ក្រុមហ៊ុន UMW Toyota Motor របស់ប្រទេសម៉ាឡេស៊ី បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត All-New XV80 2024 Toyota Camry Hybrid នៅក្នុងព្រឹត្តិការណ៍ 2024 Kuala Lumpur International Mobility Show ជាមួយគ្នានេះក្រុមហ៊ុន ក៏បានធ្វើការប្រកាសចេញលក់នៅម៉ូដែល All-New 2024 Toyota Camry ដែលប្រើម៉ាស៊ីនសាំងសុទ្ធ 2.5V មួយទៀតផងដែរ។ All-New 2024 Toyota Camry 2.5V ត្រូវបានក្រុមហ៊ុនធ្វើការការចេញលក់ក្នុងតម្លៃខ្ទង់ RM221,800 ឬប្រហែល $49,594។
Camry 2.5V ស៊េរីឆ្នាំ 2024 ប្រើប្រាស់ម៉ាស៊ីនសាំងសុទ្ធប្រភេទ Dynamic Force 2.5-litre naturally aspirated inline-four engine ដែលមានកំលាំង 204 សេះ និងកំលាំងរមូល 246Nm ភ្ជាប់ដំណើរការដោយប្រអប់លេខប្រភេទ Direct Shift ស្វ័យប្រវត្តិ 8 វគ្គ ដែលបញ្ជាដំណើរការទាំងអស់ទៅកាន់កង់ខាងមុខ។
បើធៀបសន្ទុះល្បឿនជាមួយនឹងម៉ូដែល Camry Hybrid 2.5V ស៊េរីឆ្នាំ 2024 ដែលប្រើម៉ាស៊ីន Hybrid 2.5V វាមានល្បឿនយឺតជាងប្រមាណ 1.7 វិនាទី ដោយការជាន់ល្បឿនពី 0 ទៅ 100km/h វាចាយពេលខ្ទង់ 8.9 វិនាទី។ ប៉ុន្តែ ម៉ូដែល Camry 2.5V ប្រើម៉ាស៊ីនសាំងសុទ្ធ គឺអាចជាន់ល្បឿនលឿនបំផុតដល់ 210km/h ខណៈម៉ូដែល Hybrid អាចជាន់ល្បឿនបានត្រឹម 180km/h។
សម្រាប់ទំងន់វិញម៉ូដែល Camry 2.5V ប្រើម៉ាស៊ីនសាំងសុទ្ធ គឺស្រាលជាងម៉ូដែលប្រើម៉ាស៊ីន Hybrid ប្រមាណ 80kg ខណៈចំនុះផ្ទុកនៃធុងសាំងធំជាងដែលអាចផ្ទុកចំណុះសាំងបានដល់ 60 លីត្រ ខណៈម៉ូដែល Hybrid អាចផ្ទុកបានចំណុះ 50 លីត្រ។ ចំពោះកម្រិតស៊ីសាំងវិញម៉ូដែល Camry 2.5V Hybrid ស៊ី 4L/100km ខណៈម៉ូដែល Non-hybrid Camry 2.5V ស៊ី 6.6L/100km។ ក្រៅតែពីការប្រើប្រាស់ម៉ាស៊ីនផ្សេងគ្នាទៅ សម្រាប់ការរចនារថយន្តទាំងពីរនេះ គឺមិនមានអ្វីខុសគ្នានោះទេ ក្នុងនោះមានដូចជាចង្កៀងខាងមុខ និងអំពូល Daytime running light រចនាបែបស្លីមប្រណិតជាប្រភេទអំពូល LED រួមនិងចង្កោមចង្កៀងខាងក្រោយជាប្រភេទ LED ភ្លឺច្បាស់រចនាឡើងយ៉ាងប្រណិតទាន់សម័យ។
នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់ទំហំ 12.3-inch ចំនួនពីរមួយជាអេក្រង់កម្សាន្តនៅកណ្តាល និងមួយទៀតជាអេក្រង់បង្ហាញព័ត៌មានរថយន្តនៅក្រោយដៃចង្កូត។ Toyota Camry 2.5V Series 2024 មានមុខងារបង្ហាញលើកញ្ចក់ដំបូលខាងមុខ Head-up display ព្រមទាំងប្រព័ន្ធបំពងសំឡេងម៉ាក JBL Speaker ចំនួន 9 គ្រាប់។
បន្ថែមពីនេះ Camry 2.5V 2024 អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto, កៅអីស្បែកមានមុខងារម៉ាស្សា និងអាចសេរ៉េបាន 8 របៀប, មានម៉ាស៊ីនត្រជាក់សម្រាប់កៅអីខាងក្រោយ, ដៃចង្កូតអេឡិចត្រូនិចមានប៊ូតុងសម្រាប់បញ្ជាមុខពិសេសមួយចំនួន, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ, មានកាមេរ៉ាមុខក្រោយ ក៏ដូចជាភ្ជាប់មកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense Advance driving assistant ថែមទៀតផង៕