បន្ទាប់ពីការប្រកាសចេញនៅក្នុងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនជំនាន់ថ្មី Mate 70 Series កាលពីខែមុននេះរួចមក នៅពេលនេះមានការបញ្ចេញនូវការឌីស្សាញរថយន្តស៊េរីថ្មី Huawei MAEXTRO S800 ហើយ។ បើមើលទៅលើការបែកធ្លាយថ្មីនេះ គឺមានការបង្ហាញនូវរថយន្តនេះជាមួយនឹងពណ៌សលាយខ្មៅយ៉ាងទាក់ទាញបំផុត។ ជាមួយនិងជម្រើសពណ៌ថ្មីនៃរថយន្តស៊េរីថ្មីនេះ ត្រូវបានគេនិយាយថា ទំនងជាមានភាពប្រណិតខ្លាំងជាងការប្រើប្រាស់នូវឆ្នូតពណ៌ស្វាយ។ នៅក្នុងការអាប់ដេតចុងក្រោយបំផុតនេះ ក៏មានការបង្ហាញនូវភាពលម្អិតនៃរថយន្ត Sedan នេះផងដែរ។
សូមជំរាបថា រថយន្ត MAEXTRO S800 មានការបង្ហាញនូវឆ្នូត Glossy Dual-Tone Shade ដែលមានភាពទាក់ទាញមែនទែន។ សម្រាប់ការលក់ជាផ្លូវការណ៌ទៅលើរថយន្ត MAEXTRO SUV នេះ គឺអាចនឹងធ្វើឡើងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះ។ នៅមុនព្រឹត្តិការណ៍នេះ រថយន្ត MAEXTRO S800 របស់ក្រុមហ៊ុន Huawei ក៏មានការបែកធ្លាយជាច្រើនរួចមកហើយផងដែរ ជាពិសេសរថយន្តនេះ គឺមានការឌីស្សាញផ្នែកខាងក្នុងជាមួយនឹងពណ៌សលាយខ្មៅ ហើយផ្នែកខាងក្រៅរបស់វាក៏ដូចគ្នាផងដែរ។
បន្ថែមពីនេះ អ្នកប្រើប្រាស់រថយន្តនេះ ក៏ងាយស្រួលក្នុងការគ្រប់គ្រងទៅលើការងារជាច្រើននៅលើអេក្រង់ចំនួន 3 នៅលើរថយន្តនេះផងដែរ។ ក្រៅពីអេក្រង់ Infotainment Display ដ៏អស្ចារ្យ នៅលើរថយន្តនេះ ក៏មានបំពាក់នូវ Dual-Phone wireless Charging Panel ដែលធ្វើអោយផ្នែកខាងក្នុងកាន់តែមានភាពស្រស់ស្អាត និងផ្តល់នូវប្រយោជន៍ជាច្រើនក្នុងការប្រើប្រាស់ទៀតផង។ ហើយបើមើលទៅលើប៊ូតុងបញ្ជា volume control គឺផលិតចេញពីគ្រីស្តាល់មានភាពស្រស់ស្អាត ខណៈដែលការឌីស្សាញខាងក្រៅរបស់រថយន្តនេះ គឺមានភាពប្រណិត និងពោរពេញដោយសោភណ្ឌភាពបំផុត។ រថយន្ត MAEXTRO S800 អាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ 2025 ខាងមុខនេះ៕