នេះ គឺជាលើកដំបូងក្នុងខែតុលាដែលទើបនឹងកន្លងទៅថ្មីៗនេះ ដោយក្រុមហ៊ុនផលិតរថយន្ត Geely បានបំបែកកំណត់ត្រាលក់ថ្មីលើកដំបូងដែលលក់រថយន្តមានជាង 10 ម៉ឺនគ្រឿងនៅក្នុងមួយខែ។ ដែលតួរលេខនេះ បានបង្ហាញថា Geely គឺកំពុងតែក្លាយជាកំលាំងចលករដ៏ខ្លាំងមួយនៅក្នុងទីផ្សាររថយន្តអគ្គិសនី ដែលមានកំណើនការលក់យ៉ាងឆាប់រហ័ស។ ការលក់រថយន្តអគ្គីសនីថ្មីរបស់ Geely ក្នុងខែតុលាកន្លងទៅ គឺមានចំនួន 108,722 គ្រឿង មានកំណើន 19% ធៀបនឹងការលក់ពីមួយខែទៅមួយខែ និងកំណើនការលក់ប្រចាំឆ្នាំប្រមាណ 83%។
សម្រាប់ការលក់រថយន្តអគ្គិសនីថ្មីរបស់ Geely ចាប់ពីខែមករា ដល់ខែតុលា គឺមានចំនួន 654,576 គ្រឿង ដែលទិន្នន័យអាចធ្វើការវាយតម្លៃបានថា Geely អាចមានលទ្ធភាពលក់រថយន្តអគ្គិសនីឈានដល់ចំនួនប្រមាណ 900,000 គ្រឿងក្នុងរយះពេលពេញមួយឆ្នាំ 2024 នេះ។ សម្រាប់រថយន្តដែលរួមចំនែកក្នុងការលក់រថយន្តបានដល់ចំនួនជាង 10 ម៉ឺនគ្រឿងក្នុងខែតុលាកន្លងទៅ គឺជាម៉ូដែល Geely Galaxy Series ដែលលក់បានចំនួនដល់ 63,492 គ្រឿង។ Galaxy Series ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍កាលពីឆ្នាំ 2023 ដោយមានជម្រើសប្រើអគ្គិសនីសុទ្ធ (EV) និងប្រើម៉ាស៊ីន Hybrid (PHEV)។
ថ្មីៗនេះ Geely បានបង្ហាញប្រព័ន្ធ NordThor 2.0 PHEV ជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធ EM-i ដែលនឹងប្រើប្រាស់នៅក្នុងរថយន្តម៉ូដែលថ្មី Galaxy Starship 7 SUV និង Galaxy L6 sedan ដែលត្រៀមបង្ហាញវត្តមាននាពេលខាងមុខ។ NordThor 2.0 ផ្តល់នូវអនុភាពខ្លាំងសម្រាប់ម៉ាស៊ីន Hybrid ដែលអាចបើកបរបានចម្ងាយផ្លូវ 2,930 គីឡូម៉ែត្រ និងមានកម្រិតស៊ីសាំងតិចត្រឹម 2.67 លីត្រ ក្នុង 100 គីឡូម៉ែត្រ។ កាលពីអំឡុងខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Geely បានប្រកាសចេញលក់រថយន្តម៉ូដែលថ្មី Galaxy E5 ដែលជាប្រភេទរថយន្តអគ្គិសនី Sedan ប្រើប្រាស់កញ្ចប់ថ្មជំនាន់ថ្មីរបស់ Geely ស៊េរី Aegis short blade lithium iron phosphate batteries ហើយម៉ូដែលនេះលក់បានចំនួន 12,000 គ្រឿងត្រឹមរយះពេល 20 ថ្ងៃនៃការចេញលក់លើកដំបូង។
ងាកមកក្រុមហ៊ុន Zeekr ដែលជា Sub-brand របស់ Geely វិញ លក់រថយន្តបានចំនួន 25,049 គ្រឿង នៅក្នុងខែតុលា ហើយចំនួននៃការលក់អាចនឹងកើនឡើងបន្ថែមទៀតនៅក្នុងខែវិច្ឆិកានេះ នោះក៏ដោយសារតែក្រុមហ៊ុនទើបតែបានបង្ហាញវត្តមានរថយន្តម៉ូដែលថ្មី Zeekr Mix MPV និង 7X SUV។ បច្ចុប្បន្ន Zeekr លក់តែរថយន្តអគ្គិសនីសុទ្ធតែប៉ុណ្ណោះ។ ចំនែកក្រុមហ៊ុន Lynk & Co លក់រថយន្តបានចំនួន 19,992 គ្រឿងក្នុងខែតុលា។ កាលពីដើមឆ្នាំ Lynk & Co បានប្រកាសចេញរថយន្តអគ្គិសនីសុទ្ធម៉ូដែល Z10 ដែលជារថយន្ត Sedan ហើយនៅក្នុងខែតុលាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសចេញម៉ូដែលទីពីរ គឺ Z20 Sedan នៅទីផ្សារអឺរ៉ុប។
Geely បានធ្វើការប្រកាសចេញរថយន្តស៊េរីម៉ូដែល Geome Xingyuan នៅក្នុងខែកញ្ញា ហើយនៅថ្ងៃទី 27 ខែតុលា ក្រុមហ៊ុនបាននាំចេញម៉ូដែលនេះបានចំនួនជាង 11,500 គ្រឿង ហើយកាលពីពាក់កណ្តាលខែតុលា ក្រុមហ៊ុនបានរាយការណ៍ថា ខ្លួនទទួលបានការកក់ទុកមុនបានចំនួន 50,000 គ្រឿង៕