សម្រាប់ការនាំចេញជើងដំបូងនៃកំពូលរថយន្ត Plug-in-hybrid ម៉ូដែល BYD Shark 6 ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលីត្រូវបានរៀបចំឡើងនាវាដឹកទំនិញរួចរាល់ហើយ។ ដោយ BYD Shark 6 ត្រូវបានចេញដំណើរពីកំពង់ផែ Shanghai Haitong តាមនាវា Turandot ដែលបានចុះបញ្ជីនៅន័រវេស ដែលជាកប៉ាល់ Ro-Ro។ រថយន្ត Plug-in-hybrid របស់ប្រទេសចិនទាំងអស់នេះ ត្រូវបានរំពឹងថានឹងទៅដល់កំពង់ផែសម្រាប់ជើងទីមួយក្នុងប្រទេសអូស្ត្រាលីស្ថិតនៅទីក្រុង Brisbane នៅថ្ងៃទី 28 ខែធ្នូ ខាងមុខនេះ។
BYD Shark 6 គឺជាប្រភេទរថយន្ត Pickup Truck ដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid។ រថយន្តស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅទីផ្សារប្រទេសម៉ិកស៊ិកកាលពីដើមឆ្នាំ 2024 ក្រោយមកក៏ទទួលបានការចាប់អារម្មណ៍ខ្លួន ដោយទទួលបានការបញ្ជាទិញកើនឡើងយ៉ាងឆាប់រហ័ស។
BYD Shark 6 បានបង្ហាញវត្តមានលើកដំបូងក្នុងទឹកដីនៃប្រទេសអូស្ត្រាលីកាលពីចុងខែតុលា។ ក្រោយការបង្ហាញវត្តមាននៅទីនេះ BYD បានព្យាករណ៍ថា ខ្លួនអាចនឹងលក់ Shark 6 បានចំនួនប្រមាណតែ 2000 គ្រឿងតែប៉ុណ្ណោះ។ ប៉ុន្តែ ផ្ទុយទៅវិញ BYD Shark 6 បានទាក់ទាញអ្នកប្រើប្រាស់ដែលស្រឡាញឡាន Pick up ក្នុងប្រទេសអូស្រ្តាលីខ្លាំង ដោយទទួលបានការបញ្ជាទិញមុនដល់ទៅ 4,000 គ្រឿង គិតត្រឹមខែវិច្ឆិកាកន្លងទៅ។
បើតាមប្រភពពីប្រទេសចិន កាប៉ាល់ M/V Turandot គឺត្រូវផ្ទុករថយន្ត BYD Shark 6 ចំនួន 2,000 គ្រឿងសម្រាប់ការនាំចេញជើងទីមួយ ខណៈដែលកាប៉ាល់នេះអាចផ្ទុករថយន្តបានចំនួន 5,846 គ្រឿង ឬក៏រថយន្តទូទៅធម្មតាមបានចំនួន 2,959 គ្រឿងជាមួយនឹងរថយន្ត Pickup បានចំនួន 485 គ្រឿង។
សម្រាប់ការនាំចេញ BYD Shark 6 នៅទីផ្សារប្រទេសអូស្ត្រាលីអាចនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី 15 ខែមករា ឆ្នាំ 2025។ សម្រាប់តម្លៃរបស់ BYD Shark 6 នៅទីផ្សារប្រទេសអូស្ត្រាលី គឺចាប់ពីខ្ទង់ 57,900 ដុល្លារអូស្រ្តាលី ឬប្រហែល 36,019 ដុល្លារអាមេរិក។ BYD Shark 6 ផលិតឡើងតាមស្តង់ដារគ្រោងឆ្អឹង BYD’s DMO platform ដែលប្រើនៅលើម៉ូដែល Fang Cheng Bao Bao 5។ រថយន្តនេះមានបណ្តោយ 5,457mm/ ទទឹង 1,971mm/ កម្ពស់ 1,925mm និងគម្លាតរវាងកង់មកទៅកង់ក្រោយ 3,260mm។
Shark 6 អាចអូសសណ្តោងទំងន់បាន 2,500kg និងគ្រែដឹកខាងក្រោយអាចផ្ទុកទំងន់បាន 1,450L។ សម្រាប់ម៉ាស៊ីនសាំងរបស់ BYD Shark 6 មានតួនាទីធ្វើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងទៅកញ្ចប់ថ្មតែប៉ុណ្ណោះដោយអាចផលិតកំលាំងភ្លើងបាន 170kW ខណៈការបង្វិលកង់ទាំងបួនត្រូវពឹងទៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីទាំងពីរដែលម៉ូទ័រមុខមានកំលាំង 170kW និងកំលាំងរមូល 310Nm ខណៈម៉ូទ័រខាងក្រោយមាន 150kW និងកំលាំងរមូល 340Nm ដែលសរុបកំលាំងម៉ូទ័រទាំងពីរចូលគ្នាអាចធ្វើបាន 320kW និងកំលាំងរមូល 650Nm។
ចំពោះកញ្ចប់ថ្មវិញ BYD Shark 6 បានប្រើនូវប្រភេទ lithium iron phosphate blade battery ទំហំ 29.58kWh ដែលតាមការបញ្ជាក់ពី BYD ការសាកភ្លើងពេញម្តងអាចបើកបានចំងាយ 100km ហើយបើគូបជាមួយម៉ាស៊ីន គឺអាចបើកបានចំងាយដល់ 840km។ សម្រាប់កម្រិតប្រើប្រាស់សាំងវិញ ត្រូវបាន BYD អះអាងថា 2.0L/100km ប៉ុន្តែ គេហទំព័រ Carsales Australia បានបង្ហាញថាស៊ីដល់ 14L/100km៕