ក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr ដែលជាបុត្រសម្ព័ន្ធរបស់ Geely Group មានប្រកាសពីគម្រោងក្នុងការឈានជើងចូលទៅក្នុងទីផ្សាររថយន្តប្រទេសកូរ៉េខាងត្បូងនៅចុងឆ្នាំ 2025 នេះ ហើយនិងត្រៀមប្រកាសចេញរថយន្តម៉ូដែល Zeekr 007 និង Zeekr X។ ដោយបច្ចុប្បន្ននេះ Zeekr បាននឹងកំពុងចចារជាមួយក្រុមហ៊ុនចែកចាយក្នុងប្រទេសកូរ៉េខាងត្បូងចំនួន 5។
សម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុន Tesla នៅក្នុងទីផ្សារកូរ៉េត្បូងបានបង្ហាញថា មានតម្រូវការសម្រាប់រថយន្តអគ្គិសនីកម្រិតខ្ពស់ នេះបើយោងតាមលោក Lee Hang-gu នាយកវិទ្យាស្ថាន Jeonbuk Institute of Automotive Convergence Technology។ លោក Lee បានបន្ថែមទៀតថា រថយន្តអគ្គិសនីឆ្លាតវៃរបស់ចិន នឹងមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់បច្ចេកវិទ្យាប្រទេសកូរ៉េខាងត្បូង។
ក្រុមហ៊ុនផលិតរថយន្តចិនផ្សេងទៀត រួមទាំង BYD ក៏កំពុងចូលទីផ្សារកូរ៉េផងដែរ។ យោងតាមសេចក្តីរាយការណ៍ថា Zeekr បានបង្កើតការិយាល័យមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆមាសទីពីរនៃឆ្នាំ 2024 ព្រមទាំងបានតែងតាំងអ្នកគ្រប់គ្រងទូទៅសម្រាប់ការិយាល័យរបស់ខ្លួនតាមរយៈគម្រោង Zeekr Korea របស់ក្រុមហ៊ុន Hyundai គឺលោក Kim Nam-ho ដែលពីមុនជាអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន BMW Korea និងអ្នកគ្រប់គ្រងផ្នែកលក់ទូទៅរបស់ Polestar Korea។
លើសពីនេះទៅទៀត Zeekr ក៏បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានល្បីឈ្មោះ Bloomberg ថា ខ្លួនគ្រោងនឹងបើកបន្ទប់តាំងបង្ហាញរថយន្ត (Showroom) នៅក្នុងទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ក្នុងឆមាសទីពីរនៃឆ្នាំ 2025 ហើយក្រុមហ៊ុន រំពឹងថានឹងចាប់ផ្តើមចែកចាយរថយន្តដល់អតិថិជនចាប់ពីត្រីមាសទី 1 ក្នុងឆ្នាំ 2026។
មកទល់ពេលនេះ Zeekr បានចូលទៅបោះទីតាំងម៉ាករថយន្តរបស់ខ្លួននៅទីផ្សារក្រៅប្រទេសចិន ដែលក្នុងនោះរួមមានប្រទេសថៃ សិង្ហបុរី ហូឡង់ ស៊ុយអែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត និងមួយចំនួនផ្សេងទៀត។ ក្នុងខែធ្នូ ឆ្នាំ 2024 កន្លងទៅ Zeekr បានចែកចាយរថយន្តចំនួន 27,190 គ្រឿង កើនឡើង 102% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយការដឹកជញ្ជូនរថយន្តចេញប្រចាំឆ្នាំ 2024 របស់ Zeekr កើនដល់ចំនួន 222,123 គ្រឿង កើនឡើង 87% ពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ទាប់មកនៅថ្ងៃទី 2 ខែមករា ឆ្នាំ 2025 ថ្មីៗនេះ លោក An Conghui ប្រធានក្រុមហ៊ុន Geely និងជានាយកប្រតិបត្តិនៃ Zeekr បានបង្ហាញថា គោលដៅលក់របស់ Zeekr សម្រាប់ឆ្នាំ 2025 គឺនឹងបង្កើនការនាំចេញរថយន្តរបស់ខ្លួនចំនួន 100,000 គ្រឿងបន្ថែម ដោយដាក់ការកំណត់គោលដៅលក់ប្រចាំឆ្នាំឲ្យបានចំនួន 320,000 គ្រឿង។ សម្រាប់លក្ខខណ្ឌនៃការធ្វើផែនការផលិតផល ក្រុមហ៊ុន Zeekr នឹងធ្វើឲ្យប្រសើរឡើងវិញ និងធ្វើបច្ចុប្បន្នភាពម៉ូដែល ដែលមានស្រាប់ រួមទាំងម៉ូដែលថ្មី Station Wagon ដែលផ្អែកទៅលើស្ថាបត្យកម្ម Zeekr 007 នៅត្រីមាសទីពីរនៃឆ្នាំ 2025។
បន្ថែមពីលើនេះ Zeekr ក៏នឹងមានការប្រកាសចេញលក់រថយន្តប្រភេទ full-size Flagship SUV នៅត្រីមាសទី 3 ហើយនិងរថយន្តប្រភេទ Medium-to-large size SUV ថ្នាក់ប្រណិតក្នុងត្រីមាសទី 4 នៃឆ្នាំ 2025។ រថយន្ត SUV ថ្នាក់ប្រណិតទាំងពីររបស់ Zeekr នឹងមានជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ និងប្រភេទកូនកាត់ម៉ាស៊ីន Hybrid ផងដែរ៕