ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញផ្លូវការណ៍កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង 15 Pro នៅទីផ្សារប្រទេសចិនកាលពីខែតុលាកន្លងទៅ។ ទន្ទឹងជាមួយគ្នានេះ Xiaomi ក៏មានម៉ូដែលកំពូលមួយផ្សេងទៀត គឺ Xiaomi 15 Ultra ដែលត្រៀមបង្ហាញវត្តមាននៅដើមឆ្នាំ 2025 ខាងមុខនេះ។ ស្មាតហ្វូនបងធំក្នុងគ្រួសារ Xiaomi 15 មួយនេះ បានឆ្លងកាត់បញ្ចីរបស់ស្ថាប័នពាក់ព័ន្ធជាច្រើនរួចមកហើយក្នុងនោះមានដូចជាស្ថាប័ន 3C ក្នុងប្រទេសចិនជាដើម។
ហើយនៅពេលនេះបើតាមគណនី Weibo ទម្លាយព័ត៌មានដ៏ល្បីឈ្មោះរបស់ប្រទេសចិន ឈ្មោះថា Digital Chat Station បានបញ្ជាក់ថា Xiaomi 15 Ultra នឹងមិនប្រកាសចេញផ្លូវការណ៍នៅក្នុងខែមករា ឆ្នាំ 2025 នោះទេ។ លោកបន្តថា ការពន្យាពេលនេះ គឺមិនមែនមកពីកាមេរ៉ានោះទេ។ មានការព្យាករណ៌ថា រឿងនេះអាចនឹងមកពីថាមពលថ្ម ដោយសារតែក្រុមហ៊ុន Xiaomi ចង់ពង្រីកថាមពលថ្មអោយបានធំជាងជំនាន់មុនៗ។
សូមជំរាបថា ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា មានការបង្កើនទំហំថាមពលថ្មឡើងដល់ 5,800mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 90W Wired Fast Charging នេះ បើតាមការបញ្ជាក់នៅលើស្ថាប័ន 3C។ Xiaomi 15 Ultra ក៏នឹងគាំទ្រនូវមុខងារតភ្ជាប់បណ្តាញផ្កាយរណប Satellite Connectivity ថែមទៀតផង។
Xiaomi 15 Ultra នឹងបំពាក់បច្ចេកវិទ្យា LTPO-OLED ទំហំ 6.7-inch មានល្បឿន 120Hz refresh rate និងមានគែមរាងកោងបន្តិច micro curved display។ បន្ថែមពីនេះបច្ចេកវិទ្យាអេក្រង់របស់ Xiaomi 15 Ultra ក៏ត្រូវបានគេដឹងថា គាំទ្របច្ចេក វិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ Ultrasonic sensor ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់។ ជាងនេះទៅទៀត Xiaomi 15 Ultra នឹងមានជម្រើសចំនួនបីផ្សេងគ្នា គឺជម្រើសខ្នងក្រោយស្រោបដោយស្បែក, ស្រោបដោយកាបោនហ្វៃប័រ និងសេរ៉ាម៉ិច។ ហើយបើតាមរូបភាពបែកធ្លាយបង្ហាញថា Xiaomi 15 Ultra គឺពាសដោយស្បែកខ្នងក្រោយពណ៌ខ្មៅ។
សម្រាប់កំលាំងម៉ាស៊ីនវិញ ច្បាស់ណាស់ថា Xiaomi 15 Ultra គឺប្រើនូវកំពូលឈីបជំនាន់ថ្មីចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Elite និងពាក់ស្បែកមុខកម្មវិធីប្រើប្រាស់ដោយ HyperOS2.0 គាំទ្រដោយ Android 15 ចេញពីប្រអប់ស្រាប់តែម្តង៕