នៅថ្ងៃនេះ សមាជិកមួយក្នុងចំណោមស្មាតហ្វូន S25 Series ត្រូវបានគេប្រទះឃើញឆ្លងកាត់ការចុះបញ្ជីតេស្តសមត្ថភាពហើយ។ បើតាមការបញ្ជាក់នៅលើបញ្ជី GeekBench បង្ហាញថា ស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S25 គឺដំណើរការនៅលើបបន្ទះឈីប Qualcomm Snapdragon 8 Elite រួមជាមួយរ៉េមទំហំ 12GB។ ដូច្នេះផ្អែកតាមព័ត៌មានខាងលើនេះ គឺបញ្ជាក់ច្បាស់ថា ក្រុមហ៊ុន Samsung គឺពិតជាមានការបន្ថែមទំហំរ៉េមសម្រាប់ស្មាតហ្វូនម៉ូដែល Samsung Galaxy S25 ដូចការលើកឡើងកន្លងមកអញ្ចឹង។
ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូន Galaxy S25 នឹងមានការប្រើប្រាស់នូវបន្ទះឈីប ‘Snapdragon 8 Elite for Galaxy’ ដែលមានល្បឿនរត់បាន 4.47GHz ខ្ពស់ជាងបន្ទះឈីប Snapdragon 8 Elite ធម្មតាដែលមានល្បឿនត្រឹមតែ 4.32GHz ប៉ុណ្ណោះ។ ស្មាតហ្វូន Galaxy S25 ថ្មីនេះ គឺមានលេខម៉ូដែល SM-S931B នឹងទទួលបាននូវពិន្ទុ 2986 ទៅលើការតេស្ត Single Core និង 9355 ទៅលើការតេស្ត Multi Core។
ពិន្ទុនេះ គឺទាបជាងពិន្ទុរបស់ Galaxy S25 Ultra ដែលបានបង្ហាញខ្លួននៅលើបញ្ជី GeekBench កាលពីខែវិច្ឆិកាឆ្នាំ 2024។ ជាមួយគ្នានេះ នៅលើបញ្ជីអនឡាញនេះ ក៏មានការបញ្ជាក់ផងដែរថា ស្មាតហ្វូននេះ នឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 15 OS ចេញពីប្រអប់ថែមទៀតផង។ សូមជំរាបថា ថ្មីៗនេះ ក៏មានការលេចធ្លាយព័ត៌មានថ្មីថា ស្មាតហ្វូន Galaxy S25 series ក៏អាចនឹងមានការប្រើប្រាស់នូវមុខងារ car crash detection ដូច iPhones ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានលក់នៅលើទីផ្សារនាថ្ងៃទី 3rd ខែកុម្ភៈឆ្នាំ 2025។