Apple ត្រូវបានគេដឹងថា ជាក្រុមហ៊ុនដែលកាន់កាប់តំណែងទីផ្សារនាឡិកាដៃឆ្លាតវៃ ឬ Smartwatch Market អស់រយះពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែក្នុងឆ្នាំ 2024 នេះ គឺជាឆ្នាំដ៏ជួរចត់ ឬក៏ជាឆ្នាំដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់សហរដ្ឋអាមេរិកមួយនេះ ដោយសារតែបានរបូតដំណែងចេញពីចំណាត់ថ្នាក់លេខមួយក្នុងទីផ្សារស្មាតវ៉ចពិភពលោក ដោយសារស្នាដៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន គឺ Huawei។
យោងតាមរបាយការណ៍ចុងក្រោយរបស់ស្ថាប័ន IDC បានបង្ហាញថា Huawei បាននាំមុខ Apple ក្នុងទីផ្សារ Smartwatch ពិភពលោកចាប់ពីត្រីមាសទី 1 ដល់ត្រីមាសទី 3 ក្នុងឆ្នាំ 2024 នេះ។ ក្នុងរបាយកាណ៍បញ្ជាក់ថា Huawei បានកាន់កាប់ចំនែកទីផ្សារ Smartwatch សរុបចំនួន 16.9% នៅក្នុងរយះពេល 9 ខែនៃឆ្នាំនេះ ជាមួយការនាំចេញនាឡិកាដៃឆ្លាតវៃបានចំនួន 23.6 លានគ្រឿងនៅទូទាំងទីផ្សារពិភពលោក ខណៈ Apple បានធ្វើការនាំចេញ Apple Watch series បានចំនួន 22.5 លានគ្រឿង។
តាមទិន្នន័យបានបង្ហាញថា ទីផ្សារស្មាតវ៉ចរបស់ Huawei មានការកើនឡើងប្រចាំឆ្នាំប្រមាណ 23.3% ទោះបីជាទីផ្សារសំខាន់ៗដូចជា ឥណ្ឌា និងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះនៅអំឡុងពេលដូចគ្នាក៏ដោយ។ កាលពីត្រីមាសទីបី Huawei បានបញ្ជាក់ថា ទីផ្សារនាឡិកាដៃឆ្លាតវៃរបស់ខ្លួនមានការកើនឡើងប្រចាំឆ្នាំប្រមាណ 44.3% ដែលទិន្នន័យដ៏គួរឲ្យចាប់អារម្មណ៍នេះ កើតមានឡើងស្របពេលនៃការបង្ហាញវត្តមាននៃម៉ូដែល Huawei Watch GT5, Watch GT5 Pro និង Watch D2។ ស្របពេលដែរទីផ្សារនាឡិកាដៃ Watch Series របស់ Apple មានការធ្លាក់ចុះប្រចាំឆ្នាំប្រមាណ 12.8% នៅអំឡុងពេលដូចគ្នានេះ។
ក្រុមហ៊ុន Xiaomi បានឈរនៅលំដាប់ថ្នាក់លេខបី ខណៈ Samsung ឈរនៅលេខរៀងទី 4 និងសម្ព័ន្ធក្រុមហ៊ុន BBK (ដែលមាន OPPO និង Vivo) ឈរនៅលេខរៀងទី 5 និងទី 6។ ទោះជាយ៉ាងណា Apple បានក្លាយជាក្រុមហ៊ុនឈានមុខគេសម្រាប់ទីផ្សារលក់ស្មាតហ្វូន Premium ក្នុងប្រទេសចិន ដោយបានវ៉ាដាច់ក្រុមហ៊ុន Huawei ដែលជាគូប្រជែងសម្រាប់ទីផ្សារស្មាតហ្វូនតែមួយគត់ក្នុងប្រទេសចិននៅត្រីមាសទី3 កន្លងទៅ៕