គិតមកទល់នឹងថ្ងៃនេះ បើទោះបីជាក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីពេលវេលាជាក់លាក់នៃការប្រកាសចេញជាផ្លូវការណ៌នូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S25 Series ក៏ដោយ ថ្ងៃនេះ ការជជែកគ្នានៅលើបណ្តាញសង្គមកទាក់ទងជាមួយនិងស្មាតហ្វូនស៊េរីថ្មីម៉ូដែល Galaxy S26 series គឺមានការចាប់ផ្តើមហើយ ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះគឺនៅសល់ពេលយូរទៀត ដល់ដើមឆ្នាំ 2026 ឯណោះ។ យោងតាមពាក្យចចាមអារ៉ាមថ្មីៗនៅបណ្តាញ X បានបញ្ជាក់ជាថ្មីនថា ក្រុមហ៊ុន Samsung មានគោលបំណងនឹងបង្ហាញចេញនូវស្មាតហ្វូន Galaxy S26 Series ជាមួយនិងបន្ទះឈីប Exynos។
បើមើលទៅលើព័ត៌មានថ្មីដែលមានការបែកធ្លាយនៅពេលនេះ អាចនិយាយបានថា គឺមិនសូវជាខុសគ្នាពីការលេចធ្លាយស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ដំបូងៗនោះទេ ទាក់ទងនឹងការប្រើប្រាស់នូវបន្ទះឈីបថ្មីរបស់ Exynos នេះ។ កន្លងមកដោយសារតែសង្វាក់ផលិតកម្មទៅលើបន្ទះឈីប Exynos 2500 មានបញ្ហាមួយចំនួននោះ បានធ្វើអោយក្រុមហ៊ុន Samsung សម្រេចដាក់អោយប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite ជំនួសវិញសម្រាប់ស្មាតហ្វូន Galaxy S25 Series។
ថ្មីៗនេះ មានព័ត៌មានថ្មីនិយាយថា បន្ទះឈីបជំនាន់ថ្មី Exynos 2500 ត្រូវបានជួសជុលទៅលើចំណុចខ្វះខាតមួយចំនួនហើយក្នុងនោះក៏មានការបញ្ជាក់ថា បន្ទះឈីបនេះអាចនឹងមានការប្រើប្រាស់ជាលើកដំបូងសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip7 និង Galaxy Z Flip FE ថែមទៀតផង។ តាមរយៈនៃព័ត៌មានថ្មីនេះ មានការសន្និដ្ឋានថា បន្ទះឈីប Exynos 2600 គឺនឹងមានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 generation ប្រសិនបើសង្វាក់ផលិតកម្មមិនជួបបញ្ហាដូចជំនាន់មុន។ ហើយក្រុមហ៊ុន Samsung ក៏អាចនឹងចំណេចច្រើនផងដែរពីការទិញឈីបពី Qualcomm។
សូមជំរាបថា ទាំងនេះ គឺគ្រាន់តែជាព័ត៌មានចចាមអារ៉ាមតែប៉ុណ្ណោះ។ ដូច្នេះអ្វីៗអាចនឹងមានការប្រែប្រួលនៅពេលខាងមុខ។ ស្របពេលជាមួយគ្នានេះ គេនៅមិនទាន់បានទទួលព័ត៌មានជាក់លាក់ណាមួយចេញពីក្រុមហ៊ុន Samsung នៅឡើយទេ។ គួរបញ្ជាក់ថា មុននេះក៏ធ្លាប់មានការចែកចាយនូវព័ត៌មានថ្មីៗមួយចំនួនទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series នេះ ដោយមានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលស្តង់ដារនៃ Galaxy S26 អាចនឹងមានការដកចេញ។ ហើយស្មាតហ្វូនម៉ូដែល Ultra ក៏អាចនឹងប្តូរមកជា Galay S26 Note និង Galaxy S26+ ប្រហែលជាប្តូរមក Galaxy S26 Pro។