កាលពីថ្ងៃទី 30 ខែធ្នូ កន្លងទៅនេះ ក្រុមហ៊ុន Deepal បានប្រារព្ធនូវកម្មវិធីអបអរសាទរនូវរថយន្តទី 400,000th ដែលបានរំកិលចេញពីសង្វាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈនៃព្រឹត្តិការណ៌ខាងលើនេះ មានការបញ្ជាក់ថា ក្រុមហ៊ុននេះ គឺបាននាំចេញនូវរថយន្តរបស់ខ្លួនបានចំនួន 400,000 គ្រឿងហើយគិតត្រឹមរយៈពេល 29 កន្លងមក។ របាយការណ៌ខាងលើនេះ ត្រូវបានបង្ហាញដោយក្រុមហ៊ុន Changan ដែលជាក្រុមហ៊ុនមេរបស់ Deepal តែម្តង។
សូមជំរាបថា កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Deepal ធ្លាប់បានបង្ហាញរួចមកហើយថា ខ្លួនបាននាំចេញនូវរថយន្តរបស់ខ្លួនបានចំនួន 300,000 គ្រឿង។ ដូច្នេះផ្អែកតាមអ្វីដែលយើងបានមើលឃើញនេះ អាចបញ្ជាក់បានថា ការនាំចេញរថយន្តរបស់ក្រុមហ៊ុន Deepal គឺពិតជាល្អមែនទែន។ នៅក្នុងកំឡុងខែវិច្ឆិកា និងខែធ្នូនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនមួយនេះ លក់រថយន្តបានចំនួនច្រើនជាង 3 ម៉ឺនគ្រឿង នៅក្នុងមួយខែៗ។
គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Deepal បានផលិតរថយន្ត 5 ម៉ូដែលរួចមកហើយក្នុងនោះ រួមមានដូចជា រថយន្ត Deepal SL03, S07 (S7), G318, L07 និង Deepal S05។ នៅក្នុងចំណោមរថយន្តទាំងនេះ មានម៉ូដែល Deepal G318 គឺមានដំណើរការនៅលើ range-extended EV ខណលដែលម៉ូដែលផ្សេងទៀតដំណើរការបានទាំងអគ្គសនីសុទ្ធនិង range-extended versions។
Deepal បានបន្តបញ្ជាក់ថា នៅឆ្នាំ 2025 ខាងមុខនេះ ខ្លួននឹងដាក់គោលដៅលក់អោយបានកន្លះលានគ្រឿង ដោយ 400,000 គឺនឹងលក់នៅលើទីផ្សារប្រទេសចិន ខណៈដែល 100,000 គឺលក់ទៅកាន់ទីផ្សារសកល។ ក្រុមហ៊ុននេះ ក៏នឹងមានការបញ្ចេញនូវម៉ូដែលថ្មី 2 ថែមទៀតផងដែរ ក្នុងនោះមានដូចជា S09 SUV ផងដែរ បន្ទាប់ពីម៉ូដែលនេះ គឺបានឆ្លងកាត់ការចុះបញ្ជីរបស់ MIIT របស់ប្រទេសចិន។ ក្រុមហ៊ុននេះបន្តថា នៅត្រឹមដំណាច់ឆ្នាំ 2025 ខាងមុខនេះ រថយន្តរបស់ក្រុមហ៊ុន Deepal នឹងមានលក់នៅលើទីផ្សារចំនួន 81 នៅលើពិភពលោក។