និយាយពីទីផ្សារស្មាតហ្វូនអេក្រង់បត់បាន ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា គឺជាក្រុមហ៊ុនម៉ាកយីហោដំបូងគេបំផុតរបស់ពិភពលោក ដែលបានប្រកាសចេញនូវស្មាតហ្វូនបត់បាននេះ ហើយក៏មានការផលិតចេញជាលក្ខណៈទ្រង់ទ្រាយធំទៀតផង។ នៅក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនោះ Samsung គឺមិនត្រឹមតែជាក្រុមហ៊ុនគ្រប់គ្រងទៅលើទីផ្សារស្មាតហ្វូននោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏បាននាំមុខទៅលើទីផ្សារស្មាតហ្វូនបត់បាននៅជុំវិញពិភពលោកផងដែរ។
មកដល់ពេលនេះ គឺមានក្រុមហ៊ុនផលិតស្មាតហ្វូនធំមៗជាច្រើនទៀត គឺបានចាប់ផ្តើមធ្វើការផ្តោតទៅលើស្មាតហ្វូនអេក្រង់បត់បាននេះផងដែរ។ បើទោះបីជាក្រុមហ៊ុនទាំងនោះ នៅមិនទាន់ទទួលបានជោគជ័យដូចទៅនឹងក្រុមហ៊ុន Samsung នោះ ក្រុមហ៊ុនទាំងនេះ ក៏មានការទាក់ទាញនៅលើទីផ្សារសកលដូចគ្នា។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Samsung នៅក្នុងទីផ្សារស្មាតហ្វូនសកលគឹមានការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 កន្លងទៅនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បាននាំមុខគេនៅលើទីផ្សារ ស្មាតហ្វូនអេក្រង់បត់បានជាមួយនិងចំណែកទីផ្សារ 16.4%។ ក្រុមហ៊ុន Motorola គឺមានចំណែកទីផ្សារចំនួន 15.6។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពីស្ថាប័ន International Data Corporation (IDC) នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះវិញ ក្រុមហ៊ុន Samsung បាននាំមុខគេទៅលើទីផ្សារស្មាតហ្វូនបត់បានជាមួយនឹងចំណែកទីផ្សារចំនួន 51.2% ដែលតួរលេខនេះ គឺមានការកើនឡើងខ្លាំងប្រៀបធៀបជាមួយនិងត្រីមាសកន្លងទៅ ខណៈដែលចំណែកទីផ្សាររបស់ក្រុមហ៊ុន Motorola វិញ មានការធ្លាក់ចុះចំនួន 15.1%។
នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ត្រូវបានគេមើលឃើញថា ហាក់ដូចជាដើរឆ្ងាយពីគូប្រជែងជាច្រើនរបស់ខ្លួន ដែលនេះគឺជាហេតុផលដែលក្រុមហ៊ុននេះ ទទួលបាននូវជោគជ័យខ្លាំងជាមួយនឹងស្មាតហ្វូន Galaxy Z Fold 6 និង Galaxy Z Flip 6។ ស្មាតហ្វូននេះ គឺមានរូបរាងស្តើង ទម្ងន់ស្រាល ធន់ក្នុងការប្រើប្រាស់ អេក្រង់ល្អប្រសើរជាងមុន កាមេរ៉ាល្អប្រសើរជាងមុន និងបន្ទះឈីបដ៏ខ្លាំងក្លាថែមទៀតផង៕