ថ្មីៗនេះក្រុមហ៊ុន Ford ប្រចាំរាជាណាចក្រថៃបានសហការជាមួយក្រុមហ៊ុន RMA ដែលជាក្រុមហ៊ុនចែកចាយផលិតផលរថយន្ត Ford ធ្វើការប្រកាសចេញផ្លូវការលក់រថយន្ត Ford ម៉ូដែល Ford Ranger MS-RT។ រថយន្ត Ford Ranger ថ្មីពាក់ស្លាកឈ្មោះ MS-RT នេះ មានការរចនារូបរាងឡើងថ្មីខុសប្លែកពីរថយន្ត Ford Ranger ផ្សេង ដោយក្នុងនោះ វាត្រូវបានរចនាឡើងបែបរថយន្តស្ព័រដ៏ទំនើបជាមួយរូបរាងបែប aerodynamic body, កែប្រែថ្មីទៅលើប្រព័ន្ធ suspension បែបរថយន្តស្ព័រ ជាមួយការប្រើប្រាស់យ៉ាន់កង់ទំហំ 21-inch ដែលមានការឌីស្សាញ Diamond-cut alloy wheel និងមានផ្នែកខាងក្នុងមានការឌីស្សាញឡើងលំនាំរថយន្តស្ព័រដែលផ្តល់នូវផាសុខភាពសម្រាប់ការបើកបរ។
Ford Ranger MS-RT ស៊េរីថ្មីឆ្នាំ2025 ត្រូវបានក្រុមហ៊ុនផ្តល់រហ័សនាមឲ្យថា “Ultimate Street Truck” និងបានបង្ហាញខ្លួនលើកដំបូងក្នុងទឹកដីប្រទេសថៃ ក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តលើកទី 41 របស់ប្រទេសថៃ ឬ 41st Thailand International Motor Expo។ Ford Ranger MS-RT 2025 ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនក្នុងចំនួនមានកំនត់ គឺប្រមាណតែ 200 គ្រឿងប៉ុណ្ណោះនៅទីផ្សារប្រទេសថៃ។ Ford Ranger MS-RT 2025 ត្រូវបានលេចវត្តមានឡើងជាផ្លូវការណ៍នៅលើទីផ្សារពីការសហការគ្នាជាមួយក្រុមហ៊ុន Modified រថយន្តបែបស្ព័រដ៏ល្បីល្បាញបំផុតក្នុងពិភពរថយន្ត គឺ MS-RT និង M Sport។ ដែលក្រុមហ៊ុននេះ គឺជាដៃគូសហការដ៏យួរអង្វែងរបស់ Ford ប្រចាំនៅតំបន់អឺរ៉ុបសម្រាប់ការនាំយកម៉ាករថយន្ត Ford រចនាបែបស្ព័រមកកាន់ទីផ្សារមួយនេះ។
សម្រាប់ការចេញលក់ Ford Ranger MS-RT 2025 នៅទីផ្សារប្រទេសថៃក្នុងពេលនេះ គឺជាការបង្ហាញពីម៉ាករថយន្ត Pickup truck ដែលមានរចនាប្រណិតបំផុសគំនិតចេញពីរថយន្តបែបស្ព័រ ដែលផ្តល់នូវបទពិសោធន៍ប្រើប្រាស់ថ្មីសម្រាប់អ្នកស្រឡាញ់រថយន្ត Pick up និងរថយន្តបែបស័្ពរក្នុងប្រទេសថៃ។ Ford Ranger MS-RT 2025 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងប្រទេសថៃជាមួយតម្លៃខ្ទង់ 1,749,000 បាត ឬប្រហែលខ្ទង់ $50,406 ជាមួយជម្រើសពីរពណ៌ គឺពណ៌ប្រផេះហៅថា Command Gray និងពណ៌ខ្មៅហៅថា Absolute Black។
Ford Ranger MS-RT 2025 បំពាក់យ៉ាន់កង់ទំហំ 21-inch ដែលជាទំហំយ៉ាន់ធំដែលមិនធ្លាប់ប្រើនៅលើរថយន្ត Ranger របស់ Ford ជាមួយសម្បកកង់វិញជាប្រភេទ Continental ContiSportContact tires ខ្នាត 275/45។ Ranger MS-RT 2025 បង្កើនទំហំទទឹងប្រមាណ 1.6-inch និងបន្ទាបកម្ពស់ប្រមាណ 1.6-inch ផងដែរ។
នៅផ្នែកខាងក្នុងក៏មានការឌីស្សាញជាមួយកៅអីស្រោបស្បែកប្រភេទ faux leather រចនាឡើងយ៉ាងស្រស់ស្អាតជាមួយការដេរភ្ជាប់នូវស្លាកសញ្ញា MS-RT ដែលបង្ហាញច្បាស់ថាជាម៉ូដែល MS-RT។ Ford Ranger MS-RT បំពាក់នូវម៉ាស៊ីន 3.0-Litre diesel V6 ដែលអាចផលិតកំលាំងបាន 237 សេះ និងកំលាំងរមូល 600Nm របស់ Ford។ ម៉ាស៊ីននេះ ដំណើរការជាមួយប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គផ្តល់ថាមពលដើម្បីដំណើរការកង់ទាំងបួន ឬ Four-Wheel-Drive។
សម្រាប់សមត្ថភាពក្នុងការផ្ទុក និងអូសសណ្តោងទំងន់វិញ ត្រូវបាន Ford និយាយថា អាចធ្វើបានដូចម៉ូដែល Ranger ម៉ូដែលផ្សេងដែរ។ MS-RT គឺមកពី M Sport ដែលជាក្រុមវិស្វករជំនាញទៅលើការ Modified រថយន្ត ក្រុមនេះ ក៏ធ្លាប់ជួយក្រុមហ៊ុន Ford ក្នុងការធ្វើ Modified រថយន្ត Ford ម៉ូដែល Dakar-ready Ranger race truck និងរថយន្តពាណិជ្ជកម្ម Ford Transit Custom Van ផងដែរ។ Ford Ranger MS-RT នឹងត្រូវបានធ្វើការចែកចាយបន្តដោយក្រុមហ៊ុន Ford Pro នៅទីផ្សារអឺរ៉ុប នៅពេលសង្វាក់ផលិតកម្មក្នុងរោងចក្ររបស់ Ford ត្រូវបានបញ្ចប់រួចរាល់៕