យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Honor បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនបត់បានជាច្រើនម៉ូដែល ដែលមានម៉ូដែលទាំងនោះ មានរូបរាងស្តើងជាងមុន ហើយនិងមានថាមពលថ្មធំជាងមុនថែមទៀតផង។ បើតាមការបែកធ្លាយថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមក្នុងការធ្វើការនៅលើស្មាតហ្វូន បត់បានជំនាន់ថ្មីរបស់ខ្លួនផងដែរ។ សម្រាប់ការ upgrade ដ៏ធំមួយនៅលើស្មាតហ្វូនទាំងនេះ គឺទៅលើថាមពលថ្ម។
គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បានបង្ហាញនូវស្មាតហ្វូន Clamshell បត់បានដំបូងបំផុតរបស់ខ្លួន ដែលមានឈ្មោះហៅថា Magic V Flip។ បន្ទាប់មក ក្រុមហ៊ុននេះ ក៏បន្តបង្ហាញនូវស្មាតហ្វូន Magic V3 ដែលជាស្មាតហ្វូនដែលមានរូបរាងស្តើងបំផុតផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតនោះគឺ Honor Magic V4 និង Magic V Flip 2។ ស្មាតហ្វូនទាំងពីរនេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំនេះជាមួយនឹងការពង្រឹងទៅលើសមត្ថភាពជាច្រើនផងដែរ។
SmartPikachu បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor នេះ (Magic V4 និង V Flip 2) នេះ អាចនឹងមានរូបរាងស្តើង និងការឌីស្សាញជាមួយនឹងទម្ងន់ស្រាលរួមជាមួយនឹងថាមពលថ្មដែលមានដង់ស៊ីតេខ្ពស់ជាងមុនថែមទៀតផង។ អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូនបត់បាន Magic V4 ថ្មីនេះ នឹងមានថាមពលថ្មទំហំ 6000mAh។ បើមើលទៅលើស្មាតហ្វូន Honor Magic V3 គឺមានថាមពលថ្មទំហំ 5150mAh ជាមួយនឹងបច្ចេកវិទ្យាសាក 50W wireless និង 5W reverse wired charging ថែមទៀតផង។
សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនអេក្រង់បត់បាន Magic V Flip 2 នៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែយើងអាចនឹងទទួលបាននូវព័ត៌មានរបស់ស្មាតហ្វូននេះ ជាបន្តទៀតមុនការប្រកាសជាផ្លូវការណ៌។ ស្មាតហ្វូនបត់បានជំនាន់មុន គឺមានថាមពលថ្មទំហំ 4800mAh។ ក្រុមហ៊ុន Honor នឹងប្រើប្រាស់នូវថាមពលថ្មធំជាងមុនជាក់ជាមិនខាននៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ៕