កាលពីថ្ងៃទី 5 ខែមករា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling ឬហៅកាត់ថា SGMW បានប្រកាសជាផ្លូវការថា រថយន្តទី 30 លានគ្រឿងរបស់ខ្លួន គឺ Wuling Starlight S បានរំកិលចេញពីខ្សែសង្វាក់ផលិតកម្ម ដែលបានធ្វើឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (JV) ក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនដំបូងគេដែលសម្រេចបាននូវផលិតកម្ម និងការលក់ចំនួនទី 30 លានគ្រឿង។
នៅក្នុងឆ្នាំ 2013 រថយន្តទី 10 លានរបស់ SGMW បានរំកិលចេញពីខ្សែសង្វាក់ផលិតកម្ម។ បន្ទាប់មកនៅឆ្នាំ 2019 រថយន្តទី 20 លានគ្រឿងបានរំកិលចេញពីខ្សែសង្វាក់ផលិតកម្ម ហើយឥឡូវនេះនៅក្នុងឆ្នាំ 2025 រថយន្តទី 30 លានគ្រឿងក៏បានរំកិលចេញពីខ្សែសង្វាក់ផលិតកម្មទៀត។
SGMW ក៏បានចង្អុលបង្ហាញថា រថយន្តថាមពលថ្មី (NEVs) បានដើរតួនាទីសំខាន់ក្នុងការបង្កើនល្បឿនសមិទ្ធិផលដ៏អស្ចារ្យនេះ។ ម៉ូដែល NEV សរុបចំនួន 10 ត្រូវបានចេញលក់កាលពីឆ្នាំមុន។ ការលក់សរុបរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (SGMW) ក្នុងឆ្នាំ 2024 មានចំនួន 1.54 លានគ្រឿង ដែលក្នុងនោះការលក់រថយន្ត NEV លើសពី 800,000 គ្រឿង ដែលស្មើនឹងជាង 50% នៃចំនួនលក់សរុប ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ 63%។
គិតត្រឹមដំណាច់ឆ្នាំ 2024 ការលក់ NEV របស់ SGMW បានកើនឡើងលើសពី 2.4 លានគ្រឿង។ SGMW បានក្លាយជាក្រុមហ៊ុននាំចេញដ៏សំខាន់របស់ SAIC ទៅកាន់ទីផ្សាររថយន្តសកល។ ប្រទេសដំបូងដែលក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ បាននាំចេញរថយន្តរបស់ខ្លួន គឺប្រទេសថៃក្នុងឆ្នាំ 1990 ជាមួយរថយន្តធុនតូចម៉ូដែល Z110 ដែលមានចំនួន 15 គ្រឿង។
ឥឡូវនេះ SGMW នាំចេញទៅកាន់ទីផ្សារជិត 40 ប្រទេសនៅទូទាំងពិភពលោក។ លើសពីនេះ SGMW គឺជាក្រុមហ៊ុនផលិតរថយន្តចិនដំបូងគេដែលបានសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ រហូតមកដល់ពេលនេះ Wuling បានដាក់លក់ម៉ូដែលចំនួន 9 ប្រទេសឥណ្ឌូនេស៊ី ដែលក្នុងនោះរួមមានម៉ូដែល Wuling Air EV, Bingo EV និង Cloud EV។
នៅក្នុងពេលជាមួយគ្នានេះដែរ នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024, Wuling បានក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនដំបូងគេដែលសម្រេចបាននូវការផលិតថាមពលថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោក Zhou Yan អ្នកគ្រប់គ្រងទូទៅនៃម៉ាកសញ្ញា និងការទំនាក់ទំនងរបស់ SGMW បានបង្ហាញថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (Joint Venture) នឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ new architecture platform សម្រាប់ម៉ូដែលរថយន្តថ្នាក់ប្រណិតស៊េរីថ្មី ដែលនឹងចេញលក់នៅឆមាសទីមួយនៃឆ្នាំ 2025៕