no-alternative title
no-alternative title
no-alternative title
no-alternative title

Honda, Nissan និង Mitsubishi នឹងរួមបញ្ចូលគ្នាតែមួយ ក្លាយជាក្រុមហ៊ុនផលិតឡានធំបំផុតលំដាប់ទី 3 លើពិភពលោក!

ថ្មីៗនេះ ក្រុមហ៊ុន Honda និង Nissan បានប្រកាសជាផ្លូវការថា ពួកគេនឹងរៀបចំការពិភាក្សាក្នុងរយៈពេល 6 ខែខាងមុខ អំពីការរួមបញ្ចូលគ្នា ទៅជាក្រុមហ៊ុនកាន់កាប់តែមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុន Mitsubishi ដែលមានសម្ព័ន្ធភាពជាមួយ Nissan រួចស្រេចទៅហើយនោះ ក៏នឹងចូលរួមក្នុងកិច្ចពិភាក្សានេះដែរ។ ប្រសិនបើជោគជ័យ ការរួមបញ្ចូលគ្នានេះ អាចនឹងត្រូវបញ្ចប់នៅឆ្នាំ 2026 ដោយក្រុមហ៊ុន Honda រំពឹងថា នឹងកាន់កាប់តំណែងនាយកគ្រប់គ្រង និងជាប្រធាន នៃក្រុមហ៊ុនថ្មីនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាលទ្ធផល ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនផលិតឡានជប៉ុន ទាំង 3 នេះ នឹងក្លាយជាក្រុមហ៊ុនដែលមានទំហំទឹកប្រាក់ ចំនួន 50 ពាន់លានដុល្លារ ធ្វើឲ្យវាក្លាយជា ក្រុមហ៊ុនផលិតឡានធំជាងគេលំដាប់ទី 3 នៅលើពិភពលោក បើគិតពីបរិមាណលក់ ស្ថិតនៅពីក្រោយក្រុមហ៊ុន Toyota និង VW Group ប៉ុណ្ណោះ។

 

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រុមហ៊ុនផលិតឡាន ទាំង 3 នេះ បានប្រកាសថា ការរួមបញ្ចូលគ្នាដ៏មានសក្តានុពលនេះ “គឺសំដៅរក្សានូវការប្រកួតប្រជែងជាសាកល ហើយអាចឲ្យក្រុមហ៊ុនទាំង 3 បន្តផ្តល់នូវផលិតផល និងសេវាកម្មដ៏ទាក់ទាញបន្ថែមទៀត ដល់អតិថិជន នៅទូទាំងពិភពលោក”។ សូមបញ្ជាក់ផងដែរថា ដំណឹងនៃការពិភាក្សារួមបញ្ចូលគ្នានេះ ធ្វើឡើងក្នុងអំឡុងគ្រាដ៏លំបាកមួយ របស់ក្រុមហ៊ុន Nissan ដែលបានកាត់បន្ថយការងារចំនួន 9,000 និង កាត់បន្ថយចំនួនផលិត 20% ផងដែរ។

 

យ៉ាងណាក៏ដោយ ភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានឃើញតម្លៃរបស់ពួកគេកើនឡើងជាង 20 ភាគរយវិញ បន្ទាប់ពីរបាយការណ៍ដំបូងអំពីការរួមបញ្ចូលគ្នា ជាមួយក្រុមហ៊ុន Honda។ ក្រុមហ៊ុនទាំង 3 ក៏បានប្រកាសរួចទៅហើយ ពីភាពជាដៃគូ សម្រាប់ការអភិវឌ្ឍន៍ឡាន និង Software នៃឡានអគ្គិសនី កាលពីខែសីហា ឆ្នាំ 2024 កន្លងទៅ។

 

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅទីក្រុង Tokyo ក្រុមហ៊ុន Honda និង Nissan បានបង្ហាញថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដែលបង្ហាញពីការចាប់ផ្តើមនៃកិច្ចពិភាក្សាបញ្ចូលគ្នា ហើយនឹងបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីជជែក និងស្វែងរកព័ត៌មានលម្អិត។ MoU ផ្សេងគ្នាមួយទៀត ក៏ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Mitsubishi ដែលនឹងសម្រេចចិត្តលើការចូលរួមរបស់ខ្លួន នៅចុងខែមករា ឆ្នាំ 2025។

 

គោលដៅចុងក្រោយ គឺដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងចុងក្រោយ នៅខែមិថុនា ឆ្នាំ 2025។ ទោះជាយ៉ាងនេះក្តី នាយកប្រតិបត្តិក្រុមហ៊ុន Honda លោក Toshihiro Mibe បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីប្រកាសនេះ គ្រាន់តែជាការចាប់ផ្តើមនៃកិច្ចពិភាក្សាបញ្ចូលគ្នាប៉ុណ្ណោះ ដោយបន្ថែមថា "លទ្ធភាពនៃការមិនរួមបញ្ចូលគ្នា គឺមិនសូន្យនោះទេ"។

 

បើយោងតាមសារព័ត៌មាន AP បានរាយការណ៍ថា ជាដំបូង ក្រុមហ៊ុន Honda នឹងដឹកនាំក្រុមហ៊ុនថ្មី ដោយមានការខិតខំប្រឹងប្រែងដើម្បីរក្សានូវ “គោលការណ៍ និងម៉ាកយីហោរបស់ក្រុមហ៊ុននីមួយៗ”។ ក្រុមហ៊ុនមេថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតឡើងដោយការផ្ទេរភាគហ៊ុនរួមគ្នា ជាមួយនឹងសមាមាត្រដែលមិនទាន់ត្រូវបានកំណត់នៅឡើយ។ ប្រសិនបើមានការយល់ព្រមពីម្ចាស់ភាគហ៊ុន ក្រុមហ៊ុនថ្មីនេះនឹងត្រូវចុះបញ្ជីនៅផ្សារហ៊ុនតូក្យូ (Tokyo Stock Exchange) ក្នុងខែសីហា ឆ្នាំ 2026។

 

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការច្របាច់បញ្ចូលគ្នានេះរួច Honda, Nissan, និង Mitsubishi នឹងនៅតែជាម៉ាកយីហោដាច់ដោយឡែកពីគ្នា ដោយគ្រាន់តែមានការចែករំលែកនូវ គ្រោងឆ្អឹង និង ម៉ាស៊ីន ឬ ម៉ូទ័រអគ្គិសនី ឲ្យគ្នាប្រើ ទៅវិញទៅមក ប៉ុណ្ណោះ។ ការចែករំលែកបែបនេះ នឹងកាត់បន្ថយការចំណាយ និងភាពស្មុគ្រស្មាញ នៅទូទាំងផលិតផល មិនថាជាប្រភេទ ឡានប្រើម៉ាស៊ីនចំហេះក្នុង, Hybrid, Plug-in Hybrid និង អគ្គិុសនីសុទ្ធឡើយ។ មិនតែប៉ុណ្ណោះ ពួកគេនឹងសហការយ៉ាងជិតស្និទ្ធ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ឬ R&D ក៏ដូចជា សង្វាក់ផលិតកម្ម ស្របពេលដែលរួមបញ្ចូលបណ្តាញសង្វាក់ផ្គត់ផ្គង់របស់ពួកគេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម