នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 បានចាប់ផ្តើមលក់នៅលើទីផ្សារប្រទេសចិនហើយ ពេលនេះ មានការបញ្ជាក់ពីចំណុចមួយចំនួន ដែលមានការផ្លាស់ប្តូរនៅលើស្មាតហ្វូននេះផងដែរ។ យោងតាមការបញ្ជាក់ខាងលើនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាននេះ មានការផ្លាស់ប្តូរថ្មីចំនួន 5 ចំណុចប្រៀបធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ។
ស្មាតហ្វូនថ្មីមានការផ្លាស់ប្តូរទៅលើការឌីស្សាញ កាមេរ៉ា មុខងារ AI និងសមត្ថភាពខ្លាំងកម្រិតថ្មីមិនធ្លាប់មាន។ ពេលនេះ យើងនឹងមើលលម្អិតទៅលើចំណុចទាំង5 នេះ៖
១. ការឌីស្សាញស្តើងជាងមុន និងធំជាងមុន
បើទោះបីជាស្មាតហ្វូន Huawei Mate X6 នេះ មានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនក៏ដោយ ស្មាតហ្វូននេះ គឺមានការឌីស្សាញរូបរាងកាន់តែស្តើងជាងមុន និងអេក្រង់ធំជាងមុនថែមទៀតផង។ នៅពេលដែលបើក ស្មាតហ្វូននេះ គឺមានកម្រាស់ 4.6mm ដែលជាស្មាតនហ្វូនដែលមានកម្រ៉ាស់ស្តើងបំផុតនៅក្នុងទីផ្សារស្មាតហ្វូនបត់បាន។ ស្មាតហ្វូននេះមានទម្ងន់ត្រឹមតែ 239g ប៉ុណ្ណោះ។ ស្មាតហ្វូននេះបំពាក់នូវគន្លឹះប្រភេទ waterdrop hinge ដែលងាយស្រួលក្នុងការបិទបើកបានយ៉ាងរលូនថែមទៀតផង។ ស្មាតហ្វូន Huawei Mate X6 នេះ មានអេក្រង់ខាងក្នុងទំហំ 7.93-អ៊ីង ខណៈដែលអេក្រង់ខាងក្រៅមានទំហំ 6.45-អ៊ីង ធំជាងស្មាតហ្វូន Mate X5 ។
២. ប្រព័ន្ធកាមេរ៉ា ៤ គ្រាប់ខាងក្រោយ
ស្មាតហ្វូន Mate X6 នេះ មានការតម្លើងនូវកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP super-focus primary (variable aperture + OIS + RYYB), 40MP ultrawide-angle snapper (RYYB), 48MP telephoto macro sensor (OIS + RYYB) និង 1.5MP multi-spectral sensor។ ការផ្លាស់ប្តូរនេះ គឺមានការផ្តោតទៅលើ variable aperture នៅក្នុងកាមេរ៉ាគោល និងមានការបង្កើនពីទំហំ 13MP ទៅកាន់ 40MP សម្រាប់ឡែន ultrawide sensor ក៏ដូចជាកាមេរ៉ា 48MP telephoto ជាមួយនឹង 4x Zoom។
៣. កម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប Kirin 9020
នៅលើស្មាតហ្វូនបត់បានថ្មីនេះ ក្រុមហ៊ុន Huawei បានបំពាក់នូវបន្ទះឈីប Kirin 9020 និងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ។ បន្ទះឈីបនេះ គឹមានប្រសិទ្ធិភាព Power efficient ជាងមុនដល់ទៅ 20% បើធៀបជាមួយនឹងបន្ទះឈីប (Kirin 9000s)។ ប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT នេះមានល្បឿនលឿនជាងមុន រលូនជាងមុន និងសុវត្ថិភាពជាងមុនថែមទៀតផង។
៤. មុខងារ Satelliteនិង AI
នៅលើស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 នេះ ក៏មានការបំពាក់នូវមុខងារ Satellite ថ្មីដែលមានឈ្មោះហៅថា “Satellite Paging” ដែលមានសមត្ថភាពអាចធ្វើការផ្ញើសារបានតាមរយៈ Satellite Messages បានផងដែរ។ បន្ថែមពីនេះ នៅលើស្មាតហ្វូនបត់បានថ្មីនេះ ក៏មានមុខងារ AI ជាច្រើនទៀតដូចជា plit-screen mode, fast document generation, smart expansionឬ content creation, Air Shooting, Air gesture file sharing និងជាច្រើនទៀតផង។
៥. ថាមពលថ្ម
ជាមួយនឹងអេក្រង់ធំជាងមុននេះ ស្មាតហ្វូន Huawei Mate X6 នេះ ក៏មានការបំពាក់នូវថាមពលថ្មធំជាងមុនផងដែរ បើធៀបទៅនឹងម៉ូដែលជំនាន់មុនគឺមានទំហំ (5060mAh) ប៉ុណ្ណោះ៕