Xiaomi គឺជាក្រុមហ៊ុនផលិតរថយន្តដៃថ្មីក្នុងវិស័យរថយន្តអគ្គិសនី ប៉ុន្តែ ក្រុមហ៊ុនដែលបានវិវត្តន៍ខ្លួនពីក្រុមហ៊ុនផលិតស្មាតហ្វូន និងគ្រឿងបរិក្ខាអេឡិចត្រូនិចចម្រុះ ដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះ ហាក់ទទួលបានផ្លែផ្កាខ្លាំងនៅក្នុងទីផ្សាររថយន្ត។ Xiaomi បានប្រកាសចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនឈ្មោះថា SU7 ជាផ្លូវការណ៍កាលពីថ្ងៃទី 28 ខែមិនា ឆ្នាំ 2024 ហើយបើគិតត្រឹមដំណាច់ឆ្នាំ 2024 ថ្មីៗនេះ Xiaomi បានធ្វើការនាំចេញរថយន្ត SU7 បានចំនួន 135,000 គ្រឿង ដែលជាតួរលេខខ្ពស់ជាងការរំពឹងទុករបស់ខ្លួនទៅទៀត។
ដើមឡើយ Xiaomi EV មានគម្រោងក្នុងការនាំចេញ Xiaomi SU7 ចំនួន 100,000 គ្រឿងក្នុងឆ្នាំ 2024 ក្រោយមកទៀតក៏បានធ្វើការកែប្រែមកចំនួន 120,000 គ្រឿង និងចុងក្រោយឡើងដល់ចំនួន 130,000 គ្រឿង មានន័យថា Xiaomi បានកែប្រែទិន្នន័យក្នុងការនាំចេញរថយន្តរបស់ខ្លួន 3 ដង ក្នុងឆ្នាំ 2024។ ជាមួយភាពជោគជ័យខ្លាំងក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួន នៅពេលនេះលោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi បានប្រកាសនៅក្នុងកម្មវិធី New Year Eve Broadcast ថ្មីៗនេះថា Xiaomi បានដាក់គោលដៅថ្មីសម្រាប់ការនាំចេញរថយន្តរបស់ខ្លួនឲ្យបានចំនួន 300,000 គ្រឿងនៅឆ្នាំ 2025 នេះ។ លោក Jun ថ្លែងថា មានអតិថិជនប្រមាណ 30% ដែលបានធ្វើការកុម្ម៉ង់ SU7 តាមរយះអនឡាញដោយមិនធ្វើតេស្តបើករថយន្តដោយផ្ទាល់។
បច្ចុប្បន្ន Xiaomi មិនមានដៃគូសហការសម្រាប់ការចែកចាយរថយន្តរបស់ខ្លួននៅលើទីផ្សារនោះទេ ដោយក្រុមហ៊ុនធ្វើការលក់រថយន្តរបស់ខ្លួនដោយផ្ទាល់ទៅកាន់អតិថិជនតែម្តង។ ក្នុងឆ្នាំ 2024 ដែលទើបកន្លងទៅថ្មីៗនេះ Xiaomi Auto បានបើកហាងលក់រថយន្តរបស់ខ្លួនចំនួន 200 ហាងនៅទូទាំងរាជធានីក្រុងចំនួន 58 របស់ប្រទេសចិន។ Xiaomi បានចូលប្រឡូកក្នុងវិស័យរថយន្តអគ្គិសនីពេលដៃនៅក្នុងមិនា ឆ្នាំ 2021។ នៅរយះពេល 3 ឆ្នាំបន្ទាប់មក រថយន្តអគ្គិសនីដំបូងរបស់ Xiaomi បានលេចវត្តមានឡើងនៅលើទីផ្សារជាផ្លូវការណ៍ក្រោមស្លាកឈ្មោះថា Xiaomi SU7 ដែលជាប្រភេទរថយន្ត Sedan និងបានប្រកាសចេញលក់នៅរយះពេល 24 ម៉ោងបន្ទាប់ពីការបង្ហាញវត្តមាន។
Xiaomi SU7 គឺជាដៃគូប្រជែងទីផ្សារជាមួយរថយន្ត Tesla Model 3 ហើយវាមានតម្លៃចាប់ពីខ្ទង់ $29,570 នៅទីផ្សារប្រទេសចិន។ SU7 ជារថយន្ត Sedan ដែលមានបណ្តោយខ្លួនជិត 5 ម៉ែត្រ និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3 ម៉ែត្រ។ សម្រាប់ម៉ូដែលស្តង់ដារ SU7 ប្រើប្រាស់កញ្ចាប់ថ្មប្រភេទ LFP របស់ BYD មានទំហំ 73.6kWh សាកពេញម្តងអាចបើកបានចម្ងាយផ្លូវ 700km។ ចំនែកម៉ូដែល SU7 Max ប្រើកញ្ចប់ថ្មប្រភេទ NMC ទំហំ 101kWh របស់ CALT សាកពេញម្តងអាចបើកបានចម្ងាយ 800km។ ម៉ូដែល Max ប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរមានកំលាំងសរុប 495kW ឬ 664 សេះ និងកំលាំងរមូល 838Nm។
ក្នុងឆ្នាំ 2025 នេះ Xiaomi មានគម្រោងក្នុងការប្រកាសចេញរថយន្តស៊េរីថ្មីចំនួនពីរម៉ូដែលបន្ថែមទៀត ក្នុងនោះមានម៉ូដែល Xiaomi SU7 Ultra ដែលជា Super sport Car ស្ថិតក្នុងគ្រួសារ SU7 Series។ ម៉ូដែលនេះត្រូវបានគេដឹងថា បំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 អាចផលិតកំលាំងបានដល់ 1,526 សេះ និងកំលាំងរមូល 1,770Nm ដែលអាចជាន់ស្ទុះពី 0 ទៅ 100km/h ចាយពេលប្រមាណ 1.98 វិនាទី និង 200km/h ចាយពេលប្រមាណ 5.86 វិនាទី។ Xiaomi SU7 Ultra ត្រូវបានក្រុមបើកទទួលកក់មុនកាលពីខែតុលា ឆ្នាំ 2024 ដែលមានតម្លៃចាប់ពីខ្ទង់ 814,900 យាន់ ឬប្រហែល 114,200 ម៉ឺនដុល្លារ។ រីម៉ូដែលថ្មីមួយទៀត ឬជាម៉ូដែលទីពីររបស់ Xiaomi ត្រូវបានគេស្គាល់ថាជា Xiaomi YU7 ដែលជាប្រភេទរថយន្ត Crossover SUV៕