ថ្មីៗនេះ សង្វាក់ផលិតកម្មទ្រង់ទ្រាយធំសម្រាប់កំពូលរថយន្តអគ្គិសនី Super Car ម៉ូដែល Xiaomi SU7 Ultra ត្រូវបានប្រកាសដោយស្ថាប័នកំពូលរបស់ប្រទេសចិន MIIT។ កំពូលរថយន្តអគ្គិសនី Super Car ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនកាលពីពេលថ្មីៗនេះ ដែលមានតម្លៃប្រមាណ 814,900 យ៉ាន់ ឬប្រហែលខ្ទង់ 114,200 លានដុល្លារអាមេរិក ហើយសម្រាប់ម៉ូដែលផលិតផលសម្រេចរបស់ Xiaomi SU7 Ultra នឹងត្រូវបង្ហាញវត្តមាននៅផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2024។
សម្រាប់ការប្រកាសចេញលក់ផ្លូវការណ៍របស់ Xiaomi SU7 Ultra ត្រូវបានគេដឹងថា នឹងធ្វើឡើងនៅខែមិនា ឆ្នាំ 2025។ Xiaomi SU7 Ultra គឺជារថយន្តអគ្គិសនី Sedan ដែលមានការរចនារូបរាងបែបរថយន្តប្រណាំង Sport Car។ រថយន្តស៊េរីថ្មីនេះ មានបណ្តោយ 5,070mm (5,115mm)/ ទទឹង1,970mm/ កំពស់ 1,465mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 3,000mm។ សម្រាប់ទំងន់វិញ គឺប្រមាណ 2,360 គីឡូក្រាម។ រថយន្តនេះអាចជាន់ល្បឿន Top-Speed បានដល់ 318km/h។ Xiaomi SU7 Ultra មានការរចនាមុំចូល 12 ដឺក្រេ និងមុំចេញ 15 ដឺក្រេ។ សម្រាប់សម្បកកង់វិញ គឺប្រើខ្នាត 265/35ZR21/305/30ZR21។
បើតាមការបញ្ជាក់ពីស្ថាប័ន MIIT បានឲ្យដឹងច្បាស់ថា Xiaomi SU7 Ultra គឺបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 3 ដែលម៉ូទ័រខាងមុខមានកំលាំង 288kW ឬស្មើរនឹង 386 សេះ ផលិតដោយក្រុមហ៊ុន Suzhou Inovance Automotive។ ចំនែកម៉ូទ័រក្រោយ និងម៉ូទ័រចំហៀងមានកំលាំង 425kW ឬស្មើរនឹង 570 សេះ ដែលផលិតដោយក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តង។ បើសរុបកំលាំងម៉ូទ័រទាំងបីបញ្ចូលគ្នា គឺអាចផលិតបានដល់ 1,138kW ឬស្មើរនឹង 1,526 សេះ និងកំលាំងរមូល 1,770Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 1.98 វិនាទី និងជាន់ល្បឿនបានលឿនបំផុតដល់ 350km/h។
Xiaomi SU7 Ultra ប្រើប្រាស់កញ្ចប់ថ្មអគ្គិសនីប្រភេទ Ternary lithium battery ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 620km ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 10% ទៅ 80% ចំនាយពេលប្រមាណ 11 នាទីប៉ុណ្ណោះ។
នៅផ្នែកខាងក្នុងមានការរចនាប្រណិតជាមួយកៅអីបែបរថយន្តស្ព័រមានពណ៌ខ្មៅរំលេចជាមួយពណ៌លឿង និងដាំជាមួយនិមិត្តសញ្ញា Ultra។ ហើយផ្នែកខាងក្នុងរបស់ Xiaomi SU7 Ultra ភាគច្រើនត្រូវបានស្រោបដោយលោហៈធាតុកាបោនដែលមានរហូតដល់ទៅ 17 កន្លែងមានដូចជា នៅលើកៅអីខាងមុខ, ផ្នែកកណ្តាល (Center Console), ជញ្ជាំងទ្វារ, ដៃចង្កូត និងដំបូងដែលមានផ្ទៃប្រមាណ 1.7m2 ដែលជួយកាត់បន្ថយទំងន់បានប្រមាណ 12kg ដែលសរុបផ្ទៃនៃការប្រើប្រាស់កាបោន គឺប្រមាណ 3.74m2៕