នៅទីបំផុតក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលរបស់ប្រទេសចិន Build Your Dreams ឬគេស្គាល់ថា BYD បានប្រកាសជាផ្លូវការណ៍ក្នុងការឈានជើងចូលទីផ្សាររថយន្តប្រទេសកូរ៉េខាងត្បូង។ បើតាមសេចក្តីប្រកាសរបស់ BYD បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការឈានជើងចូលទីផ្សារកូរ៉េខាងត្បូងជាផ្លូវការណ៍នៅថ្ងៃទី 16 ខែមករា ឆ្នាំ 2025 ខាងមុខនេះ។ ក្រុមហ៊ុន BYD បានធ្វើការរៀបចំទីតាំងហាងលក់របស់ខ្លួនរួចរាល់ហើយដែលមានចំនួន 15 ហាង ស្ថិតនៅក្នុងទីក្រុងធំចំនួនពីររបស់កូរ៉េខាងត្បូងមានទីក្រុងសេអ៊ួល និងប៊ូសាន។
ជាមួយគ្នានេះ BYD ក៏បានប្រកាសពីគម្រោងក្នុងការនាំចេញរថយន្តចំនួន 10,000 គ្រឿងនៅក្នុងទីផ្សាររថយន្តរបស់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ 2025 នេះ។ សម្រាប់រថយន្តម៉ូដែលដំបូងដែលត្រៀមនាំចូលទីផ្សារប្រទេសកូរ៉ខាងត្បូង គឺមាន BYD Atto 3, BYD Seal និង BYD Dolphine ដែលជាប្រភេទរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា BYD ហាក់មានភាពប្រឈមនឹងការប្រគូតប្រជែងខ្លាំងជាងទីផ្សារប្រទេសជប៉ុន នោះក៏ដោយសារតែទីផ្សាររថយន្តប្រទេសកូរ៉េខាងត្បូង មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗប្រចាំប្រទេសដូចជា Kia និង Hyundai ជាដើម ដែលក្រុមហ៊ុនទាំងពីរនេះ គឺជាក្រុមហ៊ុនដែលទាញបានការចាប់អារម្មណ៍ និងភាពជឿទុកចិត្តខ្លាំងរួចហើយសម្រាប់រថយន្តដំណើរការដោយថាមពលអគ្គិសនី។ បច្ចុប្បន្ន Hyundai និង Kia បាននឹងកំពុងគ្រប់គ្រង់ចំនែកទីផ្សាររថយន្តអគ្គិសនីប្រទេសកូរ៉េខាងត្បូងទាំងការផលិត និងការលក់។
បើទោះជាយ៉ាងនេះក្តី សម្រាប់ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសកូរ៉េមានភាពប្រែប្រួល។ ដោយសារតែការលក់រថយន្តអគ្គិសនីបានធ្លាក់ចុះប្រមាណ 24.8% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ការលក់រថយន្តអគ្គិសនីក្នុងកំឡុងឆ្នាំ 2024 គឺមានចំនួនតិចជាង 122,300 គ្រឿង។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររថយន្ត Statista របស់កូរ៉េខាងត្បូងបានបង្ហាញរបាយការណ៍នៅខែមករាឆ្នាំ 2024 ដោយបានបង្ហាញថា មានអ្នកប្រើប្រាស់រថយន្តប្រមាណជា 42.7% កំពុងពិចារណាក្នុងការទិញប្រើរថយន្តអគ្គិសនី។ កាលពីពីរឆ្នាំមុន BYD បានចូលទីផ្សារជប៉ុនក្នុងខែមករា ឆ្នាំ 2023 បើយោងតាមស្ថិតិសម្រាប់ឆមាសទីមួយនៃឆ្នាំ 2024, BYD បានកាន់កាប់ចំនែកទីផ្សារប្រមាណ 2.7% នៃទីផ្សាររថយន្តអគ្គិសនីរបស់ជប៉ុន។
ហើយបើផ្អែកលើលទ្ធផលនេះ គោលដៅនៃការលក់ចំនួន 10,000 គ្រឿងក្នុងឆ្នាំ 2025 នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងរបស់ BYD ត្រូវបានគេមើលឃើញថាហាក់មានភាពតឹងតែងបន្តិច នោះក៏ព្រោះថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងមានក្រុមហ៊ុនផលិតរថយន្តខ្លាំងប្រចាំប្រទេស ហើយអ្នកប្រើប្រាស់ក៏បានពេញចិត្តនឹងម៉ាកយីហោរថយន្តដែលផលិតនៅក្នុងស្រុករួចទៅហើយ។ ដូចនេះ រងចាំមើលថា តើ BYD អាចបង្កើតទីផ្សាររថយន្តរបស់ខ្លួនឲ្យបាន 8% ដែលបានគ្រោងទុកកាលពីឆ្នាំ 2024 សម្រាប់ទីផ្សារប្រទេសទាំងពីរបានដែរ ឬទេ៕