លោក Andy An ប្រធានក្រុមហ៊ុន Geely Group បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Zeekr ដែលជាម៉ាករថយន្តរងរបស់ Geely បានត្រៀមប្រកាសចេញរថយន្តស៊េរីថ្មីចំនួន 3 ម៉ូដែលនៅឆ្នាំ 2025 នេះ ដោយក្នុងនោះមានពីរម៉ូដែលជារថយន្តប្រភេទ Plug-in-Hybrid និងមួយម៉ូដែលទៀតជាម៉ូដែល Station Wagon របស់ Zeekr 007។ Zeekr ត្រូវបានប្រើជាឈ្មោះសម្រាប់ម៉ាករថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធស្ថិតក្រោមដំបូលរបស់ Geely Group ប៉ុន្តែ ក្នុងឆ្នាំ 2025 នេះម៉ាករថយន្តមួយនេះ នឹងមានការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការផលិតរថយន្តរបស់ខ្លួន នោះក៏ដោយសារតែអ្នកប្រើប្រាស់រថយន្តក្នុងប្រទេសចិនបានងាកមកចាប់អារម្មណ៍ប្រើរថយន្តប្រភេទ PHEV ឬ Plug-in-hybrid ច្រើន។
បើតាមរបាយការណ៍បានបញ្ជាក់ថា Zeekr នឹងបញ្ចេញម៉ូដែល Zeekr 007 Wagon នៅត្រីមាសទីពីរក្នុងឆ្នាំ 2025។ Zeekr 007 Wagon ត្រូវបានបែកធ្លាយរូបភាពគំរូកាលពីខែវិចិ្ឆកាឆ្នាំ 2024 ជាមួយការប្រើប្រាស់លេខកូដតួរ CC1E។ Zeekr 007 គឺជាដៃគូប្រជែងជាមួយ Tesla Model 3 នៅទីផ្សារប្រទេសចិន។ ចំពោះម៉ូដែល Top Trim level របស់ Zeekr 007 ត្រូវបានបំពាក់ដោយកញ្ចប់ថ្មអគ្គិសនី NMC ទំហំ 100kWh របស់ក្រុមហ៊ុន CATL ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 660km។ រថយន្តអគ្គិសនី Sedan មួយនេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរមានកំលាំងសរុប 475kW ដែលមានសមត្ថភាពអាចជាន់ល្បឿនស្ទុះពី 0 ទៅ 100km/h ចាយពេលខ្ទង់ 2.8 វិនាទី។ Zeekr 007 មានប្រវែងបណ្តោយខ្លួន 4.9 ម៉ែត្រ និងចេញលក់ក្នុងតម្លៃខ្ទង់ប្រហែល 209,900 យាន់ ឬប្រហែល 28,750 ដុល្លារអាមេរិក។
ក្រុមហ៊ុន Zeekr ត្រូវបានគេដឹងថា នឹងធ្វើការប្រកាសចេញរថយន្តប្រភេទ Large-Flagship SUV ដែលមានលេខកូដ DX1E នៅត្រីមាសទី 3 នៃឆ្នាំ 2025 ដែលមានជម្រើសប្រើអគ្គិសនីសុទ្ធ និង Plug-in-hybrid។ ហើយនៅក្នុងត្រីមាសទី 4 ក្រុមហ៊ុននេះក៏នឹងមានការបង្ហាញចេញម៉ូដែល Mid-size SUV មួយទៀតដែលមានលេខកូដ EX1E ដែលមានជម្រើសប្រើអគ្គិសនីសុទ្ធ និង Plug-in-hybrid។ ជាមួយគ្នានេះ Zeekr ក៏ត្រៀមធ្វើការបង្ហាញចេញបច្ចេកវិទ្យាប្រព័ន្ធ Hybrid ជំនាន់ថ្មី ដែលលោក Andy An ហៅថា Super Hybrid System នៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show ដែលនឹងរៀបចំធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ 2025។
រថយន្តដំណើរការដោយបច្ចេកវិទ្យាម៉ាស៊ីន Hybrid ចាប់ផ្តើមមានការពេញនិយមប្រើប្រាស់ខ្លាំងនៅទីផ្សារប្រទេសចិន។ យោងតាមស្ថិតិបានបង្ហាញថា គិតចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ 2024 រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (All-electric vehicle) មានកំណើនកើនឡើងប្រមាណ 15.6% ដោយលក់បានចំនួន 6,741,000 គ្រឿង និងរថយន្តកូនកាត់ ឬ PHEV (Plug-in-hybrid) បានកើនឡើងប្រមាណ 88.4% ដោយលក់បានចំនួន 4,515,000 គ្រឿង។ លោក Andy An បានបញ្ជាក់ថា Zeekr នឹងធ្វើការនាំចេញរថយន្តឲ្យបានចំនួន 320,000 គ្រឿងក្នុងឆ្នាំ 2025 ដែលជាចំនួនកើនឡើងជិត 100,000 គ្រឿងធៀបនឹងការនាំចេញចំនួន 222,123 គ្រឿងក្នុងឆ្នាំ 2024។ ជាងនេះទៅទៀត Zeekr បានពង្រីកហាងលក់របស់ខ្លួននៅទីផ្សារសកលបានចំនួន 150 ហាង ក្នុងឆ្នាំ 2024 ដែលធ្វើឲ្យចំនួនហាងលក់របស់ក្រុមហ៊ុនកើនចំនួនដល់ 538 ហាង។
Zeekr គឺជាចំណែកមួយនៃអាជីវកម្មរថយន្តរបស់ Geely Group ដែលបានកំណត់គោលដៅក្នុងការនាំចេញរថយន្តរបស់ខ្លួនឲ្យបាន 2.71 លានគ្រឿងក្នុងឆ្នាំ 2025 ដោយក្នុងចំនួននេះអាចនឹងមានរថយន្តអគ្គិសនី ចំនួន 1.5 លានគ្រឿង។ Zeekr លក់រថយន្តបានចំនួន 222,123 គ្រឿងនៅទូទាំងទីផ្សារសកលក្នុងឆ្នាំ 2024 កើនឡើងប្រមាណ 87.3% ធៀបនឹងចំនួន 118,585 គ្រឿងដែលបានលក់នៅក្នុងឆ្នាំ 2023៕