ក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍រថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda 6e ហើយក៏បានបញ្ជាក់ពីការប្រកាសចេញលក់នៅទីផ្សារចក្រភពអង់គ្លេសជាមួយម៉ូដែលចង្កូតស្តាំផងដែរ។ រថយន្តអគ្គិសនីប្រភេទ Sedan ដ៏ប្រណិតរបស់ជប៉ុនមួយនេះ ត្រូវបានគេជឿជាក់ជាថាជាដៃគូប្រជែងជាមួយនឹងម៉ូដែលរថយន្ត Tesla Model 3។
Mazda 6e EV ស៊េរីឆ្នាំ 2025 បានបង្ហាញខ្លួនលើកដំបូងក្នុងទីក្រុង Brussels នៅក្នុងព្រឹត្តិការណ៍ Brussels Auto Show។ Mazda 6e EV Sedan ឆ្នាំ 2025 នឹងត្រូវចេញលក់ផ្លូវការណ៍នៅទីផ្សារអឺរ៉ុបក្នុងខែមិថុនា និងទីផ្សារចក្រភពអង់គ្លេសនៅក្នុងនៅឆ្នាំក្រោយ (2026)។
សម្រាប់ព័ត៌មានលម្អិតរបស់ Mazda 6e ស៊េរីថ្មីឆ្នាំ 2025 មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហាញលម្អិតនៅឡើយតែ ប៉ុន្តែ រថយន្តអគ្គិសនី sedan ស៊េរីថ្មីនេះ នឹងបំពាក់កញ្ចប់ថ្មទំហំ 68.8kWh ជាប្រភេទកញ្ចប់ថ្ម Lithium-Ion Phosphate (LFP) ឬក៏ទំហំ 80kWh ជាប្រភេទកញ្ចប់ថ្ម Nickel manganese cobalt (NCM)។
សម្រាប់កញ្ចប់ទំហំតូច (80kWh) ត្រូវបានគេដឹងថា សាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 479km ខណៈម៉ូដែល long-range អាចបើកបានចម្ងាយផ្លូវ 552km នៅពេលសាកភ្លើងពេញម្តង។ សម្រាប់ជម្រើសទាំងពីរម៉ូដែលនេះ គឺដំណើរការដោយប្រព័ន្ធម៉ូទ័រអេឡិចត្រិចមួយបំពាក់នៅភ្លៅខាងក្រោយដែលអាចមានកំលាំង 180kW និងកំលាំងរមូល 320Nm ដែលអាចជាន់ល្បឿនស្ទុះពី 0 ទៅ 100km/h ចាយពេលប្រមាណ 7.6 វិនាទី (LFP) និង 7.8 វិនាទី (NCM)។
សម្រាប់ការសាកភ្លើងចូលវិញ Mazda 6e EV ឆ្នាំ 2025 នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កំលាំងដល់ 200kW ដោយសារភ្លើងពី 10 ទៅ 80% ចាយពេលប្រមាណ 22 នាទីសម្រាប់ម៉ូដែលប្រើថ្ម LFP និង 45 នាទីសម្រាប់ម៉ូដែលប្រើថ្ម NCM)។
សូមបញ្ចាក់ថា Mazda 6e EV ស៊េរីថ្មីឆ្នាំ 2025 គឺជាម៉ូដែលជំនាន់ទីបី ដែលផលិតឡើងដោយការសហការផលិតរថយន្តក្រុមហ៊ុនចិន Changan និងក្រុមហ៊ុនជប៉ុន Mazda។ រថយន្តអគ្គិសនីស៊េរីថ្មីនេះបានប្រើប្រាស់គ្រោងឆ្អឹង EPA1 platform របស់ Changan ដែលធ្វើឲ្យរថយន្ត Sedan របស់ Mazda មួយនេះមានប្រវែង 4,921mm/ទទឹង 1,890mm/ កំពស់ 1,491mm។ Mazda 6e ឆ្នាំ 2025 មានបណ្តោយខ្លួនវែងជាង 201mm/ ទទឹងធំជាង 40mm និងកំពស់ខ្ពស់ជាង 50mm ធៀបនឹងរថយន្ត Tesla Model 3។ នៅទីផ្សារប្រទេសចិន Mazda ក៏បានបន្ថែមនូវជម្រើស Plug-in-hybrid មួយទៀតផងដែរ ដោយម៉ូដែល PHEV ប្រើកញ្ចប់ថ្មដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 200km។
យ៉ាងណាមិញសម្រាប់ការប្រកាសចេញលក់ Mazda 6e ឆ្នាំ 2025 នៅទីផ្សារប្រទេសអូស្ត្រាលីដែលជាប្រទេសប្រើរថយន្តចង្កូតស្តាំ មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ ប៉ុន្តែ មានការព្យាករណ៍ថា Mazda 6e ឆ្នាំ 2025 ទំនងជាបង្ហាញវត្តមានលើកដំបូងក្នុងទឹកដីប្រទេសអូស្ត្រាលីនៅឆមាសទីពីរក្នុងឆ្នាំ 2026៕