
បើតាមប្លុក Weibo ទម្លាយព័ត៌មានដែលមានឈ្មោះ “Wu Ying broken thoughts” បានឲ្យដឹងថា BYD Blade 2 battery នឹងគាំទ្របច្ចេកវិទ្យាឆ្នាំងសាកភ្លើងល្បឿនលឿនកម្រិត 5.5C និង 14C Discharge rate។ អ្នកសរសេរប្លុកនេះ មានអ្នកតាមដាន 1.1លាននាក់នៅលើ Weibo ហើយយោងទៅតាមប្រវត្តិរូបរបស់គាត់ គាត់គឺជានិពន្ធនាយកនៃទស្សនាវដ្តី New Mobility ។ ហើយគាត់បានបង្ហោះជាប្រចាំអំពីប្រធានបទទាក់ទងនឹងរថយន្ត។ សម្រាប់កញ្ចប់ថ្ម Blade ជំនាន់ទីមួយ គឺមានកម្រិតថាមពល 150kW/kg ហើយសម្រាប់ជំនាន់ទីពីរ គឺអាចនឹងបង្កើនកម្រិតថាមពលខ្លាំងជាងមុនដល់ 190kW/kg។
សម្រាប់កញ្ចប់ថ្ម LFP គឺមានតម្លៃធូរថ្លៃជាងកញ្ចប់ថ្ម NCM ប៉ុន្តែ ដង់ស៊ីតេថាមពល មានការបង្កើនកម្រិតខ្ពស់ជាងនៅក្នុងកម្រិតទំងន់សមាមាត្រមួយ។ ជាមួយកម្រិតដង់ស៊ីតេថាមពលខ្ពស់នៅលើ Blade 2 នឹងជួយជម្រុញបន្ថែមសម្រាប់កញ្ចប់ថ្ម LFP កាន់តែមានទីផ្សារប្រគូតប្រជែងខ្ពស់ជាងបច្ចុប្បន្ន។
គួរកត់សំគាល់បានថា Zeekr ទើបតែបានធ្វើការប្រកាសចេញកញ្ចប់ថ្ម Golden Battery ជំនាន់ទីពីររបស់ខ្លួនកាលពីដើមឆ្នាំនេះ ដែលត្រូវបានគេស្គាល់ជាសកលថាជា Golden Brick Battery ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិតខ្ពស់បំផុតដល់ 5.5C LFP Battery ដែលសាកបញ្ចូលថាមពលថ្មពី 10% ទៅ 80% ប្រើពេលប្រមាណ 10.5 នាទីប៉ុណ្ណោះ។ រីឯ Chery ក៏សម្រេចបាននូវថាមពលថ្មកម្រិត 6C LFP ប៉ុន្តែ មានកម្រិតដង់ស៊ីតេថាមពលទាបត្រឹម 160kW/kg។
សម្រាប់រថយន្ត BYD YangWang U7 ត្រូវបានបង្ហាញវត្តមាននៅក្នុង Showroom កាលពីអំឡុងខែកក្តដា ដោយបង្ហាញថារថយន្តអគ្គិសនី Sedan ថ្មីនេះបំពាក់នូវប្រព័ន្ធមុខងារ DiSus-Z suspension system ជំនូសឲ្យ hydraulic shock absorbers with electric motors។ រថយន្តអគ្គិសនី Sedan នេះមានប្រវែងបណ្តោយ 5,265mm/ ទទឹង 1,998m/ កម្ពស់ 1,517mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ YangWang U7 អាចជាន់ល្បឿនលឿនបំផុតដល់ 270km/h និងជាន់ស្ទុះពី 0 ទៅ 100km/h ប្រើពេលប្រមាណ 2.9 វិនាទី។
YangWang U7 មានអនុភាពថាមពលខ្លាំងជាង U9 ដោយម៉ូទ័រអគ្គិសនីនីមួយៗរបស់រថយន្តនេះមានកំលាំង 326 សេះ ដែលសរុបចូលគ្នាអាចផលិតកំលាំងបានដល់ 1,306 សេះ។ រថយន្តអគ្គិសនី Sedan ថ្មីនេះ នឹងប្រើកញ្ចប់ថ្មអគ្គិសនីទំហំ 135.5kWh Blade Battey ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 800km៕