កាលពីម្សិលមិញនេះ BYD បានប្រកាសជាផ្លូវការណ៍ថារថយន្ត MPV ស៊េរីថ្មីឆ្នាំ 2025 Denza D9 នឹងប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី 26 ខែធ្នូ សប្តាហ៍ក្រោយនេះ។ ចំពោះម៉ូដែល Denza D9 ស៊េរីឆ្នាំ 2024 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីអំឡុងខែមិនា ឆ្នាំ 2024 ដែលមានតម្លៃចាប់ពីខ្ទង់ $46,600 នៅទីផ្សារប្រទេសចិន។
សម្រាប់រូបរាងនៃការរចនារបស់ Denza D9 ឆ្នាំ 2025 គឺរក្សាការរចនាដូចជាជាមួយនឹងស៊េរីឆ្នាំ 2024 ដដែលជាមួយកៅអីចំនួន 7 ចំនុចដែលខុសនោះ គឺស៊េរីឆ្នាំ 2025 មានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលើដំបូង ដែលនេះបញ្ជាក់ច្បាស់ថា Denza D9 2025 មានការផ្តោតបន្ថែមទៅលើប្រព័ន្ធជំនួយការបើក។ Denza D9 ស៊េរីឆ្នាំ 2025 បំពាក់នូវយ៉ាន់កង់ទំហំ 18-inch ផលិតពីលោហៈធាតុ aluminum alloy ជាមួយការរចនាកាំងរាយ multi-spoke rim។ ហើយនៅផ្នែកខាងក្រោយ បានបន្ថែមនៅនិមិត្តសញ្ញា “BYD DM-i AWD” ដែលបញ្ជាក់បន្ថែមពីការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មីរបស់ BYD សម្រាប់ជំនួយដល់អនុភាពក្នុងការបើកបរ។
រថយន្ត MPV ស៊េរីថ្មីដ៏ទំនើបរបស់ Denza មួយនេះ មានបណ្តោយ 5,250mm/ ទទឹង1,960mm/ កម្ពស់ 1,900mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,110mm។ 2025 Denza D9 ដំណើរការជាមួយប្រព័ន្ធម៉ាស៊ីន Hybrid 1.5T Engine ភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid ជំនាន់ចុងក្រោយរបស់ BYD គឺ DM-i5.0 និងដំណើរការប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ។
សម្រាប់ម៉ាស៊ីន Hybrid 1.5T របស់ Denza D9 ជំនាន់ថ្មីនេះ មានលទ្ធភាពអាចផលិតកំលាំងបាន 115kW ឬ 154 សេះ និងអាចជាន់ល្បឿនលឿនបំផុតបាន 190km/h។ 2025 Denza D9-MPV នឹងមានជម្រើសពីរ Option សម្រាប់អតិថិជនជ្រើសរើស គឺមានជម្រើសប្រើប៉ុងមួយ ឬ Two-wheel-drive និងប៉ុងពីរ ឬ Four wheel-drive។
សម្រាប់អនុភាពកំលាំងម៉ូទ័រដែលប្រើនៅលើ 2025 Denza D9-MPV វិញ គឺម៉ូទ័រមុខមានកំលាំង 272 សេះ និងខាងក្រោយមានកំលាំង 122 សេះ។ ចំពោះកញ្ចប់ថ្មវិញ គឺមានទំហំ 39.938kWh ដែលផ្តល់នូវជម្រើសក្នុងការបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន 145km និង 155km។
សម្រាប់កម្រិតស៊ីសាំងវិញ ត្រូវបានគេដឹងថា គឺ 7.15L/100km និង 6.65L/100km។ បើតាមរូបភាពដែលបានថតនៅផ្នែកកាប៊ីនខាងក្នុងរថយន្ត Denza D9-MPV ស៊េរីឆ្នាំ 2025 គឺមានការរៀបចំរចនាដូចគ្នានឹងម៉ូដែលឆ្នាំ 2024 ដែរ ក្នុងនោះមានដៃចង្កូតរចនារាងអក្សរ “D” ឬ D-shaped steering wheel, អេក្រង់បង្ហាញព័ត៌មាន LCD instrument panel, និងអេក្រង់កម្សាន្តធំនៅកណ្តាល central control screen។
តាមទិន្នន័យលក់របស់ក្រុមហ៊ុន បានបង្ហាញថា កាលលក់របស់ Denza D9 ស៊េរីឆ្នាំ 2024 ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 15 ក្នុងខែធ្នូនេះ គឺមានចំនួន 3,580 គ្រឿង នៅទីផ្សារប្រទេសចិន ដែលឈរនៅលេខរៀងទីពីរបន្ទាប់ពីរថយន្ត MPV ម៉ូដែល Voyah Dreamer ដែលលក់បានចំនួន 3,674 គ្រឿង៕