ថ្មីៗនេះ លោក Ren Zhengfei ស្ថាបនិករបស់ក្រុមហ៊ុន Huawei Technologies បាននិយាយថា ក្រុមហ៊ុនរបស់លោក បានចាកចេញដោយគ្មានជម្រើសអ្វីក្រៅពីការអភិវឌ្ឍទៅលើបច្ចេកវិទ្យារបស់ខ្លួននោះទេ ក្រោយការហាមប្រាមរបស់សហរដ្ឋអាមេរិក។ នាយកប្រតិបត្តិនេះ ក៏បានចែករំលែកនូវគំនិតរបស់គាត់ផងដែរទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុននេះ នៅក្នុងពេលប៉ុន្មានឆ្នាំនេះ។
លោក Zhengfei បានចូលរួមនៅក្នុងការប្រកួតប្រជែង ICPC (International Collegiate Programming Content) សម្រាប់និស្សិតសាកលវិទ្យាល័យកាលពីម្សិលមិញនេះ។ គាត់បាននិយាយជាមួយនឹងនិស្សិតអំពីក្រុមហ៊ុន បច្ចេកវិទ្យា គោលដៅនាពេលអនាគត និងប្រធានបទជាច្រើនទៀតដែលពាក់ព័ន្ធ។ នៅក្នុងអំឡុងពេលនៃការសាកសួរជាមួយនឹងនិស្សិតនេះ លោក Ren បាននិយាយថា សហរដ្ឋអាមេរិក មានការបើកចំហរ និងរួមបញ្ចូលនៅក្នុងសហគមន៍បច្ចេកវិទ្យារបស់ខ្លួន ដែលពិតជាមានប្រយោជន៍ទៅលើគ្រប់វិស័យរួមទាំងវិស័យ នៅក្នុងនោះមានទាំងការផលិតបន្ទះឈីបថែមទៀតផង។
លោក Ren បានជឿជាក់ថា ក្រុមហ៊ុន Huawei អាចនឹងរៀនអំពីវប្បធម៌នៃការទទួលយករបស់សហរដ្ឋអាមេរិកដែលធ្វើអោយក្រុមហ៊ុននេះ មានបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្រិតខ្ពស់។ ស្ថានិករូបនេះ បាននិយាយទៀតថា ការហាមប្រាមរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន Huawei អាចនឹងបង្កើតនូវបច្ចេកវិទ្យារបស់ខ្លួនខណៈពេលដែលក្រុមហ៊ុននេះមិនអាចចូលទៅកាន់ Tools កម្រិតខ្ពស់ជាច្រើនចេញពីទីផ្សារអន្តរជាតិនោះទេ។ លោក Ren Zhengfei បន្តថា “សហរដ្ឋអាមេរិកបានធ្វើជាគំរូសម្រាប់ប្រទេសទាំងអស់ និងក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក សម្រាប់ការបើកចំហរ។ ប្រសិនបើប្រទេសមួយត្រូវបានបិទនោះ វានឹងមានការធ្លាក់ចុះជាក់ជាមិនខាន។”
ការដាក់ទណ្ឌកម្មជាច្រើនរបស់សហរដ្ឋអាមេរិក ទៅលើក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ 2019 នេះ គឺដោយសារតែការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព។ សម្រាប់ពេលនេះ អាជ្ញាធរបរទេសជាច្រើន ក៏បានរឹតបន្តឹងទៅលើការគ្រប់គ្រងផ្នែកពាណិជ្ជកម្មដើម្បីបន្តរារាំងក្រុមហ៊ុន Huawei ពីការចូលទៅប្រើប្រាស់នូវ tools ផលិតបន្ទះឈីបកម្រិតខ្ពស់ ឬឧបករណ៍ជាច្រើនទៀត។
លោក Ren Zhengfei និយាយថា “បច្ចេកវិទ្យា និង tools ជាច្រើនរបស់សហរដ្ឋអាមេរិកគឺពិតជាល្អណាស់ ប៉ុន្តែក្រុមហ៊ុន Huawei មិនអាចប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនោះបាន យើងគ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវ tools របស់យើងនោះទេ។
ការបើកចំហ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយភាពច្នៃប្រឌិតសម្រាប់អ្នកដទៃនោះ គឺជាផ្លូវសម្រាប់ឆ្ពោះទៅមុខសម្រាប់សហគ្រាស។” នាយកប្រតិបត្តិនេះជឿជាក់ថា បច្ចេកវិទ្យា AI គឺមិនបញ្ចប់ត្រឹមនេះទេ។ ប្រសិនបើក្រុមហ៊ុន Huawei ប្រើប្រាស់នូវ AI នៅក្នុងវីធីដែលល្អបំផុតនោះ ក្រុមហ៊ុនអាចនឹងទទួលបាននូវជោគជ័យកាន់តែខ្លាំងបន្ថែមទៀត ហើយក្រុមហ៊ុនក៏ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងទៅលើការប្រកួតប្រជែងទៅលើបច្ចេកវិទ្យា AI ផងដែរ៕