ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 Pro បានបង្ហាញវត្តមានចេញលក់នៅលើទីផ្សារសកលរួចហើយ បន្ទាប់ពីការចេញលក់នៅទីផ្សារប្រទេសចិនកាលពីអំឡុងខែតុលា ឆ្នាំ 2024។ ការបង្ហាញវត្តមាននៅលើទីផ្សារសកល គឺមានពីរម៉ូដែលមានដូចជា Magic 7 Lite និង Magic 7 Pro។ ទន្ទឹមនឹងនេះ Honor ក៏បានធ្វើការប្រកាសពីការដាក់ឲ្យធ្វើបច្ចុប្បន្នភាពសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ។
បើតាមការបញ្ជាក់ពី Honor បានឲ្យដឹងថា Magic 7 Pro នឹងទទួលបានការធ្វើបច្ចុប្បន្នប្រតិបត្តិការណ៍ Android ចំនួន 5 ដង ឬ 5 ជំនាន់ ឬ 5 ឆ្នាំ មានន័យថា ស្មាតហ្វូននេះទទួលបានការធ្វើបច្ចុប្បន្នភាពកម្មវិធីថ្មីរហូតដល់ឆ្នាំ 2030។ ផ្ទុយពី Honor Magic 6 Pro ដែលទទួលបានការធ្វើបច្ចុប្បន្ន Android បួនជំនាន់ គឺចាប់ពី Android 14 ដល់ Android 18។
អីចឹងសម្រាប់ Honor Magic 7 Pro គឺអាចធ្វើបច្ចុប្បន្នពីជំនាន់ Android 15 ដល់ Android 20។ ទោះជាយ៉ាងណាការផ្តល់ជូនការធ្វើបច្ចុប្បន្នភាព Android ពីក្រុមហ៊ុន Honor គឺនៅតាមពីក្រោយ Samsung និង Google ដែលដាក់ឲ្យធ្វើបច្ចុប្បន្ន Android សម្រាប់កំពូលស្មាតហ្វូនរបស់ខ្លួនម្នាក់ៗដល់ទៅ 7 ឆ្នាំ ឬ 7 ជំនាន់។
Honor Magic 7 Pro ជាស្មាតហ្វូនបំពាក់អេក្រង់ LTPO-AMOLED គាំទ្រកម្រិតបង្ហាញ 1280 x 2800px ជាមួយល្បឿន refresh rate 1-120Hz ជាមួយកម្រិតពន្លឺ peak brightness 1,600nits និងអាចបង្កើនដល់ 5,000nits សម្រាប់មាតិកា HDR។ បន្ទះអេក្រង់របស់ Magic 7 Pro ក៏គាំទ្រនៅកម្រិត high-frequency PWM dimming រហូតដល់ 4,320Hz។ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ភ្ជាប់ជាមួយរ៉េមទំហំ 12GB។ Honor Magic 7 Pro មានថ្មទំហំ 5,270mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 100W ទាំងការសាកដោយខ្សែ និងមិនប្រើខ្សែ។
ស្មាតហ្វូនស៊េរីថ្មីនេះមានការមេរ៉ាក្រោយទំហំ 50MP ខ្នាត 1/1.3-inch ជាកាមេរ៉ាគោល, សែនស័រ Periscope ទំហំ 200MP និង Ultrawide ទំហំ 50MP រួមជាមួយសែនស័រសែលហ្វីទំហំ 50MP គាំទ្រជាមួយមុខងារ 3D Face-scanner។ Honor Magic 7 Pro ដំណើរការដោយ MagicOS 9.0 នៅលើ Android 15 ដែលមានមុខងារប្រើប្រាស់ឆ្លាតវៃដូចជា Magic Portal, AI-powered Honor Notes, real-time AI translation, និង Gemini AI ជាដើម។ អ្វីដែលពិសេស Magic 7 Pro គាំទ្រនូវប្រព័ន្ធការពារទឹក និងធូលីកម្រិត IP68/IP69 ហើយក៏អាចការពារជាមួយទឹកក្តៅបានថែមទៀតផង៕