កាលពីពេលថ្មីៗនេះម៉ាករថយន្ត Denza របស់ BYD បានប្រកាសចូលប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនីប្រទេសថៃជាផ្លូវការណ៍។ Denza បានពង្រីកដែនទីផ្សាររថយន្តរបស់ខ្លួនចូលទៅក្នុងទីផ្សារហុងកុង ព្រះរាជាណាចក្រកម្ពុជា និងសិង្ហបុរី ហើយប្រទេសថៃជាទីផ្សារអន្តរជាតិទីបួនរបស់ Denza ស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។
ស្របពេលជាមួយគ្នានេះ Denza នឹងធ្វើការប្រកាសចេញរថយន្ត MPV ម៉ូដែល Denza D9 Premium និង Premium AWD សម្រាប់ទីផ្សារប្រទេសថៃដែលមានតម្លៃខ្ទង់ $56,900 និង $79,600។ BYD បាននិយាយថាចំនួនសរុបនៃការបញ្ជាទិញរថយន្តម៉ាក Denza បច្ចុប្បន្នមានលើសពី 250,000 គ្រឿង។ លើសពីនេះ Denza គ្រោងនឹងបង្កើតបន្ទប់តាំងបង្ហាញចំនួន 5 នៅក្នុងប្រទេសថៃ និងបង្កើតកន្លែងលក់ចំនួន 10 ទីតាំងក្នុងឆ្នាំនេះ។
គួរជម្រាបថា រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលនយោបាយថ្មីមួយដែលហៅថា “3030” ដើម្បីបង្កើនការផលិតរថយន្តអគ្គិសនីក្នុងរាជាណាចក្រថៃឡង់ឲ្យបានដល់ 30% នៃផលិតកម្មរថយន្តសរុបនៅឆ្នាំ 2030 និងនៅឆ្នាំ 2035 រថយន្តថ្មីទាំងអស់ដែលលក់នៅលើទីផ្សារនឹងជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ រហូតមកដល់ពេលនេះ BYD បានលក់រថយន្តថាមពលថ្មី ឬ New Energy Vehicle បានចំនួន 56,000 គ្រឿងនៅក្នុងប្រទេសថៃ ដោយក្នុងនោះមានរថយន្តចំនួន 30,560 គ្រឿងដែលបានចុះបញ្ជី និងទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ 2023 ដែលស្មើនឹងជាង 40% នៃចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃក្នុងឆ្នាំនោះ។
លើសពីនេះទៅទៀត ចំនួនសរុបនៃការចុះបញ្ជីយានយន្តអគ្គិសនីនៅក្នុងប្រទេសថៃក្នុងឆ្នាំ 2023 មានប្រហែល 76,000 គ្រឿង ស្មើនឹង 12% នៃចំនួនសរុបនៃការចុះបញ្ជីយានយន្ត។ ក្នុងចំណោមម៉ាកល្បីៗទាំងដប់ទាក់ទងនឹងការលក់ ម៉ាកយីហោរថយន្តក្រុមហ៊ុនចិន បានកាន់កាប់កៅអីចំនួន 8 ដោយក្នុងនោះមានម៉ាក BYD Atto 3 និង BYD Dolphin ជាប់ចំណាត់ថ្នាក់លេខ 1 និងលេខ 3 ក្នុងការលក់រៀងគ្នា នេះបើយោងតាមស្ថិតិពីសមាគមរថយន្តថៃ។
សម្រាប់រថយន្ត Denza D9 ស៊េរីឆ្នាំ 2024 ដែលជាប្រភេទរថយន្ត MPV គឺមានវិមាត្ររួម 5,250mmx1,960mmx1,920mm និងមានគម្លាតចន្លោះកង់មុខក្រោយ 3,110mm។ រថយន្តស៊េរីថ្មីនេះមានជម្រើសបីប្រភេទ គឺ PHEV និងជម្រើសប្រើអគ្គិសនីចំនួនពីរ ដែលដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ឬម៉ូទ័រអគ្គិសនីពីរ។ សម្រាប់ម៉ូដែល Denza D9 PHEV មានជម្រើសម៉ូដែលចំនួន 3 ផ្សេងគ្នា គឺម៉ូដែលដែលមានសមត្ថភាពអាចបើកបានចម្ងាយផ្លូវ 970គីឡូម៉ែត្រ, 980 គីឡូម៉ែត្រ និង 1,050 គីឡូម៉ែត្រ។ ខណៈដែលម៉ូដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធមានជម្រើសចំនួនពីរ គឺម៉ូដែលបើកបានចម្ងាយ 600 គីឡូម៉ែត្រ និង 620 គីឡូម៉ែត្រ៕