នៅថ្ងៃទី 05 ខែមករា ក្រុមហ៊ុន Geely Group បានប្រកាសពីតួរលេខនៃការលក់រថយន្តរបស់ខ្លួនក្នុងឆ្នាំ 2024។ តាមតួរលេខបង្ហាញថា ការលក់រថយន្តរបស់ Geely Group គឺមានចំនួន 2,176,567 គ្រឿងក្នុងឆ្នាំ 2024 មានកំណើនការលក់ពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ 32% ហើយក៏ជាតួលេខលក់លើកចំនួនគោលដៅដែលក្រុមហ៊ុនបានកំនត់ក្នុងចំនួនប្រមាណ 2 លានគ្រឿង។ ការលក់នៅក្នុងខែធ្នូកន្លងទៅ Geely Group លក់រថយន្តដឹកអ្នកដំណើរបានឈានដល់ 210,055 គ្រឿង កើនឡើងជាង 43% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយក៏ជាខែទីបួនជាប់ៗគ្នាដែលមានការលក់លើសពី 200,00 គ្រឿង។
នៅក្នុងខែធ្នូ ការលក់រថយន្តអគ្គិសនីថ្មីរបស់ Geely រួមមានម៉ាក Geely, Lynk & Co, និង Zeekr មានចំនួនសរុប 111,206 គ្រឿង។ ដែលជាតួលេខឆ្លុះបញ្ចាំងពីកំណើនការលក់ពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ 93% និងបង្កើតការលក់ប្រមាណ 53% នៃការលក់សរុបរបស់ Geely ក្នុងខែធ្នូ។ នៅក្នុងប្រទេសចិន ការលក់អគ្គិសនីថ្មី ឬ NEV បានលើសពី 50% នៃការលក់សរុបក្នុងរយៈពេល 5 ខែចុងក្រោយនេះ។ ក្នុងឆ្នាំ 2024 ការលក់ NEV សរុបរបស់ Geely បានកើនឡើងដល់ចំនួន 888,235 គ្រឿង ពោលគឺ កើនឡើង 92% ធៀបនឹងឆ្នាំមុន។
ជាមួយនឹងសន្ទុះនៃការលក់ដ៏ខ្លាំង និងការផលិតផលមួយចំនួនត្រូវបានបង្កើតឡើង Geely បានកំណត់គោលដៅជម្រុញការលក់រថយន្តរបស់ខ្លួនសម្រាប់ឆ្នាំ 2025 ឲ្យបានចំនួន 2.71 លានគ្រឿង ដែលក្នុងនោះ គឺនឹងមានរថយន្តអគ្គិសនីសុទ្ធចំនួនចំនួន 1.5 លាន។ ដែលនេះមានន័យថា Geely រំពឹងថាការលក់ NEV នឹងមាន 55% នៃអាជីវកម្មសរុបរបស់ Geely Group។ រថយន្តស៊េរីថ្មីម៉ាក Geely Galaxy Series សម្រេចបានការលក់សរុបចំនួន 494,000 គ្រឿងនៅឆ្នាំ 2024 មានកំណើនប្រចាំឆ្នាំប្រហែល 80%។ ការលក់សរុបរបស់ម៉ាកយីហោផ្ទាល់ខ្លួនរបស់ Geely សម្រាប់ឆ្នាំ 2024 បានឈានដល់ 1,669,003 គ្រឿង ដែលកើនឡើងជាង 27% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។
ការចែកចាយសរុបនៃរថយន្តម៉ាក Zeekr ក្នុងឆ្នាំ 2024 ឈានដល់ចំនួន 222,123 គ្រឿង កើនឡើង 87% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យការចែកចាយសរុបរបស់ Zeekr ដល់ជិត 420,000 គ្រឿង។ ចំពោះការការនាំចេញ និងការលក់នៅលើទីផ្សារប្រទេសក្រៅពីចិន ក្រុមហ៊ុន Geely Automobile Group សម្រាប់ឆ្នាំ 2024 ឈានដល់ 403,923 គ្រឿង កើនឡើងជាង 53% ពីមួយឆ្នាំទៅមួយឆ្នាំ។ Geely Galaxy ដែលជាម៉ាក អគ្គិសនីថ្មី (NEW) ដ៏សំខាន់បំផុតរបស់ Geely ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញម៉ូដែលថ្មីចំនួន 5 នៅឆ្នាំ 2025 ដែលក្នុងនោះមានរថយន្តប្រភេទ SUV ចំនួនពីរ និងរថយន្តប្រភេទ sedan ចំនួន 3។
លើសពីនេះ Geely នឹងណែនាំម៉ូដែលម៉ាស៊ីនចំហេះក្នុង (ICE) ជំនាន់ថ្មីចំនួនពីរ។ Geely ក៏បានច្របាច់បញ្ចូលរថយន្តភីកអាប់ម៉ាក Radar ចូលទៅក្នុង Geely Auto Group ដើម្បីសម្រួលប្រតិបត្តិការបន្ថែមទៀត។ Geely បានកំណត់គោលដៅបង្កើនចំនែកទីផ្សារ 15.6% សម្រាប់ទីផ្សារក្រៅប្រទេសក្នុងឆ្នាំ 2025។ ជាមួយគ្នានេះ Geely ក៏គ្រោងបង្កើតរោងចក្រផលិតក្នុងប្រទេសឥណ្ឌូនេស៊ី វៀតណាម អាស៊ីកណ្តាល និងអាហ្វ្រិក ថែមទៀត។ បន្ថែមពីនេះ Geely ក៏មានគម្រោងក្នុងការបើកហាងលក់រថយន្តសរុបចំនួន 1,100 នៅទូទាំងពិភពលោកក្នុងឆ្នាំ 2025 ផងដែរ៕