no-alternative title
no-alternative title
no-alternative title
no-alternative title

Apple កំពុងធ្វើការអភិវឌ្ឍន៍បន្ទះឈីប Wi-Fi7 ផ្ទាល់ខ្លួនសម្រាប់ប្រើនៅលើ iPhone 17 Series

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតបន្ទះឈីប Wi-Fi7 របស់ខ្លួនសម្រាប់ប្រើនៅលើផលិតផលជំនាន់ថ្មីដែលត្រៀមចេញនាពេលខាងមុខជាពិសេស គឺ iPhone 17 Series ដែលនឹងមកដល់នៅត្រីមាសទី 3 ក្នុងឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកវិភាគមកពីស្ថាប័ន Tianfeng International លោក Ming-Chi Kuo បានបញ្ជាក់ថា បន្ទះឈីប Wi-Fi7 របស់ Apple នឹងត្រូវផលិតតាមស្តង់ដារ N7 Process របស់ TSMC ដែលនេះ គឺជាការបោះជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ Apple ដើម្បីបង្កើនការរួមបញ្ចូលនូវប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់ភាគីទីបី។

 

លោក Kuo បានបង្ហាញថា Apple គ្រោងនឹងធ្វើការផ្លាស់ប្តូរខ្សែផលិតផលរបស់ខ្លួនទាំងស្រុងទៅកាន់ការប្រើប្រាស់បន្ទះឈីប Wi-Fi ផ្ទាល់ខ្លួនក្នុងរយៈពេល 3 ឆ្នាំខាងមុខទៀត។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីនេះ មិនត្រឹមតែមានគោលបំណងកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើឱ្យប្រសើរឡើងនូវការរួមបញ្ចូលសមាសភាគឧបករណ៍របស់ខ្លួនទាំងមូលផងដែរ។ បណ្តាញសារព័ត៌មាន DigiTimes បានរាយការណ៍បន្ថែមទៀតថា សម្រាប់ iPads ជំនាន់ថ្មីមួយចំនួនរបស់ Apple ដែលចេញនៅឆ្នាំ 2025 ក៏អាចបំពាក់បន្ទះឈីប Wi-Fi ដែលអភិវឌ្ឍដោយ Apple ផ្ទាល់បានផងដែរ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការរចនាសមាសភាគបង្គុំផ្ទាល់ខ្លួន ដែលស្របទៅនឹងគម្រោងដែល Apple ត្រូវបានរាយការណ៍ថា បាននឹងកំពុងដំណើរការអភិវឌ្ឍតាំងពីឆ្នាំ 2021 មកម្ល៉េះ។

 

បច្ចុប្បន្ន Apple បាននឹងកំពុងប្រើប្រាស់បន្ទះឈីប Wi-Fi ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Broadcom។ ដោយឡែកសម្រាប់ iPhone 17 Series វិញត្រូវបានគេរាយការណ៍ថា នឹងមានការកែប្រែលក្ខណៈថ្មីមួយចំនួន ដោយក្នុងនោះម៉ូដែល iPhone 17 Pro Series ត្រូវបានគេព្យាករណ៍ថា នឹងប្រើប្រាស់ប៊ូតុងតែមួយជំនូសឲ្យប៊ូតុងសំឡេង និង Action Button ខណៈដែល Apple ទើបតែបានបង្ហាញនូវប៊ូតុងថ្មី គឺ Capture button នៅលើ iPhone 16 Series សម្រាប់ធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុន។

ហើយប្រសិនបើ Apple ពិតជាធ្វើការផ្លាស់ប្តូរទម្រង់នៃការរចនាថ្មីនៅលើ iPhone 17 Pro Series ពិតមែននោះ គឺមានន័យថា ក្រុមហ៊ុននឹងធ្វើការរៀបចំប្រព័ន្ធផ្នែករឹងឡើងវិញសម្រាប់ទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន។ បន្ថែមពីនេះ Apple ត្រូវបានគេរាយការណ៍នឹងមានការប្រកាសចេញម៉ូដែល iPhone 17 ថ្មីដែលមានឈ្មោះថា Air ឬ Slim ដែលមានការរចនាជាមួយកម្រាស់ស្តើងស្លីម និងទំងន់ស្រាល់បំផុតមិនធ្លាប់មានក្នុងត្រកូល iPhone ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍