នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Xpeng លោក He Xiaopeng ត្រូវបានគេមើលឃើញថា បានកំពុងធ្វើតេស្តសាកល្បងរថយន្តហោះហើរបាន ឬ Modular Flying Car របស់ក្រុមហ៊ុនខ្លួនដែលមានឈ្មោះថា “Land Aircraft Carrier” ដោយផ្ទាល់។ការចូលរួមក្នុងការធ្វើតេស្តសាកល្បងពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានបង្ហាញថា ព្រឹត្តិការណ៍សំខាន់មួយគឺត្រូវបានឈានដល់ក្នុងការអភិវឌ្ឍន៍ផលិតរថយន្តហោះហើរបានជាផ្លូវការណ៍។ រថយន្តហោះ“Land Aircraft Carrier” របស់ Xpeng ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមធ្វើការចាយចាយផ្លូវការណ៍នៅឆ្នាំ 2026។
ឡានហោះដំបូងគេក្នុងលោក Land Aircraft Carrier ឬហៅថាកាត់ថា LAC ត្រូវបានបង្កើតឡើងចេញពីគម្រោងដ៏អស្ចារ្យរបស់ក្រុមហ៊ុន Xpeng AeroHT ដែលជាបុត្រសម្ព័ន្ធរបស់ Xpeng Motors។ Flying Car នេះត្រូវបានបង្កើតឡើងដោយមានធាតុសំខាន់ពីរ គឺរថយន្តសម្រាប់ដឹកដែលមានទំហំធំដែលមានកង់ប្រាំមួយសម្រាប់ផ្ទុកដឹកនូវយន្តហោះដែលអាចផ្ទុកមនុស្សពីរនាក់។ Land Aircraft Carrier ត្រូវបានក្រុមហ៊ុនប្រកាសបង្ហាញជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ 2023។ ហើយនៅខែកញ្ញា ឆ្នាំ 2024 ក្រុមហ៊ុន Xpeng បានប្រកាសចេញ LAC ជាផ្លូវការណ៍។
ដល់ចុងខែវិច្ឆិកា ឆ្នាំ 2024 ឡានហោះ LAC នេះ ត្រូវបានក្រុមហ៊ុនធ្វើការហោះហើរសាកល្បងជាសាធារណៈលើកដំបូងរបស់ខ្លួន បន្ទាប់មកក៏ទទួលបានការបញ្ជាទិញមុនរហូតដល់ទៅជាង 2,000 គ្រឿងពីអតិថិជន។ ចូលដល់នៅដើមខែធ្នូ Xpeng LAC ត្រូវបានគេប្រទះឃើញនាអំឡុងពេលធ្វើតេស្តនៅលើដងវិថីក្នុងប្រទេសចិន។ ហើយនៅពេលនេះនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនលោក He Xiaopeng បានចូលរួមក្នុងការសាកល្បងឡានហោះហើរបានរបស់ខ្លួនដោយផ្ទាល់តែម្តង។
Xpeng Land Aircraft Carrier ចែកចេញជាពីរផ្នែក ដោយផ្នែកទីមួយ ហៅថា “Mothership” ដែលជាជារថយន្តមានភ្លៅបីកង់ 6 គ្រាប់ មានប្រវែង 5.5 ម៉ែត្រ និងដំណើរការដោយថាមពលអគ្គិសនី ឬ “Powertrain EREV” គាំទ្រនូវប្រព័ន្ធសាកភ្លើង 800V Platform ដែលអាចបើកបានចម្ងាយរហូតដល់ 1,000 គីឡូម៉ែត្រដោយប្រើមុខងារ EREV Mode។ សម្រាប់ការសាកភ្លើងពី 30% ទៅ 80% ចាយពេលប្រមាណ 18 នាទីប៉ុណ្ណោះ។
Xpeng Land Aircraft Carrier ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនាំចេញផ្លូវការណ៍នៅឆ្នាំ 2026 ជាមួយតម្លៃខ្ទង់ 2 លានយន់ ឬប្រហែល 28 ម៉ឺនដុល្លារអាមេរិក។ ចំពោះសង្វាក់ផលិតកម្ម Xpeng LAC វិញ ត្រូវបានគេព្យាករណ៍ថា អាចនឹងឈានដល់បរិមាណផលិតចំនួន 10,000 គ្រឿងក្នុងមួយឆ្នាំ៕